បាត់ដំបងៈ ការបញ្ចេញមតិ និង ការចែករំលែកតាមហ្វេសប៊ុក និងបណ្ដាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធករណីការសាងសង់សំណង់រឹង និង ការចាក់ដីលុបចូលស្ទឹងសង្កែជិតដល់កណ្តាលស្ទឹង ដើម្បីធ្វើជាកម្មសិទ្ធិឯកជននោះ រដ្ឋបាលខេត្តបញ្ជាក់ថា ម្ចាស់សំណង់បានឯកភាពកាយដីចេញ និងរុះរើ វេរ៉ង់ដារចេញ និងអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត ដោយចាប់ផ្តើមអនុវត្តការងារពីព្រឹកថ្ងៃទី២៤ ខែមិថុនា នេះតទៅ។
សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង ថ្ងៃទី ២៤ ខែមិថុនានេះបានឱ្យដឹងថា ថ្មីៗនេះមានការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ការបញ្ចេញមតិ និង ការចែករំលែក ព្រមទាំងបណ្ដាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធករណីការសាងសង់សំណង់រឹង និង ការចាក់ដីលុបចូលស្ទឹងសង្កែជិតដល់កណ្តាលស្ទឹង ដើម្បីធ្វើជាកម្មសិទ្ធិឯកជន។
ចំពោះករណីនេះ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ អភិបាលខេត្ត បានចាត់តាំងមន្ត្រីជំនាញចុះទៅពិនិត្យ និងធ្វើការវាស់វែងផ្ទៀងផ្ទាត់ម្តងទៀតជាមួយប្លង់ដី កម្មសិទ្ធិ ហើយបន្ទាប់មកនៅរសៀលថ្ងៃដដែល លោក អភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សាជុំវិញករណីនេះ និង បានចុះពិនិត្យដល់ទីតាំងជាក់ស្ដែង ហើយបានពិនិត្យឃើញថា ការសាងសង់ផ្ទះរបស់ម្ចាស់សំណង់ គឺធ្វើនៅលើប្លង់កម្មសិទ្ធិស្របច្បាប់ មិនប៉ះពាល់លើដីចំណីស្ទឹងនោះទេ ហើយការធ្វើច្រាំងស្ទឹង គឺតាមលំនាំដើម និង តាមដំណេកស្ទឹងពីធម្មជាតិ។
ប្រភពដដែលបន្តថា តែអ្វីដែលនៅខ្វះខាត គឺ ម្ចាស់សំណង់មិនទាន់បានកាយដីដែលចាក់ទប់ធ្វើច្រាំងស្ទឹងចេញអស់នៅឡើយ។ ចំណុចនេះម្ចាស់សំណង់ បានយល់ព្រមកាយដីចេញឱ្យអស់ដូចស្ថានភាពដើមឆាប់រហ័ស មុនទឹកស្ទឹងឡើងក្នុងរដូវវស្សានេះ។
ក្នុងសេចក្តីបំភ្លឺបញ្ជាក់ថា៖«ម្ចាស់សំណង់បានស្ម័គ្រចិត្តរុះរើ សំណង់វេរ៉ងដា ដែលបានធ្វើលើច្រាំងស្ទឹងចេញ ព្រោះបើយើងមើលពីត្រើយម្ខាងស្ទឹង ឃើញសសរ ខាងក្រោមវេរ៉ង់ដារស្អេកស្កះមិនស្អាត ហើយអាចស្ទះចរន្តទឹក និងអាចមានសំរាម ឬសំណាកឈើជាប់នឹង សសរនោះ។ ចំពោះករណីនេះ ម្ចាស់សំណង់ក៏បានឯកភាពរុះរើវេរ៉ង់ដារនេះចេញ»៕