សៀមរាបៈ កម្មវិធីកម្ពុជា-ចិន «រួមគ្នាថែរក្សាបរិស្ថានអេកូទេសចរណ៍ក្នុងស្រុកបន្ទាយស្រី» ត្រូវបានរៀបចំឡើងនាថ្ងៃទី ២៣ ខែមិថុនានេះ នៅសាលាស្រុកបន្ទាយស្រី ដោយមានការផ្តល់ជាធុងសំរាម និងសម្ភារបរិស្ថានជាច្រើនពីសង្គមស៊ីវិលនានារបស់ខេត្តយូណាន។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។
លោកស្រីយ៉ាង លីហ័រ តំណាងអង្គការអ៊ុនឌី(YUNDI) បានមានប្រសាសន៍ក្នុងឱកាសនោះថា ស្រុកបន្ទាយស្រី គឺជាគោលដៅដ៏សំខាន់មួយរបស់បណ្តាសង្គមស៊ីវិលនានារបស់ខេត្តយូណាន ប្រទេសចិនក្នុងការចូលរួមក្នុងចរន្តអភិវឌ្ឍជាមួយរដ្ឋបាលស្រុកបន្ទាយស្រី។ ការអនុវត្តគម្រោងបង្កើនសម្រស់បរិស្ថាននៅក្នុងស្រុកបន្ទាយស្រីនាពេលនេះ គឺជាកម្លាំងសាមគ្គីរួមគ្នារវាងសមាគមមិត្តភាពខេត្តយូណាន ជាមួយបរទេស អង្គការYUNDI ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលស្រុកបន្ទាយស្រី និងស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប។
ចាប់តាំងពីឆ្នាំ២០១៩មក សង្គមស៊ីវិលចិននានា បានចូលរួមអនុវត្តនូវគម្រោងមួយចំនួនដូចជា គម្រោងពិនិត្យសុខភាពកុមារដែលមានជំងឺបេះដូងចំហ គម្រោងជីកស្រះទឹក គម្រោងកែលម្អជីវភាពរស់នៅ គម្រោងប្រើប្រាស់ចង្ក្រានសន្សំថាមពល គម្រោងផ្ទះបាយរបស់សិស្សនៅសាលាបឋមសិក្សា គម្រោងចែកកាតាបនិងសម្ភារសិក្សា និងគម្រោងអំពូលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យជាដើម។
លោកលីវ ជឺជា (Liu Zhijie) អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាបបានមានប្រសាសន៍ថា ប្រទេសចិននិងកម្ពុជា គឺជាមិត្តដែកថែប និងរួមគ្នាក្នុងកិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ហើយឆ្នាំនេះ គឺជាខួបលើកទី៦៥ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាឆ្នាំមិត្តភាពចិន-កម្ពុជា។ ដូច្នេះក្នុងឱកាសដ៏ថ្លៃថ្លានេះ តាមរយៈស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប សង្គមស៊ីវិលនានារបស់ខេត្តយូណាន បានផ្តល់អំណោយជាធុងសំរាមសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅតាមរដ្ឋបាលឃុំ និងផ្ទះប្រជាជន ព្រមទាំងបានផ្តល់នូវសម្លៀកបំពាក់ កាបូបបរិស្ថាន កែវទឹក អំពូលលើតុប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ជូនដល់ក្រុមការងារយុវជន ដែលមានភក្តីភាពក្នុងការចូលរួមលើកកម្ពស់បរិស្ថាននៅក្នុងស្រុកបន្ទាយស្រី។
លោកបន្ថែមទៀតថា ស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប នឹងបន្តលើកទឹកចិត្តដល់សប្បុរសជន និងសង្គមស៊ីវិលនានារបស់ប្រទេសចិន ឱ្យចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍក្នុងស្រុកបន្ទាយស្រីបន្ថែមទៀត។
លោករិន ឡូត អភិបាលស្រុកបន្ទាយស្រីបានបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចគាំទ្ររបស់ស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប ដែលជានិច្ចកាលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍនៅក្នុងស្រុកបន្ទាយស្រី ដោយផ្តោតជាសំខាន់លើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ការបង្កើនសម្រស់បរិស្ថាន និងការចូលរួមបំពេញបានតាមតម្រូវការជាក់ស្តែងរបស់ប្រជាជននៅក្នុងស្រុកបន្ទាយស្រី។
លោកបន្តថា កម្មវិធីថ្ងៃនេះ គឺជាសក្ខីភាពថ្មីបន្ថែមទៀតដល់កិច្ចសហការរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន ក្នុងការចូលរួមបង្កើនកម្លាំងដល់កិច្ចអភិវឌ្ឍនៅក្នុងស្រុកបន្ទាយស្រីដោយផ្តោតលើការងារបរិស្ថានអេកូទេសចរណ៍។ នេះបើយោងតាមប្រភពដដែលនេះ៕