ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយផ្លូវជាសរសៃឈាមសម្រាប់សេដ្ឋកិច្ច ជាពិសេសបម្រើដល់ផ្នែកដឹកជញ្ជូនពីតំបន់មួយទៅតំបន់មួយ និងការតភ្ជាប់ពីខេត្តមួយទៅខេត្តមួយ។
ការលើកឡើងរបស់លោក សាយ សំអាល់ ដែលជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុផងនោះធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៣។
លោកបានថ្លែងថា៖ «បច្ចុប្បន្នខេត្តព្រះសីហនុ បានក្លាយជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដូច្នេះហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តត្រូវពន្លឿនឱ្យបានលឿនបំផុត ដូចដែលយើងបានឃើញមានស្រាប់ក្នុងនោះមានផ្លូវថ្នល់ស្ពានសាលារៀន មន្ទីរពេទ្យ ទឹកភ្លើង»។
តាមរយៈក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុលោកបានបន្តថា នៅពេលមានផ្លូវគ្រប់គ្រាន់និងប្រកបដោយគុណភាព ក៏ជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគិនមកបណ្តាក់ទុនឱ្យកាន់តែច្រើន បង្កើតការងារ និងបង្កើនប្រាក់ចំណូលប្រជាពលរដ្ឋកម្ពុជា។
លោកបានបញ្ជាក់ថា៖ «ផ្លូវថ្នល់ជាសរសៃឈាមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ពិសេសផ្នែកដឹកជញ្ជូនទំនិញពីខេត្តមួយទៅខេត្តមួយ តំបន់មួយទៅតំបន់មួយនិងការសហការទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសជិតខាងផងដែរ»។
ឆ្លៀតក្នុងឱកាសនោះ លោក សាយ សំអាល់ ស្នើឱ្យយុវជនយកចិត្តទុកដាក់ស្វែងរកចំណេះជំនាញ ខិតខំរៀនសូត្រដើម្បីក្លាយខ្លួនជាបញ្ញវន្តក្នុងការចូលរួមចំណែកជាមួយសង្គមជាតិ គួបផ្សំការសិក្សាបន្ថែមទៅលើភាសាបរទេសផងដែរ។
លោកថា៖ «កាលណាយុវជនមានចំណេះជំនាញត្រឹមត្រូវ នោះធនធានមនុស្សកម្ពុជាក៏កាន់តែច្រើន រកការងារធ្វើក៏កាន់តែស្រួល ក្នុងនោះក៏ត្រូវគិតគូរចំពោះនារីដែលជាផ្នែកមួយសំខាន់ក្នុងការផ្គត់ផ្គង់គ្រួសារ កិច្ចការងារសង្គម និងជាផ្នែកមួយមិនអាចខ្វះបាន»។
ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធនេះ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែដងទង់ នៅខេត្តកោះកុងពីថ្ងៃទី ២៣ ខែមិថុនា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងដែរថា ក្រសួងបាន និងកំពុងអនុវត្តគម្រោងផ្លូវក៏ដូចជាគ្រោងនឹងសិក្សាវិស័យហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ទាំងផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងផងដែរ។
លោកបានបញ្ជាក់ថា៖ «ក្នុងនោះ គម្រោងលើកកម្រិតផ្លូវជាតិ ផ្លូវខេត្ត គម្រោងផ្លូវល្បឿនលឿន រថភ្លើងល្បឿនលឿន រថភ្លើងក្រោមដី និងលើអាកាស នៅរាជធានីភ្នំពេញ និងគម្រោងកំពង់ផែនានា ដែលទាំងអស់នេះគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ និងលើកកម្ពស់ការតភ្ជាប់អន្តរវិស័យ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានលើកឡើងនាពេលកន្លងមកថា រាជរដ្ឋាភិបាលកម្ពុជានៅតែផ្តល់អាទិភាពដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដើម្បីដោះស្រាយការលំបាកនៃការធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖ «ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការបែងចែកផ្លែផ្កាសេដ្ឋកិច្ចជាតិប្រកបដោយសមធម៌។ នៅពេលខាងមុខ រាជរដ្ឋាភិបាលកម្ពុជានឹងអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតសម្រាប់បម្រើប្រយោជន៍ប្រជាជនកម្ពុជា»៕