ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានពិភាក្សាជាមួយតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើរការបោះឆ្នោត និងការទប់ស្កាត់ព័ត៌មានមិនពិតក្នុងពេលបោះឆ្នោតជាដើម។
ជំនួបពិភាក្សានេះធ្វើឡើងនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ រវាងលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.បនិងលោក John Coughlan តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិងសហការី លើប្រធានបទ ពីដំណើរការនៃការរៀបចំមុនបោះឆ្នោតនៅកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ។
យោងតាម គ.ជ.ប ក្នុងជំនួបនោះ លោក ម៉ុក ដារ៉ា បានលើកឡើងពីសាវតារនៃការបោះឆ្នោតនៅកម្ពុជា ទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស សិទ្ធិបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត និងបញ្ជីបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ។
លោកក៏បានលើកឡើងពីការគ្រប់គ្រងការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត វិធានការនៃការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩ នៅតាមការិយាល័យបោះឆ្នោតនិងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ រួមនឹងការងារមួយចំនួនទៀតដែលទាក់ទងនឹងដំណើរការនៃការបោះឆ្នោតផងដែរ។
ជុំវិញជំនួបនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.បនៅថ្ងៃទី២១ ខែមិថុនា បានឱ្យដឹងថា ក្រៅអំពីការធ្វើបច្ចុប្បន្នភាពនិងប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់UN បានលើកឡើងអំពីសិទ្ធិយកព័ត៌មានក្នុងពេលបោះឆ្នោតនិងក្រមសីលធម៌នៃការបោះឆ្នោត។
លោកថា ជាមួយគ្នានេះ តំណាងអង្គការសហប្រជាជាតិក៏បានលើកឡើងអំពីការបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពផងដែរ។
លោកហង្ស ពុទ្ធា បានថ្លែងថា ៖«ជាការឆ្លើយតប មន្ត្រីរបស់យើងបានលើកឡើងថា ដំណើរការនៃការអនុវត្តក្នុងការបោះឆ្នោតនាពេលខាងមុខ គឺដូចកាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ទាំងអស់មិនមានអ្វីប្រែប្រួលទេ»។
យោងតាម គ.ជ.ប នៅថ្ងៃទី២១ ខែមិថុនា នៅក្នុងជំនួបពិភាក្សានេះ តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក John Coughlan ក៏បានលើកឡើងពាក់ព័ន្ធនឹងក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើរការបោះឆ្នោត ការទប់ស្កាត់ព័ត៌មានមិនពិតក្នុងពេលបោះឆ្នោត ចំនួនអ្នកសង្កេតការណ៍បោះឆ្នោត ការឃ្លាំមើលការឃោសនាបោះឆ្នោតតាមប្រព័ន្ធអនឡាញ និងកិច្ចការងារជួយសម្របសម្រួលដល់ជនងាយរងគ្រោះ ដូចជា ជនពិការ ចាស់ជរា ក្នុងការចេញទៅបោះឆ្នោត និងនៅការិយាល័យបោះឆ្នោតជាដើម។
សូមរំឭកដែរថា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ(UN) និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី១៨ ខែមិថុនា បានប្រកាសច្រានចោលចំពោះការលើកឡើងតែមួយជ្រុងរបស់លោក Volker Türk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលរិះគន់ស្ថានភាពនយោបាយនៅកម្ពុជានៅមុនការបោះឆ្នោតជាតិខែកក្កដា ខាងមុខ។
ការប្រកាសនេះ ធ្វើឡើងក្រោយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សចេញសេចក្តីថ្លែងការណ៍អំពាវនាវមួយកាលពីថ្ងៃទី១៦ មិថុនា ឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការបន្ទាន់ដើម្បីបើកលម្ហសិទ្ធិពលរដ្ឋ និងបរិយាកាសអំណោយផលដល់ការបោះឆ្នោតជាតិដោយសេរី និងយុត្តិធម៌ នៅខែកក្កដា ខាងមុខ។
តំណាងកម្ពុជាក៏បានច្រានចោលការលើកឡើងរបស់ឧត្តមស្នងការសិទ្ធិមនុស្ស UN ថា កម្ពុជាអនុវត្តច្បាប់រឹតត្បិតសេរីភាពរបស់ក្រុមណាមួយ ដែលនេះជាការមាក់ងាយនីតិរដ្ឋកម្ពុជា ព្រោះការអនុវត្តច្បាប់កន្លងមក ផ្អែកលើបទល្មើសរបស់បុគ្គលម្នាក់ៗប្រព្រឹត្តដែលមានចែងក្នុងច្បាប់ ហើយមិនផ្អែកថា បុគ្គលនោះស្ថិតនៅក្រុមណា គណបក្សនយោបាយណា សហជីពការងារណា ឬអង្គការសិទ្ធិមនុស្សណានោះទេ៕