ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យក្រសួងយុត្តិធម៌ធ្វើការពន្លឿនការរៀបចំក្របខ័ណ្ឌច្បាប់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីពន្លឿនដំណើរការតុលាការពាណិជ្ជកម្ម និងតុលាការការងារ ប្រកបដោយគុណភាព តម្លាភាព និងភាពជឿទុកចិត្តបាន។
លោកបានថ្លែងដូចនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្ដិធម្ម» របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣។
លោកថ្លែងថា៖ «ការធ្វើបែបនេះ ដើម្បីសម្រាប់បង្កើនជំនឿទុកចិត្តលើការវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា ហើយត្រូវបន្តខិតខំយកចិត្តទុកដាក់ជំរុញការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈក្រឡាបញ្ជី ច្បាប់ស្ដីពីលក្ខន្តិកៈអាជ្ញាសាលា ច្បាប់ស្តីពីលក្ខន្តិកៈសារការី ព្រមទាំងច្បាប់ដែលមានការពាក់ព័ន្ធផ្សេងទៀត ឱ្យបានឆាប់ដែលជាមូលដ្ឋានគតិយុត្ត ក្នុងការគ្រប់គ្រង និងលើកកម្ពស់វិជ្ជាជីវៈច្បាប់ ប្រកបដោយតម្លាភាព ទាំងបច្ចុប្បន្ន និងអនាគត»។
លោកថ្លែងបន្តថា នៅក្នុងសេចក្តីព្រាងច្បាប់តុលាការពាណិជ្ជកម្មនេះ ត្រូវតែពន្លឿន ដោយសារបញ្ហាកាន់តែធំ កាន់តែច្រើន ដែលរាជរដ្ឋាភិបាល កំពុងតែអភិវឌ្ឍប្រទេសដោយពង្រឹងនូវការជឿជាក់នៃការធ្វើធុរកិច្ចនៅកម្ពុជា ដូច្នេះស្នើឱ្យមន្ត្រីជំនាញខិតខំពង្រឹងឱ្យចេញនូវច្បាប់ស្តីពី តុលាការពាណិជ្ជកម្ម នៅក្នុងនីតិកាលខាងមុខនេះ។ «ត្រូវរៀបចំនូវតុលាការពាណិជ្ជកម្មនេះឡើង ដើម្បីកាត់ក្តីទៅលើរឿងនេះ ដែលយើងមានតុលាការកាត់គ្រប់រឿងហើយ (អ៊ី) ចឹងទេ យើងត្រូវមានតុលាការឯកទេស ១ នេះផងដែរ»។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែម។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រាប់ឱ្យដឹងថា គិតមកដល់ពេលនេះ ក្រសួងបានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឈានទៅបង្កើតសេចក្ដីព្រាងច្បាប់ ពាក់ព័ន្ធពាណិជ្ជកម្ម ហើយក៏បានកំណត់ទីតាំងរួចហើយ សម្រាប់សាងសង់តុលាការពាណិជ្ជកម្មនេះ។
លោកថ្លែងថា៖ «ក្រសួងបានដាក់ការងារនេះជាអាទិភាព ដើម្បីឈានទៅសម្រេចឱ្យបាននៅនីតិកាលបន្ទាប់ ដោយគិតមកដល់ពេលនេះការងារនេះសម្រេចបាន ៥០ ភាគរយហើយ។អ្វីដែលយើងចង់បានពិតប្រាកដ គឺការបង្កើតតុលាការពាណិជ្ជកម្ម និងតុលាការការងារ ដែលធានាបាននូវតម្លាភាពនិងការជឿទុកចិត្ត ហើយដើម្បីធានាលើការងារនេះ ក្រសួងយុត្តិធម៌បានចាប់ផ្តើមធ្វើការងារជាមួយដៃគូពាក់ព័ន្ធ ហើយផ្ទៃក្នុងយើងក៏មានរៀបចំក្រុមការងារដើម្បីធ្វើសេចក្តីព្រាងច្បាប់ទាក់ទងនឹងនីតិវិធីនៃការបង្កើតតុលាការពាណិជ្ជកម្មនេះ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៦ ខែមិថុនា ដែរថា តុលាការពាណិជ្ជកម្ម និងតុលាការងារ ជាចំណុចសំខាន់សម្រាប់អ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគបរទេស ដែលជាទំនុកចិត្តមួយថ្មី ក្នុងការវិនិយោគនៅកម្ពុជា។
លោក ថ្លែងថា៖ «កន្លងទៅការដោះស្រាយវិវាទពាណិជ្ជកម្ម យើងប្រើប្រាស់តុលាការទូទៅ វាមានភាពយឺតយ៉ាវ និងចំណាយពេលវេលា និងថវិកាច្រើន ដូច្នេះតុលាការពាណិជ្ជកម្មនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ យើងបានធ្វើការជាមួយក្រសួងយុត្តិធម៌ហើយ ប៉ុន្តែមិនទាន់បានចេញជាលទ្ធផលនៅឡើយទេ ហេតុនេះនៅពេលដែលមានការជំរុញពីប្រមុខរាជរដ្ឋាភិបាលបន្ថែមបែបនេះ វិស័យឯកជនមាន ការសាទរខ្លាំងណាស់»។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការបង្កើតឱ្យមានតុលារការពាណិជ្ជកម្មនេះ វាមានសារៈសំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគឱ្យចូលមក ដើម្បីធានាក្នុងការដោះស្រាយវិបត្តិ ឬជម្លោះពាណិជ្ជកម្ម»។
បើតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ការបង្កើតតុលាការពាណិជកម្ម និងតុលាការការងារ ក៏មានការជួយជ្រោមជ្រែងពី ADB ដោយតុលាការនេះ នឹងអាចចេញជារូបរាងនៅនីតិកាលក្រោយនេះ ហើយការផ្តល់ទំនុកចិត្ត គឺជារឿងសំខាន់ ដែលជំរុញឱ្យមានការបង្កើតតុលាការនេះ៕