ភ្នំពេញៈ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា លោកទេសរដ្ឋមន្ត្រីលី ធុជ បានថ្លែងប្រាប់ភាគីជប៉ុនថា ការសម្រេចបានសមិទ្ធផលការងារបោសសម្អាតមីន រយៈពេល ៣០ ឆ្នាំ នៅកម្ពុជា គឺមិនអាចខ្វះបានទេ ពីការចូលរួមគាំទ្រយ៉ាងសកម្មពីប្រទេសជប៉ុន ដែលជាដៃគូដ៏លេចធ្លោមួយខណៈលោកបន្តស្នើសុំការជួយគាំទ្រពីជប៉ុនបន្ថែមទៀតផងដែរ។
ជាមួយគ្នានោះលោកក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៤ ក្នុងទំហំជំនួយវិស័យមីនជាង ២០០ លានដុល្លារអាមេរិកក្នុងការចូលរួមជួយលើគម្រោងសមាហរណកម្មបោសសម្អាតមីន,ជួយជនរងគ្រោះដោយសារមីន, ជំនួយសម្ភារបច្ចេកទេសបោសសម្អាតមីន,កិច្ចសហប្រតិបត្តិការបច្ចេកទេស, កម្មវិធីហ្វឹកហ្វឺន South-South Cooperation និងគម្រោងហ្វឹកហ្វឺនមន្ត្រីជំនាញសកម្មភាពមីននៃប្រទេសអ៊ុយក្រែនផងដែរ។
លោក លី ធុជ បានលើកឡើងដូចនេះ កាលពីថ្ងៃទី ២១ ខែមិថុនា ក្នុងជំនួបពិភាក្សាការងារជាមួយលោក Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជាស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា នាទីស្នាក់ការអាជ្ញាធរមីន។ ក្នុងពេលពិភាក្សាគ្នានោះ លោក លី ធុជ ក្នុងនាមរាជរដ្ឋាភិបាល បានវាយតម្លៃខ្ពស់ចំពោះចំណងទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្ររវាងប្រទេសទាំង ២ រយៈពេល ៧០ ឆ្នាំមកនេះ ដែលប្រទេសជប៉ុនបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរការស្វែងរកសន្តិភាព និងទ្រទ្រង់ដល់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា រហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ។
លោកមានប្រសាសន៍ថា៖ «ប្រជាជនកម្ពុជា ពិតជាមិនអាចបំភ្លេចបានទេ នូវគុណូបការៈដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ហើយការសម្រេចបាននូវសមិទ្ធផលលើការងារបោសសម្អាតមីនរយៈពេល ៣០ ឆ្នាំ នៅកម្ពុជាមកនេះ គឺមិនអាចខ្វះបានទេពីការចូលរួមគាំទ្រយ៉ាងសកម្មពីប្រទេសជប៉ុន ដែលជាដៃគូដ៏លេចធ្លោមួយ»។
ឆ្លៀតឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានស្នើសុំឱ្យរាជរដ្ឋាភិបាលជប៉ុន បន្តជួយគាំទ្រដល់អង្គភាពស៊ីម៉ាក់ លើការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅខេត្តពោធិ៍សាត់ ដើម្បីប្រែក្លាយជាខេត្តអស់មីនផងដែរ។
តាមរយៈអាជ្ញាធរមីនកម្ពុជា លោក Ueno Atsushi បានធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្ររវាងកម្ពុជា-ជប៉ុន ដែលទំនាក់ទំនងនេះបានឈានដល់កម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង ២។
ក្នុងពេលនោះដែរ លោកឯកអគ្គរាជទូតជប៉ុន ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធ ហើយប្រទេសជប៉ុន នៅតែបន្តគាំទ្រដល់កិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌កម្ពុជា និងបន្តគាំទ្រដល់គម្រោងកម្មវិធីសហប្រតិបត្តិការត្បូងត្បូង ជាមួយអង្គភាពស៊ីម៉ាក់តាមរយៈ JICA ជាពិសេសហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពមីននៃប្រទេសអ៊ុយក្រែនក៏ដូចជាបណ្តាប្រទេសដទៃទៀត តាមសំណូមពរជាក់ស្តែង។
យោងតាមរបាយការណ៍របស់អាជ្ញាធរមីន ក្នុងរយៈពេល ៣០ ឆ្នាំមកនេះ (១៩៩២-២០២២) កម្ពុជាបានរំដោះផ្ទៃដីពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានចំនួន ២ ៥៧៩ គីឡូម៉ែត្រក្រឡា និងបានរកឃើញ និងកម្ទេចចោលមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់ និងមានអ្នកទទួលបានផលប្រមាណជាង៩លាននាក់។ កម្ពុជា ក៏បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងពិភពលោកក្នុងនាមជាប្រទេស ដែលមានផ្ទៃដីបោសម្អាតមីនរួចធំជាងគេ។
សូមរំឭកផងដែរថា តាមរយៈការធ្វើបទអន្តរាគមន៍ស្តីពីការបោសសម្អាតមីន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងអង្គសន្និបាតលើកទី ៧៩ របស់ UN ESCAP កាលពីខែឧសភា កន្លងទៅនេះ នាទីក្រុងបាងកក ប្រទេសថៃ លោក លី ធុជ ក៏បានលើកឡើងដែរថា ក្រោយពីការបញ្ចប់ការបោសសម្អាតគ្រាប់មីន និង ERW ហានិភ័យនៃគ្រោះថ្នាក់ដោយសារគ្រាប់មីនក៏ត្រូវបានកាត់បន្ថយផងដែរ។
លោកថាកម្ពុជាបានចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយប្រទេសជាង ២០ នៅលើពិភពលោករួមទាំងអ៊ុយក្រែនក្នុងពេលថ្មីៗកន្លងទៅផងដែរ ដោយបានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ពួកគេនៅកម្ពុជា ហើយក៏បានបញ្ជូនអ្នកជំនាញទៅកាន់ប្រទេសប៉ូឡូញ ដើម្បីជួយបណ្តុះបណ្តាលដល់អ៊ុយក្រែនទៀតផង៕