ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោក គន់ គីម បានជំរុញ ដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ជាពិសេសនៅតាមបណ្តារាជធានី-ខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិមាតុភូមិ។
លោកបានជំរុញបែបនេះ នៅក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនដល់បងប្អូនអតីតយុទ្ធជនកម្ពុជា ចំនួន ៧៩៧ នាក់ មកពីស្រុកក្រូចឆ្មា ស្រុកមេមត់ និងក្រុងត្បូងឃ្មុំ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ នៅថ្ងៃទី ២៣ខែមិថុនា ឆ្នាំ ២០២៣។ នេះបើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់សមាគមអតីតយុទ្ធជនខេត្តរួចមក លោក គន់ គីម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ថ្នាក់ដឹកនាំសមាគមខេត្តត្បូងឃ្មុំ ដែលបានយកចិត្តទុកដាក់ដល់អតីតយុទ្ធជនយើង។
លោកបានថ្លែងយ៉ាងដូច្នេះថា៖«អតីតយុទ្ធជនកម្ពុជា សុទ្ធតែជាអ្នកដែលបានធ្វើពលីកម្មដ៏ធំធេងសម្រាប់ជាតិ មាតុភូមិកម្ពុជា ក្នុងការវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ពិសេសទប់ស្កាត់មិនឱ្យរបបនេះវិលមកគ្របដណ្តប់លើមាតុភូមិកម្ពុជាជាថ្មីទៀត ទាំងនេះហើយទើបនាំមកនូវសុខសន្តិភាពមកដល់សព្វថ្ងៃនេះ»។
ក្នុងឱកាសនោះដែរ លោកក៏បានអំពាវនាវឱ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមក ដូចបងប្អូនក្នុងមហាគ្រួសារតែមួយ និងសូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ទន្ទឹមនោះ ត្រូវជឿជាក់ និងគាំទ្រលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ហើយត្រូវការពារឱ្យបានគង់វង្សនូវសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយឈ្នះឈ្នះ។
បន្ថែមពីនេះ លោកទេសរដ្ឋមន្រ្តី បានណែនាំឱ្យចងក្រងជាបណ្តាញ ដើម្បីស្វែងរកអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានា ហើយត្រូវឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគាត់។
សូមជម្រាបថា ក្នុងកម្មវិធីនោះ ក្រៅពីបំពាក់នូវមេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជា ក៏បានឧបត្ថម្ភថវិកាជូនដល់អតីតយុទ្ធជនចំនួន ៧៩៧ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ ម៉ឺនរៀលផងដែរ៕