ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកទឹកចិត្តដល់ ក្រុម Influencers ទាំងអស់ឱ្យខំប្រឹងប្រែងផលិតរូបភាព និងវីដេអូដែលមានគុណភាព និងស្តង់ដា ស្តីពីផលិតផលទេសចរណ៍ថ្មីៗ នៅតាមតំបន់គោលដៅទេសចរណ៍បន្ថែមទៀត ធ្វើយ៉ាងឱ្យមានភាពទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនានៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន។
ការលើកទឹកចិត្តពីសំណាក់រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ ១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ -២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ កាលពីថ្ងៃទី ២២ ខែមិថុនា។
តាមរយៈតេឡេក្រាម ក្រសួងទេសចរណ៍ នៅថ្ងៃទី ២៤ ខែមិថុនានេះបានឱ្យដឹងថា ក្នុងពិធីនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចែកលិខិតសរសើរដល់ក្រុមការងារ Influencers ដែលមកពីបណ្តាខេត្តទាំង៣ នៅក្នុងប្រទេសកម្ពុជា រួមមាន៖ Influencers មកពីខេត្តកំពត Influencers មកពីខេត្តបាត់ដំបង និង Influencers មកពីខេត្តសៀមរាប។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរដល់ស្នាដៃក្រុម Influencers ទាំងអស់ដែលបានបង្ហោះរូបភាព និងវីដេអូពីតំបន់ទេសចរណ៍ក្នុងខេត្ត តាមរយៈប្រព័ន្ធ Social Media ហើយទាំងនេះជាចលករមួយក្នុងការជួយជំរុញកំណើនភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅប្រទេសឱ្យបានស្គាល់កាន់តែច្បាស់នៅទីកន្លែងស្អាតៗ ថ្មីៗនៅក្នុងប្រទេសកម្ពុជា៕