ភ្នំពេញៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានប្រកាសឱ្យប្រជាពលរដ្ឋប្រមាណជាង ៧០ ម៉ឺនគ្រួសារបន្តបើកប្រាក់ឧបត្ថម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ ១៩ ខណៈដែលកម្មវិធីនេះអនុវត្តឈានដល់ជុំទី១៣ លើកទី៣។
តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសង្គមកិច្ចស្ដីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ ១៩ កាលពីថ្ងៃទី ២៤ ខែមិថុនាបានឱ្យដឹងថា តាំងពីចាប់ផ្តើមអនុវត្តកម្មវិធីនេះ ទាំង ៣៦ លើក ពីថ្ងៃទី ២៥ មិថុនា ឆ្នាំ ២០២០ដល់ថ្ងៃទី ២៤ មិថុនាឆ្នាំ ២០២៣ រដ្ឋបានចំណាយថវិកាជាង ៤ ៣៥២ ប៊ីលានរៀលគត់ ឬស្មើនឹង ១ ០៨៨, ១៨ លានដុល្លារ។
ជាមួយគ្នានេះដែរ ចំពោះការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី១៣ លើកទី៣ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី ២៥ ខែមិថុនា រហូតដល់ ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣។
ក្រសួងសង្គមកិច្ច បញ្ជាក់ថា៖«ចំពោះបណ្ណសមធម៌ដែលអស់សុពលភាពចំនួន ៩ រាជធានី-ខេត្ត គឺរាជធានីភ្នំពេញ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ ស្ទឹងត្រែង សៀមរាប បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ក្រសួងផែនការបានសម្រេចបន្តសុពលភាពរហូតដល់ក្រសួងផែនការរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រឡើងវិញ»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពថ្លែងថា ការអនុវត្តកម្មវិធីឧបត្ថម្តសាច់ប្រាក់នេះ បានរួមចំណែកច្រើនក្នុងការជួយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយកម្មវិធីនេះក៏គួរតែអនុវត្តជាបន្តទៅទៀតពីព្រោះស្ថានភាពជំងឺកូវីដ ១៩ នៅមិនទាន់អស់នៅឡើយ។
លោក បន្តថា៖ «ការបន្តហ្នឹង គឺជាការល្អ ដែលជួយសម្រាលបន្ទុករបស់ពួកគាត់ ហើយម្យ៉ាងវិញទៀត ប្រសិនជារដ្ឋបញ្ឈប់ ឬផ្អាកនៅពេលនេះ អាចប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់ ពួកគាត់ច្រើន ដោយសារបញ្ហាសេដ្ឋកិច្ចក៏មិនទាន់ដំណើរការល្អនិងជាមួយគ្នានេះទៀតសោត យើងមើលឃើញមានការពាក់ព័ន្ធនឹងមុខរបរផ្សេងៗ ក៏មិនទាន់អាចកើនឡើងល្អដែរ»។
លើសពីនេះលោកថា បច្ចុប្បន្ននេះបញ្ហាការងារ មានកន្លែងមួយចំនួនក៏ត្រូវបានផ្អាកនិងខ្លះក៏ត្រូវបិទទា្វរផងដែរ ហេតុនេះហើយជំនួយនេះ វាគឺជាការល្អដើម្បីជួយទ្រទ្រង់ជីវភាពនិងសម្រាលបន្ទុករបស់ពួកគាត់ជាបន្តទៀតផងដែរ។
សូមបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ នេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ ដើម្បីផ្តល់ការអន្តរាគមន៍ជំនួយសង្គមដល់ប្រជាជន ពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ៕