ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​ក្រសួង​យុ​ត្តិ​ធម៌​ត្រូវ​ក្តាប់​នយោបាយ​ព្រហ្មទណ្ឌ​ឱ្យ​ជាប់ ដោយ​មិនត្រូវ​មើលស្រាល​ឡើយ ដើម្បី​ធានា​ស្ថិរភាព និង​សន្តិភាព​របស់​ប្រទេស ដោយ​លោក​បញ្ជាក់ថា កម្ពុជា​ពោរពេញ​ទៅដោយ​ «​អំពើ​ជ្រុលនិយម​ហួសហេតុ​»​។​

​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​សាលា​យុ​ត្ដិ​ធម្ម​របស់​ក្រសួង​យុត្តិធម៌​នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំ​ពេញ នា​ថ្ងៃទី ​២៦ ខែមិថុនា លោក ហ៊ុន សែន​ថ្លែងថា ក្រសួងយុត្តិធម៌​ក្នុងនាម​តំណាងឱ្យ​រាជ​រដ្ឋា​ភិ​បាល​នៅក្នុង​ឧត្ដមក្រុមប្រឹក្សា​នៃ​ចៅក្រម​ចាំបាច់​ត្រូវ​គ្រប់គ្រង​នយោបាយ​ព្រហ្មទណ្ឌ​ឱ្យ​រឹងមាំ​ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា ដែល​ពោរពេញ​ទៅដោយ «​អំពើ​ជ្រុលនិយម​ហួសហេតុ​» ដែល​បន្ត​វត្ត​មាននៅ​កម្ពុជា​។

​លោក​ថ្លែងថា​៖ «​ដូច្នេះ ទាមទារ​ឱ្យ​រាជ​រដ្ឋា​ភិ​បាល​តាមរយៈ​ក្រសួងយុត្តិធម៌​ត្រូវ​ក្តាប់​នយោបាយ​ព្រហ្មទណ្ឌ​ឱ្យ​ជាប់ ហើយ​ចំណុច​នេះ​មិនត្រូវ​មើលស្រាល​ទេ​ណា​! ហេតុ​អី​បានជា​នៅ​ប្រទេសជិតខាង​យើង​សុខៗ​ផ្ទុះអាវុធ​? ហើយ​ឥឡូវនេះ រត់​ចូលមកក្នុង​ស្រុក​របស់​យើង​មួយចំនួន​ហើយ​។ មួយចំនួន​កំពុង​លាក់ខ្លួន​នៅក្នុង​ប្រទេស​របស់​យើង​។ ហេតុ​អី​បានជា​រុស្ស៊ី​បានចាប់ផ្ដើម​មាន​កម្លាំង​ប្រដាប់​អាវុធ​បះបោរ​។ នេះ​ជា​បញ្ហា​មួយ​ដែល​គួរស្វែងយល់​អំពី​ស្ថានភាព​នៅ​រុស្ស៊ី​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​។ ហេតុ​អី​ប្រទេស​មហាអំណាច​មួយ​ទៅជា​មាន​កងទ័ព​ស៊ីឈ្នួល​? ឥឡូវ​កងទ័ព​ស៊ីឈ្នួល​វា​មិនមែន​ទៅ​វ៉ៃ​នៅ​អ៊ុយ​ក្រែ​ន​ឯណា​! វា​វ៉ៃ​បក​ចូល [​ទីក្រុង​] ម៉ូស្គូ ​(Moscow)​។ អា​ហ្នឹង​វា​ជា​រឿង​មួយ​ដែល​ត្រូវ​គិត​»​។​

​លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា នៅក្នុង​កាលៈទេសៈ​ដើម្បី​ធានា​ស្ថិរភាព សន្តិភាព​របស់​ប្រទេស​និង​ស្ថិរភាព​ខាង​នយោបាយ ការគ្រប់គ្រង​នយោបាយ​ព្រហ្ម​ទណ្ឌ​ត្រូវតែ​ជា​កាតព្វកិច្ច​ចាំបាច់ ដែល​រាជរដ្ឋាភិបាល​ត្រូវធ្វើ​។​

​កាលពី​ថ្ងៃទី ​១៦ ​មិថុនា លោក​ហ៊ុន សែន​បានចេញ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដោយ​ចំហ​ទៅកាន់​កម្លាំង​ប្រដាប់អាវុធ​ជាពិសេស​នៅតាម​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ទឹកដី​ខេត្តរតនគិរី និង​មណ្ឌលគិរី ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ត្រៀម​ទប់ស្កាត់​ក្រុម​បះបោរ​ជន​ជាតិ​ភាគតិច​នៃ​ប្រទេស​វៀតណាម​ដែលមាន​បំណង​រត់​ចូលក្នុង​ទឹក​​ដី​កម្ពុជា​។​

​លោក​យង់ ពៅ អគ្គលេខា​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ២៦ ខែ​មិថុនា​ថា ការណ៍​នេះ​ត្រូវ​បែងចែក​ឱ្យ​ច្បាស់​រវាង​សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​បទ​ញុះញង់ ដែលនាំឱ្យ​មាន​ចលាចល​ដល់​សង្គម​ដែល​អាច​ដល់​ទោសទណ្ឌ​ព្រហ្ម​ទណ្ឌ​ជាដើម​។ ប្រជាជន​កម្ពុជា​អាច​ងាយ​នឹង​ជឿ​ទៅលើ​ការ​ឃោសនា និង​ការ​ញុះញង់​។

​ប្រ​សិន​បើ​មិនមាន​ការគ្រប់គ្រង​ឱ្យបាន​ច្បាស់លាស់​លើ​បញ្ហា​នេះ​ទេ វា​អាច​នឹង​ធ្លាក់ចូល​ទៅដល់​វិបត្តិ​នេះ​។ លោក​ថ្លែងថា​៖ «​វិបត្តិ​នេះ មិន​ត្រឹមតែ​អ្នក​ដែល​ធ្លាក់​ចូលទៅ​ក្នុងការ​ញុះញង់ និង​មាន​បញ្ហា​ទេ​សូម្បីតែ​សង្គម​ក៏មាន​បញ្ហា​ដែរ​។ ដូច្នេះ​ការដែល​គ្រប់​គ្រង​ទៅលើ​បញ្ហា​នេះ​ឱ្យបាន​ល្អ​និង​មាន​សណ្ដាប់ធ្នាប់​គឺអាច​រក្សា​ស្ថិរភាព​សង្គម​បាន​តទៅទៀត​។ អ៊ីចឹង​កន្លែង​នេះ​ខ្ញុំ​ចង់​បញ្ជាក់​ឡើងវិញ​ថា ត្រូវ​បែងចែក​ឱ្យ​ច្បាស់ ពី​សេរីភាព​ក្នុងការ​បញ្ចេញមតិ​និង​ភាពអនាធិបតេយ្យ នៃ​ការបញ្ចេញមតិ ដែល​នាំទៅដល់​ចលាចល​សង្គម​ហ្នឹង​»៕