ភ្នំពេញ: លោក លឹម អាឡិន ជាអ្នកមានចិត្តស្រឡាញ់ បានចាប់ផ្ដើមបេសកកម្មដ៏មានមហិច្ឆតា ដើម្បីអភិរក្ស និងបង្ហាញបេតិកភណ្ឌប្រវត្តិសាស្ត្រសម្រាប់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ដើម្បីស្វែងរកព័ត៌មានផ្សេងៗនៅកន្លែងតែមួយ។
លោកបានបង្កើត «ប៊ីយ៉នអង្គរ» Beyond Angkor (www.beyondangkor.org) ជាគេហទំព័រដំបូងបង្អស់ដែលចងក្រងឯកសារ និងផែនទីនៃទីតាំងបុរាណឋានជាង ១៣ ០០០ នៅទូទាំងអាស៊ីអាគ្នេយ៍ដីគោក។
លោក អាឡិន ដែលធ្វើការជាទីប្រឹក្សាផ្នែកដំឡើង និងបណ្តុះបណ្តាលនៅ Genie solutions និង Software Support Technician បាននិយាយថា៖«ខ្ញុំបានបើកដំណើរការគេហទំព័រនេះ ដោយសារតែបទពិសោធន៍នៃបញ្ហាពិបាកស្វែងរកប្រភពព័ត៌មានអំពីទីតាំងប្រាសាទនីមួយៗ»។
បើយោងតាមគេហទំព័រប៊ីយ៉នអង្គរបានបង្ហាញថា នៅក្នុងប្រទេសកម្ពុជា តែមួយបញ្ជីដ៏ទូលំទូលាយរួមមានប្រាសាទចំនួន ១១ ៥៩១ ជាសក្ខីភាពនៃភាពអស្ចារ្យ និងអរិយធម៌ខ្មែរដ៏រុងរឿង។
Beyond Angkor បានកត់ត្រាវត្តមានប្រាសាទ និងបុរាណឋានខ្មែរ នៅប្រទេសជិតខាងដោយប្រទេសឡាវមានប្រាសាទចំនួន ២៣៦ ប្រទេសថៃ មានបុរាណឋានចំនួន ១ ១៥៤ និងវៀតណាមមានចំនួន ៣៧ ដែលនាំឱ្យចំនួនសរុបដែលបានកត់ត្រាដោយប៊ីយ៉នអង្គរ ដល់ទៅ ១៣ ០១៨ ប្រាសាទ។
លោក អាឡិន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «មានសៀវភៅ អត្ថបទ ផែនទី បុគ្គល ផែនទី Google គេហទំព័រជាច្រើនដែលចងក្រងពីប្រាសាទ។ ប៉ុន្តែព័ត៌មានទាំងនោះមិននៅផ្ដុំមួយឯកសារឡើយ។ ប៊ីយ៉នអង្គរមានគោលបំណងបង្ហាញពីវិសាលភាព នៃបុរាណឋានខ្មែរ ទៅកាន់ពិភពលោកនូវទីតាំងប្រវត្តិសាស្ត្រទាំងអស់ នៅក្នុងអាស៊ីអាគ្នេយ៍ដីគោក»។
ការលើកទឹកចិត្តរបស់លោក អាឡិន ក្នុងការបង្កើតគេហទំព័រប៊ីយ៉នអង្គរកើតចេញពីការខ្វះខាតព័ត៌មានដែលពិបាកស្វែងរក និងផ្ដល់នូវព័ត៌មានផ្ដុំអំពីបុរាណឋានទាំងអស់។
លោកនិយាយថា គួរតែមានការចងក្រងឯកសារ និងធ្វើកាតាឡុក ពីទីតាំងប្រវត្តិសាស្ត្រនានាដែលប្រាសាទភាគច្រើននៅមិនទាន់មានចងក្រង និងមានហានិភ័យនៃការបាត់ខ្លួនដោយសារការទន្ទ្រានយកដីស្រែចម្ការ និងគម្រោងអភិវឌ្ឍន៍។
ថ្វដ្បិតតែជាវេបសាយទើបបង្កើតថ្មីក៏ដោយ ប៊ីយ៉នអង្គរបានបង្ហាញគោលដៅ និងរូបភាពទីតាំងប្រាសាទ និងបុរាណឋានជាច្រើន ដោយសារការខិតខំប្រឹងប្រែងរបស់លោកអាឡិន និងម៉ាក។
លោក អាឡិន និយាយថា៖ «គេហទំព័រនេះ ពិតជាថ្មីណាស់ ទើបតែមានអាយុ ២ ឆ្នាំកន្លះប៉ុណ្ណោះ ហើយមាតិកាភាគច្រើនត្រូវបានផ្ទុកដោយខ្លួនខ្ញុំ និងម៉ាក។ ទោះជាយ៉ាងណាក៏ដោយវេទិកានេះលើកទឹកចិត្តយ៉ាងសកម្មនូវការចូលរួមរបស់សហគមន៍ ដោយអញ្ជើញអ្នកប្រើប្រាស់ឱ្យចូលរួមចែករំលែកចំណេះដឹង និងរបកគំហើញរបស់ពួកគេដើម្បីបង្កើនមូលដ្ឋានទិន្នន័យ»។
ការរួមចំណែកចែករំលែកព័ត៌មានទាំងអស់ត្រូវបានពិនិត្យដើម្បីរក្សាភាពត្រឹមត្រូវ និងធ្វើតាមគំរូសហការស្រដៀងគ្នាទៅនឹងវិគីភីឌាដ៏ល្បីល្បាញ។
លោក អាឡិន បានទទួលស្គាល់ថា ប្រវត្តិសាស្ត្រជាទូទៅគឺមិនដែលមានភាពត្រឹមត្រូវ ១០០ ភាគរយនោះទេព្រោះវាមានការប៉ាន់ស្មានខ្លះៗ ហើយប្រវត្តិសាស្ត្រអាចនឹងផ្លាស់ប្តូរទៅតាមការស្រាវជ្រាវ និងការអភិវឌ្ឍថ្មីៗនៅក្នុងបច្ចេកវិទ្យា។
លោកនិយាយថា ទីតាំងភាគច្រើនដែលត្រូវបានស្រាវជ្រាវ និងស្គាល់យ៉ាងទូលំទូលាយគឺជាទីតាំងបុរាណឋានសំខាន់ៗ និងទីក្រុងបុរាណ។
លោកបានឱ្យដឹងថា៖ «យើងព្យាយាមផ្តល់ព័ត៌មានលម្អិតឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន អំពីអ្វីដែលអាចរកឃើញនៅប្រាសាទដាច់ស្រយាលហើយផ្អែកលើចម្លាក់ ឬថ្មដែលមានពីមុនមកដែលអាចមានវត្តមាន។ យើងនឹងប្រៀបធៀបទៅនឹងគេហទំព័រដែលគេស្គាល់ផ្សេងទៀតហើយព្យាយាមកំណត់រចនាប័ទ្មសិល្បៈនិងសតវត្សរ៍ដែលវាត្រូវបានសាងសង់ឡើងក្នុងនោះ»។
ដោយសំដៅលើប្រាសាទភ្នំដីនៅសល់តែតួប្រាសាទតូចសង់ពីឥដ្ឋដែលមានទីតាំងនៅស្រុកអង្គរធំខេត្ដសៀមរាប ត្រូវបានបង្ហោះដោយ ប៊ីយ៉នអង្គរលោកសិទ្ធ សន បានឱ្យដឹងថា ប្រាសាទនេះពិតជាគួរឱ្យអាណិតដែលមិនមានមនុស្សមកឆ្ការព្រៃ សម្អាត និងកប់ដីលិចដល់ខ្លោងទ្វារ។
ទិន្នន័យរបស់ ប៊ីយ៉នអង្គរក៏យោងទៅតាមកំណត់ត្រាឯកសារបារាំងចាស់ពីសំណាក់ក្រុមអ្នករុករកនៅដើមសតវត្សរ៍ទី ២០ក៏ដូចជាការបន្ថែមព័ត៌មានពីគេហទំព័រមួយចំនួនផងដែរ។
ខណៈពេលដែលមានទីតាំងបុរាណឋានជាច្រើនក្នុងទិន្នន័យប៊ីយ៉នអង្គរនៅតែគ្មានឈ្មោះនិងមិនមានឯកសារការពិពណ៌នាលម្អិតរួមទាំងកូអរដោនេ និងផែនទីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងយល់ និងដឹងពីតម្លៃប្រវត្តិសាស្ត្រនៃទីតាំងដែលមិនសូវរុករកទាំងនេះ។
លោក អាឡិន និង ម៉ាក ចងក្រងឯកសារ និងគូសវាសផែនទីទីតាំងទាំងនោះព្រមទាំងផ្តល់ព័ត៌មានលម្អិតពាក់ព័ន្ធប្រាង្គប្រាសាទខ្មែរក៏ដូចជាបុរាណឋានទាំងនៅក្នុងប្រទេស និងប្រទេសជិតខាង។
ស្ថាបនិក ប៊ីយ៉នអង្គរបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ទៀតថា៖ «វានឹងមិនមានបញ្ហាអំពីការបង្ហាញគោលដៅប្រាសាទខ្មែរក្នុងទឹកដីប្រទេសជិតខាងនោះទេដោយសារគេហទំព័រឯកសារស្រាវជ្រាវ និងសៀវភៅកត់ត្រាដទៃក៏បានបង្ហាញពីទីតាំងបុរាណខ្មែរក្នុងប្រទេសទាំងនេះផងដែរ»។
អ្វីដែលប៊ីយ៉នអង្គរកំពុងធ្វើ គឺការបង្ហាញវានៅលើផ្លេតហ្វម Wiki Media និងគូសផែនទីទីតាំងទាំងនេះដើម្បីបង្កើនវិសាលភាពក្នុងការងាយស្រួលស្វែងរកប្រាសាទនិងបុរាណឋានខ្មែរទាំងនោះ។
លោក អាឡិន បានជួបប្រទះនឹងបញ្ហាប្រឈមនៃការមានការងារដ៏ច្រើនលើសលប់សម្រាប់គេហទំព័រ និងគំនិតជាច្រើនដើម្បីអនុវត្តខណៈពេលដែលគាត់ជាអ្នកដោះស្រាយវាទាំងអស់។
នៅពេលដែលប៊ីយ៉នអង្គរត្រូវបានបង្កើតឡើងជាលើកដំបូងនៅលើផ្លេតហ្វម Wiki Media នុងឆ្នាំដំបូងមានការផ្លាស់ប្តូរជាច្រើនបានកើតឡើងចំពោះមូលដ្ឋានទិន្នន័យដែលធានាថាវាអាចបង្ហាញនិងផ្ដល់ព័ត៌មានអំពីទីតាំង រួមទាំងរូបភាព និងផែនទី។
លោក អាឡិន បាននិយាយថា៖«ចំណុចសំខាន់នៃប៊ីយ៉នអង្គរគឺផែនទីក្រាហ្វិកដ៏វិសេសដែលបង្ហាញពីទីតាំងនៃរមណីយដ្ឋានប្រវត្តិសាស្ត្រប្រភេទប្រាសាទ និងតាមរចនាប័ទ្មសិល្បៈ»។
សរុបមកគេហទំព័រនេះ គឺជាការងារដែលកំពុងដំណើរការ ហើយប្រហែលជាមិនអាចឈានដល់ស្ថានភាពច្បាស់លាស់ទាំងស្រុងនោះទេ ដោយសារនៅមានការរកឃើញជាបន្តបន្ទាប់ និងការផ្ទៀងផ្ទាត់ទីតាំងបុរាណថ្មីៗ៕