ភ្នំពេញៈអង្គការចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ នេះ មានសង្កាត់ចំនួន ៨ នៅរាជធានីភ្នំពេញ បានចូលរួមធ្វើយុទ្ធនាការផ្សព្វផ្សាយស្ដីពីការហាមលក់ និងការចែកចាយបារីអេឡិចត្រូនិកទៅដល់ទីតាំងអាជីវកម្មនៅមូលដ្ឋានរបស់ខ្លួន ក្រោយសង្កេតឃើញថា ការចែកចាយ និងការប្រើប្រាស់បារីអេឡិចត្រូនិកបានបន្តកើនឡើង។
តាមការប្រកាសរបស់អង្គការនេះបានឱ្យដឹងថា សង្កាត់៨ ដែលបានចូលរួមក្នុងយុទ្ធនាការ គឺមានសង្កាត់ទួលសង្កែ២ សង្កាត់ទឹកថ្លា សង្កាត់ផ្សារដេប៉ូទី៣ សង្កាត់ដង្កោ សង្កាត់ចោមចៅទី១ សង្កាត់បឹងសាឡាង សង្កាត់ជ្រោយចង្វារ សង្កាត់ទួលទំពូងទី១ ដោយអាជ្ញាធរក្នុងសង្កាត់ទាំងនោះ បានចូលរួមចុះផ្សព្វផ្សាយជុំវិញការហាមលក់ ការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក។
អង្គការចលនាដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ថា៖«យុទ្ធនាការនេះ គឺមានគោលបំណងចូលរួមទប់ស្កាត់ការចែកចាយ លក់បារីអេឡិចត្រូនិក និងស្នើសុំកិច្ចសហការ ជាមួយម្ចាស់អាជីវកម្មនានាកុំឱ្យលក់ ឬផ្ដល់ទីតាំងប្រើប្រាស់បារីអេឡិចត្រូនិក ដោយចូលរួមរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើដឹងថា មានការចែកចាយលក់ ឬប្រើប្រាស់បារីអេឡិចត្រូនិក នៅទីតាំងណាមួយ»។
លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៥ ខែមិថុនាថា ការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ឬវេបនៅតែបន្តកើនឡើងតាមរយៈបណ្តាញព័ត៌មានសង្គម ក៏ដូចជា Facebook TikTok និង Telegram ជាដើម បើទោះជាផលិតផលនេះត្រូវបានរដ្ឋាភិបាលកម្ពុជា ធ្វើការហាមឃាត់ និងប្រកាសថា ខុសច្បាប់យ៉ាងណាក៏ដោយ។
លោក បានឱ្យដឹងបន្តថា ការប្រកាសចូលរួមរបស់សង្កាត់នីមួយៗនេះ បន្ទាប់ពីអង្គការចលនាដើម្បីសុខភាពកម្ពុជា បានធ្វើសិក្ខាសាលាមួយ ដើម្បីកៀរគរឱ្យអាជ្ញាធរនៅក្នុងសង្កាត់ទាំងនោះចូលរួមសហការ និងអនុវត្តវិធានការទៅលើការចែកចាយ និងការប្រើប្រាស់បារីអេឡិចត្រូនិកនេះ។
លោក បានបញ្ជាក់ថា៖«បារីអេឡិចត្រូនិកនេះ គឺត្រូវបានហាមឃាត់ហើយប៉ុន្តែឈ្មួញ គឺនៅតែបន្តបំពាន ជាពិសេសអ្នកលក់តាមអនឡាញ គាត់នៅតែបន្តផ្សព្វផ្សាយលក់យ៉ាងគគ្រឹកគគ្រេង។ អ៊ីចឹងបានជានៅតែមានអ្នកប្រើប្រាស់។ ជាបន្តទៅទៀតនេះ ដើម្បីឱ្យការហាមឃាត់កាន់តែមានប្រសិទ្ធភាព យើងត្រូវគិតទៅដល់យន្តការ ២ គឺត្រូវធ្វើម៉េចឱ្យមានការអន្តរាគមន៍ទៅលើអ្នកលក់ឱ្យបានខ្លាំងក្លាជាងមុន ដើម្បីឱ្យគាត់ឈប់លក់បន្តទៅទៀត»។
លោក សុំ គង់ យល់ថា កត្តាដែលឈ្មួញនៅតែបន្តចែកចាយបារីអេឡិចត្រូនិក ព្រោះតែពួកគេយល់ថា ចំណាត់ការរបស់សមត្ថកិច្ច នៅមានកម្រិត និងហាក់មិនមានការអើពើ ដែលបណ្តាលឱ្យផលិតផលខុសច្បាប់នេះ នៅតែបន្តចែកចាយ និងងាយរកទិញបាននៅលើទីផ្សារនៃប្រទេសកម្ពុជា។
គិតត្រឹម៦ខែ ចុងក្រោយនេះ ការកើនឡើងលក់ ការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ឬវេប កើនឡើង៣ដង បើធៀបនឹងឆ្នាំ២០២១ បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ចបានចុះចាប់ និងធ្វើកិច្ចសន្យាកន្លងមកក៏ដោយ។ នេះបើយោងតាមការអង្កេតត្រួតពិនិត្យជាប្រចាំរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា បានបង្ហាញក្នុងសិក្ខាសាលាស្ដីពីបារីអេឡិចត្រូនិកនៅរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
តាមការប្រកាសរបស់អង្គការនេះ ការប្រើប្រាស់បារីអេឡិចត្រូនិក បង្កផលប៉ះពាល់ដល់សុខភាព បណ្តាលឱ្យញៀន បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បេះដូង និងសួត រហូតដល់បាត់បង់ជីវិត ព្រោះបារីអេឡិចត្រូនិក ៩៩ភាគរយមានផ្ទុកជាតិនីកូទីន។
បន្ថែមពីនេះ ការប្រើប្រាស់បារីអេឡិចត្រូនិកក្នុងចំណោមកុមារ និងមនុស្សវ័យជំទង់ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរក្បាល ដែលនាំឱ្យកើតមានផលវិបាករយៈពេលវែងសម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ការចងចាំ ការសិក្សា និងបង្កជំងឺការថប់អារម្មណ៍ ខណៈការស្រូបចំហាយបារីអេឡិចត្រូនិក ដោយប្រយោលពីគេ ក៏ទទួលនូវគ្រោះថ្នាក់ផងដែរ។ នេះបើតាមអង្គការដដែល៕