ភ្នំពេញៈ ប្រតិភូអាជ្ញាធរអធិការកិច្ចរដ្ឋឡាវស្នើដល់កម្ពុជា ចែករំលែកបទពិសោធន៍លើការងារពាក់ព័ន្ធវិស័យអធិការកិច្ចទាក់ទងនឹងការប្រឆាំងនឹងអំពើពុករលួយ ក្នុងន័យស្វែងយល់ពីគ្នា ព្រមទាំងលើកកម្ពស់ទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។
ការស្នើរបស់ភាគីឡាវនេះ ធ្វើឡើងអំឡុងពេលគណៈប្រតិភូឡាវចូលជួបសម្តែងការគួសមនិងពិភាក្សាការងារជាមួយលោកស្រី ម៉ែនសំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចកាលពីថ្ងៃទី២១មិថុនា។ ប្រតិភូអាជ្ញាធរអធិការកិច្ចរដ្ឋឡាវ ដឹកនាំដោយលោកខាំផាញ់ ភំម៉ាថាត(KhamphanhPhommathath)។ នេះបើតាមហ្វេសប៊ុករបស់លោកស្រីម៉ែន សំអន។
ក្នុងជំនួបនោះ លោកខាំផាញ់ ភំម៉ាថាត បានកោតសរសើរ ពីការរីកចម្រើនរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនជាពិសេសទទួលបានជោគជ័យ លើការធ្វើជាម្ចាស់ផ្ទះលើកទី១នៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមកន្លងទៅ។
ជាមួយគ្នានេះលោកខាំផាញ់ ភំម៉ាថាត បានស្នើដល់លោកស្រីម៉ែនសំអន ចែករំលែកបទពិសោធន៍របស់កម្ពុជាលើការងារអធិការកិច្ចដល់គណៈប្រតិភូឡាវ។
ជាការឆ្លើយតបលោកស្រីម៉ែនសំអន បានលើកឡើងពីការងារនិងភារកិច្ចរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជុំវិញការធ្វើអធិការកិច្ចចំនួន៤ចំណុចស្នូល។
ទី១កម្ពុជាធ្វើអធិការកិច្ចលើគ្រប់វិស័យនៅទូទាំងប្រទេស មិនថាកិច្ចការរដ្ឋបាល ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ តាមដានការអនុវត្តច្បាប់ និងលិខិតគតិយុត្តផ្សេងៗ ក្នុងន័យទប់ស្កាត់អំពើពុករលួយនិងជំរុញប្រសិទ្ធភាពការងាររដ្ឋ។ ទី២ក្រសួងទទួល និងដោះស្រាយបណ្តឹងតវ៉ានានានិងបណ្តឹងបរិហារបស់ពលរដ្ឋ។
ទី៣ រដ្ឋាភិបាលធ្វើវេទិកាសាធារណៈដើម្បីប្រមូលមតិយោបល់សំណូមពរពីប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងទទួលសម្របសម្រូល និងដោះស្រាយ។ចំណែកចំណុចស្នូល ទី៤ក្រសួងធ្វើការបណ្តុះបណ្តាលមុខជំនាញអធិការកិច្ចគ្រប់កម្រិតតាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច។
លោកស្រីម៉ែនសំអនបានគូសបញ្ជាក់នៅក្នុងជំនួបនោះដូច្នេះថា៖«ទស្សនកិច្ចរបស់ឯកឧត្តម[លោកខាំផាញ់ភំម៉ាថាត]នាថ្ងៃនេះមានអត្ថន័យសំខាន់ណាស់ក្នុងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យអធិការកិច្ចនៃប្រទេសយើងទាំង២និងចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងនិងសហប្រតិបត្តិការរវាងប្រទេសជិតខាងឱ្យកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈជាយុទ្ធសាស្ត្រថែមទៀត»។
គួរបញ្ជាក់ថា គណៈប្រតិភូអាជ្ញាធរអធិការកិច្ចរដ្ឋឡាវ បានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ដើម្បីស្វែងយល់ពីការងារសំខាន់ៗក្នុងវិស័យប្រយុទ្ធប្រឆាំងអំពើពុករលួយ ពិសេសដើម្បីចុះអនុស្សរណៈយោគយល់គ្នា(MOU) ជាមួយអង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជាក្នុងក្របខ័ណ្ឌបន្តកិច្ចសហប្រតិបត្តិរយៈពេល ៥ឆ្នាំបន្តទៀតរវាងប្រទេសទាំង២។
ពាក់ព័ន្ធបញ្ហានេះ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ គូសបញ្ជាក់ថាការងារអធិការកិច្ចស្នូលនៅកម្ពុជាចេញពីក្រសួង២ គឺទី១ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលត្រួតពិនិត្យលើថវិកា និងទ្រព្យសម្បត្តិរដ្ឋចំពោះរាល់ក្រសួងស្ថាប័នដើម្បីធានាតម្លាភាព។ ទី២ ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឺទ្ធសភា និងអធិការកិច្ចដែលមានភារកិច្ចពង្រឹងនិងអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តសេចក្តីសម្រេចរបស់រដ្ឋាភិបាលព្រមទាំងបណ្តឹងពីសាធារណជន និងដោះស្រាយ។
លោកពន្យល់ដូច្នេះថា៖«ការងារអធិការកិច្ចពិតជាមានសារៈសំខាន់ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ អធិការកិច្ចមានគោលដៅធានាឱ្យបានការគោរពច្បាប់ជាកត្តាចាំបាច់ក្នុងការបង្ការនិងទប់ស្កាត់អំពើពុករលួយ»។
លោកបន្ថែមថាការធ្វើកិច្ចសហការរវាងកម្ពុជានិងឡាវលើការប្រឆាំងអំពើពុករលួយជារឿងដែលមានអត្ថប្រយោជន៍ដើម្បីផ្លាស់ប្តូរទស្សនកិច្ចរវាងភាគីទាំង២ ផ្លាស់ប្តូរព័ត៌មានគ្នាលើការងារស៊ើបអង្កេត ទប់ស្កាត់អំពើពុករលួយ និងការងារបច្ចេកទេសស៊ើបអង្កេតហើយថែមទាំងបានផ្តល់ជំនួយផ្នែកច្បាប់ដល់គ្នាទៅវិញទៅមក ជាដើម។
ដំណើរទស្សនកិច្ចរបស់អាជ្ញាធរអធិការកិច្ចរដ្ឋឡាវមកកាន់កម្ពុជានៅឆ្នាំ២០២៣នេះ គឺជាលើកទី៣ហើយដែលលើកទី១ នៅឆ្នាំ២០១៤និងលើកទី២ នៅឆ្នាំ២០១៨បន្ទាប់ពីភាគីទាំង២បានចុះ MOU ជាមួយគ្នានៅឆ្នាំ២០១៣ នៅក្រុងវៀងចន្ទន៍ប្រទេសឡាវ៕