មូលនិធិគន្ធបុប្ផាកម្ពុជា បានបើកកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធ ក្នុងគោលបំណងផ្សព្វផ្សាយចលនាកៀរគរការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈយន្តការគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តនីមួយៗ។
លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃមូលនិធិគន្ធបុប្ផាកម្ពុជា បានលើកឡើងថា តាមរយៈយន្តការគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា អនុលោមតាមការតាំងចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការរក្សានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាននឹងកំពុងសង្គ្រោះជីវិតទារក និងកុមារនៅកម្ពុជា ប្រកបដោយគុណភាព មិនគិតថ្លៃ និងមិនមានការរើសអើង ដោយបានចំណាយអស់ប្រមាណ ៤០លានដុល្លារ ក្នុង១ឆ្នាំៗ។ លោកថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំពិក្សាការងារជាមួយតំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តនីមួយៗ ដែលបានធ្វើឡើងនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។
លោកបានបន្តថា៖«មូលនិធិនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងកៀរគរអំណោយ ឧបត្ថម្ភធន និងវិភាគទានពីគ្រប់ប្រភពស្របច្បាប់នានា ធានាចីរភាពនៃប្រភពចំណូលសម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុចំពោះមន្ទីរពេទ្យគន្ធបុប្ផា ឱ្យអាចដំណើរការជាប្រក្រតីប្រកបដោយនិរន្តរភាព បម្រើដល់គោលនយោបាយលើកកម្ពស់សុខុមាលភាពសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា»។
លោក ចន ណារិទ្ធ បានបន្ថែមថា កិច្ចប្រជុំនេះ ក៏ជាវេទិកាមួយដែលផ្ដល់ភាពងាយស្រួលដល់ភាគីពាក់ព័ន្ធបានពិភាក្សា ផ្ដល់ធាតុចូល ដើម្បីឱ្យយន្តការគណៈកម្មការទ្រទ្រង់នេះ កាន់តែទទួលបានភាពរលូន និងជោគជ័យ ក៏ដូចជាការរួមគ្នាឱ្យបានកាន់តែផុសផុលថែមទៀត ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីជួយសង្គ្រោះកុមារនៅកម្ពុជា។
លោក លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំនោះ មានប្រសាសន៍ថា ជំនួបនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រីកការផ្សព្វផ្សាយអំពីមូលនិធិគន្ធបុប្ជាកម្ពុជាជូនដល់សាធារណជន ជាពិសេសដល់សមាជិកគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ជាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន និងក្រុមហ៊ុនសំខាន់ៗ ដើម្បីឱ្យមានការចូលរួមបរិច្ចាគសប្បុរសធម៌យ៉ាងផុសផុលនៅតាមមូលដ្ឋាននីមួយៗ។
មូលនិធិគន្ធបុប្ផាកម្ពុជា ជាមូលនិធិជាតិមួយដែលត្រូវបានបង្កើត និងដាក់សម្ពោធឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១១ ខែមេសាឆ្នាំ២០១៨ ក្រោមវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ជាស្ថាបនិក និងជាប្រធានកិត្តិយស។
សូមបញ្ជាក់ថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាទម្រង់នៃក្រុមការងារមួយមានតួនាទីផ្សព្វផ្សាយ និងកៀរគរថវិកាបរិច្ចាគពីសប្បុរសជននានា ជាពិសេសក្នុងដែនសមត្ថកិច្ចរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តនីមួយៗ ដើម្បីយកថវិកាទាំងនោះជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវការថវិកាក្នុងការជូយសង្គ្រោះកុមារកម្ពុជារាប់ម៉ឺននាក់ជារៀងរាល់ថ្ងៃ៕