ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីបន្តវេន បានលើកឡើងថា វិស័យព័ត៌មានជាចលករនៃបណ្តុំគំនិតនិងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍ ព្រមទាំងជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពអសកម្មនៅក្នុងសង្គមដែលត្រូវការជាចាំបាច់ ដើម្បីមានមូលដ្ឋានក្នុងការកែលម្អចំណុចខ្វះខាតនានា។
លោកលើកឡើងដូចនេះក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមការងារបណ្តាញផ្សព្វផ្សាយសង្គម កាលពីល្ងាចថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣។ លោក ហ៊ុន ម៉ាណែត ដែលជាសមាជិកគណៈអចិន្រៃ្តយ៍ និងជាបេក្ខជនបន្តវេននាយករដ្ឋមន្ត្រី គណបក្សប្រជាជនកម្ពុជាផងដែរនោះ បញ្ជាក់ថា វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំគំនិតស្មារតី និងទស្សនៈក្នុងការវិភាគពិចារណា ប្រកបដោយហេតុផល និងការសម្រេចចិត្តរបស់ពលរដ្ឋក្នុងនាមជាម្ចាស់ប្រទេស។
លោកមានប្រសាសន៍ថា៖ «វិស័យមួយនេះក៏ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពពិតជាក់ស្តែងរបស់សង្គម ដែលរាជរដ្ឋាភិបាល ត្រូវការជាចាំបាច់ ដើម្បីមានមូលដ្ឋានក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែលឿន និងមានប្រសិទ្ធភាព»។
លោកលើកឡើងថា ជាក់ស្តែង នៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសកន្លងមក វិស័យព័ត៌មានបានចូលរួមចំណែកដោយផ្អែកលើមុខងារសំខាន់ៗរួមមានការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ ជាអ្នកផ្តល់ព័ត៌មានពិត និងលឿនរហ័ស ពីលើដល់ក្រោម និងពីក្រោមឡើងលើ និងជាអ្នកផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹងសម្រាប់ប្រជាពលរដ្ឋ និងជាធាតុចូលសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល។
វិស័យព័ត៌មាន ជាអ្នកឃ្លាំមើល និងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់ និងជាអ្នកចូលរួមកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ និងប្រកបដោយតម្លាភាព ដែលបៀបដូចជាថ្នាំពេទ្យដ៏ពិសិដ្ឋសម្រាប់បម្រើឱ្យការអភិវឌ្ឍសង្គម ខណៈដែលព័ត៌មានក្លែងក្លាយ គឺប្រៀបដូចជាថ្នាំពុលសម្រាប់សង្គមជាតិទៅវិញ។ នេះបើតាមលោក ហ៊ុន ម៉ាណែត។
លោកគូសបញ្ជាក់ថា៖ «រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខ នៅតែបន្តការបេ្តជ្ញាចិត្តក្នុងការគាំពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិសេរីភាពខាងសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា»។
ទន្ទឹមនឹងនេះរដ្ឋាភិបាល ក៏តែងបានយកចិត្តទុកដាក់ក្នុងការរក្សានូវបរិយាកាសល្អនៃការប្រកបវិជា្ជជីវៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា តាមរយៈការធានាបាននូវការគោរពសិទ្ធិសេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងបោះពុម្ពផ្សាយដោយស្មើភាពគ្មានការរើសអើងគ្មានការគំរាមកំហែង និងមិនប្រកាន់និន្នាការនយោបាយឡើយ ។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាល គឺខិតខំប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាងដើម្បីផលវិជ្ជមានសម្រាប់ជាតិ និងប្រជាជន ដោយផ្តោតលើកិច្ចការសំខាន់ចំនួន ២ ទី១ ការជួយគ្នាក្នុងផលវិជ្ជមាន និងទី២ ការកាត់បន្ថយ និងសំដៅឈានទៅលុបបំបាត់ចំណុចអវិជ្ជមាន។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា CamboJA បានគាំទ្រទៅនឹងការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដោយថ្លែងថា វិស័យសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងអំពីបញ្ហាផ្សេងៗនៅក្នុងសង្គម និងជាការពិតជួយរដ្ឋាភិបាលក្នុងការជំរុញឱ្យមានកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព និងការប្រយុទ្ធប្រឆាំងភាពអសកម្ម អយុត្តិធម៌នៅក្នុងសង្គម។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក ណុប វី ក៏បានបញ្ជាក់ដែរថា ការចូលរួមរបស់វិស័យសារព័ត៌មាន មានប្រសិទ្ធភាពកម្រិតណានោះ គឺអាស្រ័យទៅលើសមត្ថភាព និងលទ្ធភាពរបស់ស្ថាប័នសារព័ត៌មាននីមួយៗ។
លោកបានថ្លែងថា៖ «បើសិនជាយើងមិនមានស្ថាប័នសារព័ត៌មានដែលមានសមត្ថភាព និងឯករាជភាពគ្រប់គ្រាន់ធ្វើកិច្ចការងារទាំងអស់នោះទេ អ្វីដែលដែលជាការយល់ឃើញរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ក៏មិនអាចទទួលបានជោគជ័យដែរ»។
បើតាមលោក ហ៊ុន ម៉ាណែត វិស័យព័ត៌មាន គឺជាកាតាលីករយ៉ាងសំខាន់បំផុតក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយព័ត៌មានអំពីសង្គមជាតិ ការបង្ហាញអំពីតថភាពសង្គមការអភិវឌ្ឍ ជាពិសេសជាកញ្ចក់ឆ្លុះយ៉ាងសំខាន់ ដើម្បីជាមូលដ្ឋានក្នុងការកែប្រែភាពអសកម្ម ភាពអវិជ្ជមាន ឬបញ្ហាខ្វះខាតផ្សេងៗដើម្បីនឹងកែលម្អឱ្យល្អប្រសើរ។
លោកថា៖ «អ្វីដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់វិស័យសារព័ត៌មាន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាដែលបង្កើនវិសាលភាពនៃការផ្សព្វផ្សាយព័ត៌មានទៅគ្រប់មជ្ឈដ្ឋាន និងទូលំទូលាយនោះ គឺដោយសារប្រទេសជាតិមានសន្តិភាព ស្ថិរភាពសន្តិសុខ និងការបើកសិទ្ធិសេរីភាពគ្រប់បែបយ៉ាងជូនដល់ប្រជាពលរដ្ឋ»៕