សៀមរាបៈ សាស្ត្រាចារ្យ និង​និស្សិត មកពី​សាកលវិទ្យាល័យ​ជាតិ និង​អន្តរជាតិ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចូលមក​ធ្វើ​ទស្សនកិច្ច​សិក្សា​ស្រាវជ្រាវ ការធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា នៅ​បរិវេណ​វត្ត​កោះ​កែវ​ជុ​លា​មុនី​ព្រះ​ធម្មចេតិយ​ក្នុង​ក្រុង​សៀមរាប នៅ​ថ្ងៃទី​ ២៣ ខែមិថុនា​នេះ​។​

​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា សាស្ត្រាចារ្យ និង​និស្សិត មកពី​សាកលវិទ្យាល័យ​ហា​វ៉ៃ នៃ​សហរដ្ឋអាមេរិក ដោយមាន​និស្សិត​ចូលរួម​មកពី​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ​នៃ​ប្រទេស​កម្ពុជា សហរដ្ឋអាមេរិក ហ្វីលីពីន តៃវ៉ាន់ និង​ថៃ ចំនួន​៣៧​រូប សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បានមក​ចូលរួម​ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​មួយ នៅ​បរិវេណ​វត្ត​កោះ​កែវ​ជុ​លា​មុនី​ព្រះ​ធម្មចេតិយ (​ហៅ​វត្ត​ចេតិយ​) ស្ថិតក្នុង​សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក អ៊ឹម សុខ​រិទ្ធី បុរាណ​វិទូ និង​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានទទួល​ស្វាគមន៍ និង​សម្របសម្រួល​ការងារ ជូន​លោក​សាស្ត្រាចារ្យ និង​និស្សិត ដែល​មក​ចូលរួម​ធ្វើការ​ស្រាវជ្រាវ​រួមគ្នា​នេះ​។

​លោក​ថ្លែងថា​៖«​នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​បង្ហាញ​ពី​ទំនាក់ទំនង​ផ្នែក​វិទ្យាសាស្ត្រ សិក្សាអប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស​ជា​លក្ខណៈ​អន្តរជាតិ លើ​វិស័យ​បុរាណវិទ្យា ដែល​អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​ហា​វ៉ៃ នៃ​សហរដ្ឋអាមេរិក ក្នុង​ក្របខ័ណ្ឌ​នៃ​គម្រោង​សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោយ​សម័យអង្គរ​»​។

​លោក អ៊ឹម សុខ​រិទ្ធី បាន​បន្ថែមថា បច្ចុប្បន្ននេះ អង្គរ​បាន​ក្លាយជា​មន្ទី​រ​ពិសោធន៍​អន្តរជាតិ ដែល​អ្នកស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ បានមក​ទទួល​ការហ្វឹកហ្វឺន និង​ហាត់​ការ​។​

​អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់ថា ការធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នេះ មាន​រយៈពេល​៣​សប្តាហ៍ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៣​តទៅ ដើម្បី​សិក្សា​អំពី​រចនាសម្ព័ន្ធ​របស់​វត្ត​ចេតិយ និង​ការធ្វើ​កំណាយ​សិក្សា​ផ្តោត​សំខាន់​អំពី​ទួល​បុរាណ ការរស់នៅ​របស់​មនុស្ស​នៅលើ​ទួល សង្គម និង​សកម្មភាព​សេដ្ឋកិច្ច​នា​សម័យ​អតីតកាល​ជាដើម​៕