ខេត្តព្រះសីហនុ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានផ្តល់គំនិតផ្ដួចផ្ដើមរៀបចំចងក្រងសមាគមតំណាងក្រុមហ៊ុនដឹកជញ្ជូន និងជើងសាគយ ដែលជាក្រុមបម្រើការងារក្រៅប្រព័ន្ធ ដើម្បីមានសិទ្ធិស្នើសុំបណ្ណរបបសន្ដិសុខសង្គម (បសស) សម្រាប់ទទួលបានអត្ថប្រយោជន៍សង្គមពីរាជរដ្ឋាភិបាលកម្ពុជា។
លោក គួច ចំរើន បង្ហាញគំនិតផ្តួចផ្តើមនេះ ក្នុងពេលចុះសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយតំណាងក្រុមហ៊ុនដឹកជញ្ជូន និងជើងសាគយ នៃសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៣។
លោកបានស្នើឱ្យលោក នង សុខុម ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ជួយសម្របសម្រួលលើកិច្ចការងារនេះ។ ទន្ទឹមនឹងនោះ លោក ក៏បានស្នើសុំឱ្យបងប្អូន (តំណាងក្រុមហ៊ុនដឹកជញ្ជូន និងជើងសាគយ) ចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ថែរក្សាសុខសន្ដិភាព សម្រាប់ការអភិវឌ្ឍសង្គមជាតិ និងរក្សាបាននូវសុខសន្តិភាព ស្ថិរភាពប្រកបដោយនិរន្ដរភាពការងារ ដែលជាឆ្នាំងបាយរបស់បងប្អូន។
លោក នង សុខុម ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ថ្លែងក្នុងពិធីនោះថា ការជួបជុំគ្នានេះ ធ្វើឡើង ក្នុងគោលបំណង ដើម្បីពង្រឹង រឹតចំណងទំនាក់ទំនងការងារ និងស្វែងយល់គ្នា រវាងមន្ត្រីគយ និងរដ្ឋាករ ជាមួយវិស័យឯកជន ពិសេសបងប្អូនដែលកំពុងបំពេញការងារនៅសាខាគយ និងរដ្ឋករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោកថ្លែងថា៖«បងប្អូនទទួលសិទ្ធិពីអ្នកនាំចេញ-នាំចូល គឺជាអន្តរការីមួយដ៏សំខាន់ក្នុងការបំពេញបែបបទបញ្ចេញទំនិញ និងបង់ពន្ធ ព្រមទាំងអាករផ្សេងៗ ជូនរដ្ឋបាលគយឱ្យបានគ្រប់ និងលើសផែនការដែលបានកំណត់។ ការផ្តល់សេវាកម្មដ៏ល្អរបស់បងប្អូនជាកត្តាមួយដ៏សំខាន់ផងដែរក្នុងការអូសទាញ និងបង្កើននូវកំណើនទំនិញនាំចេញ-ចូលតាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ»៕