ស្វាយរៀងៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមានគោលដៅចំនួន ២ បន្ទាប់ពីសង្រ្គាមត្រូវបានបញ្ចប់គឺទី១ ប្រែក្លាយតំបន់អតីតសមរភូមិឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងមានទីផ្សារ និងទី២ ប្រែក្លាយតំបន់ព្រំដែន ជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
លោកនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្តស្វាយរៀង។
លោកលើកឡើងថា ផ្តើមចេញពីចំណុចនេះ តំបន់នេះ (តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ) គោលដៅដែលលោកបានដាក់ចេញ បានសម្រេចជោគជ័យជាផ្លែផ្កា តាមរយៈចំនួនរោងចក្រ និងចំនួនតំបន់ឧស្សាហកម្ម ដែលនៅក្នុងខេត្តស្វាយរៀង ដែលជាប់ជាមួយព្រំដែនវៀតណាមនេះ ដែលមានរហូតដល់ទៅ៩កន្លែង។
លោក ហ៊ុន សែន មានប្រសាសន៍ថា ៖ «ប្រសិនបើមានសង្រ្គាមទល់ដែនជាមួយប្រទេសជិតខាង តើផលប្រយោជន៍បានទទួលមកពីអ្វី? ផលប្រយោជន៍បានមកតែពីការបាញ់សម្លាប់គ្នាតែប៉ុណ្ណោះ ហើយគ្មានទេ កិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ។ ឥឡូវនេះ យើងជាមួយវៀតណាម មានការតភ្ជាប់គ្នា ដូចជាតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះ យើងមិនអាចនាំចេញទៅតាមកំពង់ផែព្រះសីហនុទេ គឺយើងនាំចេញទៅតាមកំពង់ផែវៀតណាម ដែលមានតម្លៃធូរជាង»។
លោកបន្ថែមថា នយោបាយសន្ដិភាពរវាងកម្ពុជា និងវៀតណាម បានធ្វើឱ្យមានកិច្ចសហប្រតិបត្តិការល្អផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំង២ ខណៈដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២បានដើរលើជាង១០ពាន់លានដុល្លារ ដោយទំនិញរបស់កម្ពុជា នាឆ្នាំខ្លះនាំចេញទៅវៀតណាមច្រើនជាង នាំពីវៀតណាមមកកម្ពុជា ដែលនេះជាសេដ្ឋកិច្ចបំពេញឱ្យគ្នា។
លោកបញ្ជាក់ថា៖«ការប្រែក្លាយតំបន់អតីតសមរភូមិឱ្យទៅជាការអភិវឌ្ឍ និងមានទីផ្សារ និងប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ គឺសំដៅទៅដល់ការដោះបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ធានាសុវត្ថិភាពដីធ្លីឱ្យប្រជាពលរដ្ឋ»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា នយោបាយសន្ដិភាព មិនមែនអនុវត្តតែជាមួយវៀតណាមទេ ពោលកម្ពុជា បានអនុវត្តដូចគ្នាជាមួយប្រទេសថៃ ហើយទីនោះ មានទាំងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តបន្ទាយមានជ័យ និងខេត្តកោះកុងជាដើម។
លោកបញ្ជាក់ថា ភាពប្រថុយប្រថាន និងគ្រាន់តែប្រជែងដើម្បីសន្លឹកឆ្នោត ហើយគំរាមធ្វើសង្គ្រាមណាមួយជាមួយប្រទេសជិតខាង មិនមែនជានយោបាយដែលត្រូវគាំទ្រតាមបែបជ្រុលនិយមនោះទេ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា បានឯកភាពជាមួយនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ក្នុងការប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រោះថា ជារឿងសំខាន់ណាស់ ក្នុងនាមជាប្រទេសជិតខាងគ្នា ត្រូវធ្វើឱ្យមានសន្តិភាព មានសន្តិសុខ មានស្ថិរភាព ទើបមានលទ្ធភាពក្នុងការអភិវឌ្ឍ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។
លោកថ្លែងដូច្នេះថា៖«ជាប្រទេសជិតខាងគ្នា ដើម្បីរួមរស់ជាមួយគ្នា ប្រកបដោយសុខសន្តិភាព យើងត្រូវឈរលើគោលការណ៍បញ្ចសីលា សន្តិសហវិជ្ជមាន មានន័យថា យើងត្រូវគោរពគោលការណ៍ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងការគោរពគ្នា គឺគោរពឯករាជ្យ អធិបតេយ្យ បូរណទឹកដី គោរពផលប្រយោជន៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង មិនឈ្លានពានគ្នា គឺជារឿងសំខាន់»។
ទោះជាយ៉ាងណាក៏ដោយ លោក គិន ភា យល់ឃើញថា ត្រូវតែមានខ្សែបន្ទាត់ព្រំដែនមួយច្បាស់លាស់ រវាងប្រទេសជិតខាង មានការទទួលស្គាល់ជាអន្តរជាតិ ហើយត្រូវគោរពីខ្សែបន្ទាត់ព្រំដែន ចៀសវាងការរំលោភឈ្លានពានគ្នាទៅវិញទៅមក ហើយការគ្រប់គ្រងលំហូរអន្តោប្រវេសន៍ខុសច្បាប់ គឺចាំបាច់ត្រូវតែយកចិត្តទុកដាក់។
«ត្រូវមានការបណ្តុះផ្នត់គំនិតប្រជាជនទាំងសងខាង ឱ្យទទួលស្គាល់ពីសច្ចភាពប្រវត្តិសាស្រ្ត កុំបណ្តុះស្មារតីជាតិនិយមជ្រុល ដែលនាំទៅដល់ឱ្យមានអរិភាពរវាងគ្នានឹងគ្នា ទាំងទិដ្ឋភាពនយោបាយក្តី ទិដ្ឋភាពព្រំដែនក្តី ទិដ្ឋភាពវប្បធម៌ក្តី និងទិដ្ឋភាពផ្សេងៗទៀត ដែលត្រូវប្រកាន់ស្មារតីជាអ្នកជិតខាងល្អ»។ នេះបើតាម លោក គិន ភាព។
បើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣នេះ សម្រេចបានក្នុងទំហំទឹកប្រាក់ ជាង ២ ៨៧០លានដុល្លារ កើនជិត៣ភាគរយ ក្នុងនោះកម្ពុជានាំចេញទៅវៀតណាម សម្រេចបាន ១ ៣២៣លានដុល្លារ កើនជាង២២ភាគរយ ខណៈដែលការនាំចូលពីវៀតណាមមកវិញ មានទំហំទឹកប្រាក់ ជាង ១ ៥៤៦លានដុល្លារ ថយចុះជិត១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕