បាត់ដំបងៈ រដ្ឋបាលខេត្តបាត់ដំបង បានច្រានចោលចំពោះការចោទប្រកាន់ពីគណនីហ្វេសប៊ុកឈ្មោះ «មាតាធម្មជាតិកម្ពុជា» ដែលបានលើកឡើងថា ដីមាត់ស្ទឹងសង្កែដែលជាស្ទឹងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា កំពុងត្រូវបានរំលោភបំពានដោយអ្នកមានលុយ មានអំណាចដោយបានចាក់ដីរំលោភចូលស្ទឹងដោយចាត់ទុកថា ជាព័ត៌មានបែបញុះញង់ និងបំភ្លៃការពិត។
ការច្រានចោលនេះ បន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ «មាតាធម្មជាតិកម្ពុជា (Mother Nature Cambodia)» បានចុះផ្សាយកាលពីថ្ងៃទី ១៩ ខែមិថុនាថា ស្ទឹងសង្កែដែលជាស្ទឹងប្រវត្តិសាស្ត្រមួយរបស់ប្រទេសកម្ពុជាកំពុងត្រូវបានរំលោភបំពានដោយអ្នកមានលុយ មានអំណាចចាក់ដីរំលោភចូលស្ទឹងសង្កែ និងការសាងសង់សំណង់រឹងនៅលើដីនោះ ហើយមន្ត្រីមូលដ្ឋាន ហាក់មិនអើពើនឹងការរំលោភបំពានទាល់តែសោះ។
ជុំវិញការចោទប្រកាន់នេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺព័ត៌មានចុះថ្ងៃទី ២០ ខែមិថុនាដោយបញ្ជាក់ថា ករណីចោទប្រកាន់នេះ ជាព័ត៌មានបែបញុះញង់ បំភាន់ បំភ្លៃការពិត ក្នុងគោលបំណងមានចេតនាទុច្ចរិតវាយប្រហារមកលើអាជ្ញាធរក្នុងផ្លូវនយោបាយ ខណៈកម្ពុជាកាន់តែកៀកឈានទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខ។
រដ្ឋបាលខេត្តបាត់ដំបងបំភ្លឺថា៖ «ក្រុមការងាររដ្ឋបាលខេត្តរដ្ឋបាលស្រុកសង្កែ និងមន្ទីរអង្គភាពជំនាញបានចុះទៅត្រួតពិនិត្យ ដោយផ្ទាល់ជាក់ស្ដែងនៅនឹងទីតាំងការដ្ឋានដោយពិនិត្យឃើញថា ម្ចាស់ដីឈ្មោះចៅម៉ាដូនេត្រ នៅភូមិបោះពោធិ៍បានសាងសង់អគារនៅលើដីរបស់ខ្លួនស្របតាមប្លង់កម្មសិទ្ធិ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) មិនប៉ះពាល់ដីចំណីស្ទឹងសង្កែទេ និងបានចាក់បេតុងសាងសង់ច្រាំងស្ទឹងទៅតាមលំនាំច្រាំងចាស់ មិនមានការរំលោភយកស្ទឹងដូចការចោទប្រកាន់នោះទេ»៕