ភ្នំពេញៈ របាយការណ៍របស់អង្គការទស្សនៈពិភពលោកកម្ពុជា (World Vision) បានបង្ហាញថា កុមារ និងពលរដ្ឋងាយរងគ្រោះជាង ៤,៥ លាននាក់ទទួលបានការគាំទ្រពីគម្រោងរបស់ខ្លួន ខណៈផែនការយុទ្ធសាស្ត្រ៥ឆ្នាំបន្ត គឺធ្វើយ៉ាងណាសម្រេចឱ្យបាននូវសុខុមាលភាពប្រកបដោយនិរន្តរភាពសម្រាប់កុមារី និងកុមារាចំនួន៥លាននាក់។
ការអះអាងនេះត្រូវបានចងក្រងនៅក្នុងរបាយការណ៍ចំនួន ២ ច្បាប់ផ្សេងគ្នាគឺសៀវភៅផែនការយុទ្ធសាស្ត្រប្រចាំប្រទេសឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ ដែលមាន ២២ ទំព័រ និងរបាយការណ៍ប្រចាំឆ្នាំ ២០២២ ដែលមានជិត៥០ទំព័រត្រូវបានបោះពុម្ពផ្សាយ និងផ្ញើមកកាន់ភ្នំពេញប៉ុស្តិ៍នៅចុងខែមិថុនានេះ។
របាយការណ៍ប្រចាំឆ្នាំ ២០២២ របស់World Vision ឱ្យដឹងថា អង្គការខិតខំប្រឹងប្រែងបន្តផ្តល់ការគាំទ្រដល់កុមារ និងសហគមន៍ងាយរងគ្រោះបំផុតឱ្យងើបចេញពីវិបត្តិនៃជំងឺកូវីដ ១៩ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់។ របាយការណ៍បន្តថា ក្នុងរយៈពេល ១ ឆ្នាំមកនេះ គម្រោងទាំងអស់របស់អង្គការបានផ្ដល់ផលជាវិជ្ជមាន (ដោយផ្ទាល់ និងដោយប្រយោល) ដល់ប្រជាជនជាង ៤,៥ លាននាក់ ដែលក្នុងនោះរួមមានកុមារចំនួនជាង ១,៣ លាននាក់ នៅក្នុងខេត្តចំនួន ១៤ និងរាជធានីភ្នំពេញ ខណៈកុមារចំនួន ៨៧៦ ៧០០ នាក់ ឬស្មើ ៦៧ ភាគរយត្រូវបានចាត់ជាក្រុមងាយរងគ្រោះបំផុត។
ជាលទ្ធផលជាក់ស្តែង របាយការណ៍នេះ ក៏បានអះអាងដែរថា៖ «៥០ ភាគរយ នៃកុមារមានទម្ងន់ទាបក្រោមស្តង់ដាចំនួន ១០ ១៩៧ នាក់បានធូរស្រាលពីបញ្ហាកង្វះអាហារូបត្ថម្ភ ហើយកុមារជាង ៦៣ ០០០ នាក់បានទទួលផលពីកម្មវិធីជំរំអំណានចំនួន ៨៣៥ នៅក្រោយម៉ោងសិក្សានៅមជ្ឈមណ្ឌលសហគមន៍ ខណៈប្រជាជនចំនួនជាង ២៦៤ ០០០ នាក់ បានចូលរួមនៅក្នុងសកម្មភាពគម្រោង ការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គមនៅមណ្ឌលសុខភាពចំនួន ៤១០ កន្លែង សាលារៀនចំនួន ២ ៤០០ និងឃុំចំនួន ៥៣០»។
បន្ថែមពីនេះ តាមរយៈគម្រោងរបស់ World Vision ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ ក៏បានគាំទ្រដល់សមាជិកសហគមន៍កសិកម្មជាង ៨ ៥០០ នាក់ ដើម្បីអាចរកប្រាក់ចំណូលខ្ពស់ជាងមុន តាមរយៈការចូលរួមក្នុងសហគមន៍កសិកម្មចំនួន ៥៧ និងសកម្មភាពបង្កើតសេដ្ឋកិច្ចផ្សេងទៀត។
របាយការណ៍បញ្ជាក់ថា៖ «តាមរយៈការសហការជាមួយរាជរដ្ឋាភិបាលអាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក និងឃុំ យើងខ្ញុំបានផ្ដល់កញ្ចប់ម្សៅចម្រោះទឹកស្អាត P&G ចំនួន ២០៤ ៤៧០ កញ្ចប់ និងស្បៀងអាហារ ព្រមទាំងសម្ភារបរិក្ខារអនាម័យដល់ប្រជាជនជាង ១៦ ០០០ នាក់និងកុមារជាង ៨ ០០០ នាក់ ក្រោមការសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ»។
ទន្ទឹមនឹងសមិទ្ធផលនេះ របាយការណ៍យុទ្ធសាស្ត្ររបស់អង្គការនេះ ដោយផ្អែកលើកម្រងកិច្ចពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធជាច្រើនបង្ហាញថា ផែនការបន្តរយៈពេល ៥ ឆ្នាំទៅមុខ World Vision បានពិចារណាអំពីស្ថានភាពបន្ទាប់ពីជំងឺកូវីដ ១៩ និងការសន្យារបស់ខ្លួនចំពោះកុមារងាយរងគ្រោះបំផុតផងដែរ។ «គោលដៅយុទ្ធសាស្ត្ររបស់ World Vision ប្រចាំនៅកម្ពុជាសម្រាប់ឆ្នាំ ២០២៣-២០២៧ គឺដើម្បីសម្រេចបានសុខុមាលភាពប្រកបដោយនិរន្តរភាពសម្រាប់កុមារី និងកុមារាចំនួន ៥ លាននាក់ ជាពិសេសកុមារងាយរងគ្រោះបំផុត»។
លោក Janes Imanuel Ginting នាយកប្រចាំប្រទេសនៃ World Vision ថ្លែងថា ដើម្បីឆ្លើយតបសេចក្តីប្រាថ្នានេះ យើងនឹងអនុវត្តកម្មវិធីអាទិភាពចំនួន ៣ ដែលផ្តោតការយកចិត្តទុកដាក់លើកុមារ ក្នុងនោះ មានកម្មវិធីអាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ និងជីវភាព, កម្មវិធីកិច្ចការពារកុមារ និងការចូលរួម និងកម្មវិធីអប់រំ។
«ការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ និងភាពធន់នឹងអាកាសធាតុ, សមភាពយេនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម (GEDSI), ការជះឥទ្ធិពលលើគោលនយោបាយ និងការពង្រឹងប្រព័ន្ធ (ផ្តល់សេវា), ការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម និងការចូលរួមរបស់កុមារនិងយុវជន ត្រូវបានរួមបញ្ចូលជាកិច្ចការឆ្លងវិស័យដែលមាននៅក្នុងគ្រប់កម្មវិធីទាំងអស់»។
លោកថា គម្រោងរបស់អង្គការ ក៏មានផែនការពង្រីកការគ្របដណ្ដប់ភូមិសាស្ត្របន្ថែមទៀត ពោលគឺពីចំនួន ១៤ ខេត្ត នៅក្នុងយុទ្ធសាស្ត្រកន្លងមក (២០១៨-២០២២) ដល់ចំនួន ២៣ ខេត្ត៕