ភ្នំពេញៈ រដ្ឋមន្ត្រី និង​មន្ត្រី​ជំនាញ​ក្រសួងកសិកម្ម បានដាក់​វិធានការ​ម៉ឺងម៉ាត់ ឱ្យ​មន្ត្រី​ជំនាញ​ជលផល និង​អាជ្ញាធរ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ រួមគ្នា​ស្រាវ​ជ្រាវ និង​បង្ក្រាប​បទល្មើស ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ណាប​ង្ក​វិនាសកម្ម​បំផ្លាញ​ធនធាន​មច្ឆជាតិ ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់ ត្រូវតែ​នាំខ្លួន​មក​អនុវត្ត​ច្បាប់​។​

​ការដាក់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ពេលនេះ​ធ្វើឡើង​ក្នុងពេល លោក​បាន​ចុះ​ពិនិត្យ​ស្ថានភាព​លើ​ផ្ទៃ​បឹង​​ទន្លេសាប​ក្នុង​ខេត្ត កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ បាត់ដំបង និង​ខេត្តសៀមរាប តាម​ឧទ្ធម្ភាគចក្រ នៅ​ព្រឹក​ថ្ងៃទី​ ២៥ ខែមិថុនា កន្លងទៅនេះ​។​

​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​គណៈកម្មការ​អន្ដរក្រសួង ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ នៅ​បឹង​ទន្លេសាប រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​ខេត្ត​ជាប់​បឹង​ទន្លេសាប បានធ្វើ​ទស្សនកិច្ច​ស្វែងយល់​ពី​ស្ថានភាព​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្ត​ចំនួន​ ៥ នេះ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរខេត្ត​ទាំង ៥ ព្រម​ទាំង​តំណាង​មកពី​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំងអស់​។ នេះ​បើ​យោងតាម​ហ្វេ​ស​​ប៊ុ​ក​ក្រសួងកសិកម្ម ចេញផ្សាយ​នៅ​ថ្ងៃទី ​២៥ ខែមិថុនា​។

​ការចុះពិនិត្យ​ស្ថានភាព​លើ​ផ្ទៃ​បឹង​ទន្លេ​សាប​ក្នុង​ខេត្ត​ចំនួន​ ៥ ដើម្បី​ពិនិត្យមើល​ស្ថានភាព​តំបន់​ឡូត៍ ឬ​ជម្រក​ត្រី​សំខាន់ៗ​នៅតាម​បណ្តា​ខេត្ត​ទាំងនោះ ដូចជា តំបន់​ឆ្នុកទ្រូ ជ្រោយ​ស្តី កំពង់​ប្រាក់ បឹង​ទន្លេ​ឆ្មារ កំពង់​ភ្លុក និង​ព្រែក​ទាល់​ជាដើម​។​

​ប្រភព​ដដែល​បញ្ជាក់ថា ការចុះពិនិត្យ​ស្ថានភាព​លើ​ផ្ទៃ​បឹង​ទន្លេសាប​បាន​ធ្វើឡើង​ក្នុងអំឡុង​រដូវ​បិទ​នេសាទ ចាប់ពី​ខែមិថុនា រហូតដល់​ខែតុលា​។ អំឡុង​ពេលនេះ គឺជា​ពេលវេលា​ដ៏​សំខាន់ សម្រាប់​ប្រភេទ​ត្រី​ធ្វើ​ចរាចរណ៍​ផ្លាស់​ទី ជាច្រើន​ប្រភេទ បន្ត​ពូជ​រក​ចំណី និង​លូតលាស់​ធំធាត់ ដូចជា ត្រី​រៀល​តុ​ប និង​រៀល​អង្កាម ដែល​តំណាងឱ្យ​ផល​ចាប់​ត្រី​ទឹកសាប​ភាគច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៦ ខែមិថុនា​ថា ក្នុង​រដូវ​បិទ​នេសាទ​នេះ​ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ដែលមាន​ជំនាញ​រដ្ឋបាល​ជលផល​ជា​សេនាធិការ​បាន​ចុះ​ផ្សព្វផ្សាយ ដល់​ប្រជា​នេសាទ ឱ្យបាន​ដឹង​ពី​ពេលវេលា​នៃ​រដូវ​បិទ និង​បើក​នេសាទ ព្រមទាំង​ឧបករណ៍​ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​រដូវ​បិទ​នេសាទ​ផងដែរ​។

លោករដ្ឋ​មន្ត្រីកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ ឌិត ទីណា និងអាជ្ញាធរមូលដ្ឋាន។ រូបថត ក្រសួងកសិកម្ម

​លោក​បន្តថា ការផ្សព្វផ្សាយ​នេះ​ទៀតសោត ក៏បាន​ធ្វើឡើង​តាមរយៈ​គណៈ​​បញ្ជាការ​ឯកភាព​ស្រុក​នីមួយៗ ដែលមាន​ជំនាញ​ទាំងអស់ រួមមាន​កម្លាំង​ប្រដាប់អាវុធ សហគមន៍ និង​ជំនាញ​ជលផល ចុះ​ទៅដល់​មូលដ្ឋាន​ធ្វើការ​អប់រំ ណែនាំ និង​បង្ក្រាប​ករណី​ចាំបាច់​ប្រសិន​បើ​មាន​ករណី​ធ្វើ​ខុសពី​ច្បាប់​ដែលមាន​ជា​ធរមាន​។ យ៉ាងណាក្តី នៅតែមាន​អ្នកនេសាទ​មួយចំនួន​បន្ត​ប្រើប្រាស់ ឧ​បករ​ណ៍​នេសាទ​វែង ឬ​ខុស​ខ្នាត ដែល​ច្បាប់​កំណត់ ដែលជា​ចំណុច​មន្ត្រី​ជំនាញ​បាន​អប់រំ​បន្តបន្ទាប់​។

​លោក​ថ្លែងថា​៖ «​បទល្មើស​នេសាទ​សម្រាប់​អ្នកនេសាទ​ការប្រើប្រាស់​ឧ​បករ​ណ៍​នេសាទ​សម្រាប់​ចិញ្ចឹមជីវិត ចៀស​មិន​រួច​ទេ ​[​ករណី​ល្មើស​] គាត់​មិនអាច​ថា ឱ្យ​ច្បាស់ ១០០ ភាគរយ​ទេ នៅតែមាន​ខុស​អ៊ីចឹង​ឯង ប៉ុន្តែ​ទោះបី​តូចក្តី​ក៏​យើង​នៅតែ​អប់រំ​ណែនាំ ហើយ​បើ​នៅតែ​មិន​រាង​ចាល​យើង​ត្រូវអនុវត្ត​នីតិវិធី​ច្បាប់​»​។​

​លោក​ថ្លែងថា ចំពោះ​ការអនុវត្ត​ច្បាប់​គឺ​មន្ត្រី​ជំនាញ​ត្រូវ​ពិនិត្យមើល​កម្រិត​ទោសទណ្ឌ​ហើយ​ធ្វើទៅ​តាមច្បាប់​ជល​ផល​។ លោក​បញ្ជាក់ថា ចាប់ពី​ថ្ងៃ​ចូល​រដូវ​បិទ​នេសាទ​រហូតមកដល់​ថ្ងៃទី​ ២៦ ខែមិថុនា​នេះ មាន​បទល្មើស​ដែល​ត្រូវ​បញ្ជូនទៅ​តុលាការ​ចំនួន ៣ ​ករណី ក្នុងនោះ​រួមមាន​ករណី​ឈូសឆាយ​ព្រៃ​ពង្រីក​ដី ករណី​ប្រើ​គ្រឿងចក្រ​កាយ​ដី​ធ្វើ​ប្រឡាយទឹក​ដោយ​គ្មាន​ការអនុញ្ញាត និង​ករណី​លួច​ឆក់​ ១ ​ករណី​។

​លោក​ថ្លែងថា​៖ «​យើង​ធ្វើទៅ​តាមច្បាប់​ដែល​គេ​ចែង កម្រិតណា មាត្រា​ប៉ុន្មាន ដែល​ត្រូវ​ពិន័យ​បញ្ជូនទៅ​រដ្ឋបាល​ជលផល កម្រិតណា​ដែល​ត្រូវ​ទោសទណ្ឌ​កម្រិត​លេខ​ប៉ុន្មាន​ដែល​ត្រូវ​បញ្ជូនទៅ​តុលាការ អានេះ​យើង​មាន ជាក់ស្តែង​ដូចជា បទ​ល្មើស​ឆក់ ឬ​ស្បៃ​មុង​អី​អាហ្នឹង​ដាច់ខាត​យើង​ត្រូវ​បញ្ជូនទៅ​តុលាការ​»​។

​នៅ​ថ្ងៃទី​ ២០ ខែមេសា ឆ្នាំ ​២០២២ រាជ​​រដ្ឋាភិបាល​បានសម្រេច​បង្កើត​គណៈកម្មកា​រ​អន្ដរក្រសួង ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ នៅ​បឹង​ទន្លេ​សាប​។ គណៈកម្មការ​អន្ដរក្រសួង​នេះ មាន​សិទ្ធិ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​របស់​កង​ទ័ពអាកាស នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​បំពេញ បេសកកម្ម​ការងា​រ​របស់ខ្លួន​តាម​ការ​ចាំបាច់​៕