ស្វាយរៀងៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ២៣ ខែមិថុនាថ្មីៗនេះ មិនមែនធ្វើឡើងដើម្បីសំដៅដល់ក្រុមគណបក្សប្រឆាំងតែ ១ នោះទេ តែធ្វើឡើងក្នុងគោលដៅឱ្យគ្រប់គណបក្សនយោបាយទាំងអស់នៅកម្ពុជា មានការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ។
លោកនាយករដ្ឋមន្ត្រីអះអាងយ៉ាងដូច្នេះក្នុងពេលជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលបម្រើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្តស្វាយរៀង ថ្ងៃទី ២៥ ខែមិថុនា។ លោកមានប្រសាសន៍ថា៖ «ប្រឹងស្រែកទៀតទៅ ស្រែកកាន់តែយូរកាន់តែអស់ ហើយកុំថា គេខូច អត់ទេ អ្នកឯងទេជាអ្នកនាំយើង តែយើងត្រូវធ្វើមិនសំដៅទៅលើពួកគេតែ ១ ចំណុចនោះទេ តែសំដៅពង្រឹងទាំងអស់គ្នា គ្រប់បក្សនយោបាយឱ្យមានការទទួលខុសត្រូវទៅលើពលរដ្ឋ កុំរារាំងគេលើបញ្ហាទៅបោះឆ្នោត។ អ៊ីចឹងទេបើអ្នកឯងមិនទៅបោះឆ្នោត បានន័យថា អ្នកឯងបោះបង់សិទ្ធិមិនគ្រប់លក្ខខណ្ឌឱ្យគេបោះឆ្នោត»។
ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានលើកឡើងទៅដល់ក្រុមគណបក្សប្រឆាំងដែលធ្វើយុទ្ធនាការ WiFi ដែលបានអំពាវនាវដល់ប្រជាពលរដ្ឋកុំទៅបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខថា បើខ្លាំងកុំទៅបោះឆ្នោតឱ្យសោះ។ ទោះជាយ៉ាងណាលោកក៏បានបញ្ជាក់ដែរថា យុទ្ធនាការ WiFi នេះក៏បានស្ងប់ស្ងាត់ទៅវិញហើយក្រោយពេលដែលសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតត្រូវបានអនុម័ត។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ក្នុងនាមរូបលោកជាមេយុទ្ធសាស្ត្រម្នាក់មិនមែនដើរមិនទាន់ក្រុមប្រឆាំងនោះទេ គឺលោកទុកឱកាសឱ្យទេ តែក្រុមនេះ បានបំផ្លាញខ្លួនឯង និងត្រូវបន្ទោសមាត់ខ្លួនឯងដែលអត់មានគម្រប។
បើតាមលោក ហ៊ុន សែន ការធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតគឺក្នុងគោលដៅពង្រឹងឱ្យមានការទទួលខុសត្រូវលើការបោះឆ្នោតរបស់អ្នកនយោបាយ ដែលត្រូវឈរឈ្មោះឱ្យគេបោះឆ្នោតនិងជាចំណុចល្អរបស់ប្រជាជន ក្នុងលទ្ធិប្រជាធិបតេយ្យផងដែរ។
សូមរំឭកផងដែរថា រដ្ឋសភាកាលពីថ្ងៃទី ២៣ ខែមិថុនា បានអនុម័តយល់ព្រមទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតដោយសំឡេង ១១១ លើ ១១១ សំឡេង។
ក្រោយការអនុម័តរបស់រដ្ឋសភាលើសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតនេះគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ដោយសម្តែងការខកចិត្តជាខ្លាំង ដោយគណបក្សនេះសង្កេតឃើញវិសោធនកម្មច្បាប់បោះឆ្នោតត្រូវបានអនុម័តដោយរដ្ឋសភាគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា យ៉ាងតក់ក្រហល់ កៀកទៅនឹងថ្ងៃបោះឆ្នោតដែលជិតចូលមកដល់។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២៣ ខែមិថុនាបញ្ជាក់ថា គបម យល់ឃើញថា គោលបំណងរបស់ច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ មិនស៊ីចង្វាក់ជាមួយនឹងខ្លឹមសារនោះទេពីព្រោះវាមិនបានលើកស្ទួយគុណតម្លៃ នៃគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សដូចបានលើកឡើងក្នុងសំណើវិសោធនកម្មឡើយ។ ផ្ទុយទៅវិញ វាធ្វើឱ្យដំណើរការប្រជាធិបតេយ្យសេរីពហុបក្សកាន់តែរួមតូចចង្អៀតទៅវិញហើយបង្កឱ្យមានភាពភ័យខ្លាច ភាន់ច្រឡំ និងប៉ះពាល់ដល់ការសម្រេចចិត្តរបស់ម្ចាស់ឆ្នោតថែមទៀត។
ប៉ុន្តែបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាកាលពីថ្ងៃទី ២៣ ខែមិថុនា បានលើកឡើងថា គោលបំណងនៃការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានធ្វើឡើងដើម្បីកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» សំដៅលើការលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៅកម្ពុជានិងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ៕