ភ្នំពេញៈ មន្ត្រីនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានប្រកាសឱ្យក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលប្រើប្រាស់បុគ្គលិកចាប់ពីម្នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជិកាជាមួយ ប.ស.ស ហើយក្នុងករណីគេចវេះមិនចុះបញ្ជិកាឱ្យបុគ្គលិក ក្រុមហ៊ុននោះ នឹងត្រូវរងពិន័យតាមច្បាប់កំណត់។ យោងតាម លោក សុកបូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គមនៃ ប.ស.ស កាលពីថ្ងៃទី ២៥ ខែមិថុនា ក្នុងពិធីធ្វើបទបង្ហាញដល់សហជីពកម្ពុជា។
លោក សុក បូរ៉ា បានថ្លែងថា ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលប្រើប្រាស់បុគ្គលិក ឬកម្មករ ចាប់ពីម្នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជិកា មកក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។
លោក សុក បូរ៉ា ថ្លែងថា៖ «ប្រសិនបើក្នុងករណីដែល ប.ស.ស. រកឃើញថា ម្ចាស់ក្រុមហ៊ុន ឬសហគ្រាស គ្រឹះស្ថាន ដែលកំពុងប្រើប្រាស់បុគ្គលិក ឬកម្មករ ហើយមិនបានចុះបញ្ជីមកក្នុង ប.ស.ស. នោះ ប.ស.ស. នឹងប្រើប្រាស់យន្តការចុះធ្វើអធិការកិច្ច ហើយបន្ទាប់ពីការចុះធ្វើអធិការកិច្ចរួចហើយ ក្រុមហ៊ុន ឬសហគ្រាស គ្រឹះស្ថានទាំងនោះ នៅតែមិនព្រមចុះបញ្ជីឱ្យបុគ្គលិក ឬកម្មកររបស់ខ្លួនទៀត នោះនឹងត្រូវរងការផាកពិន័យតាមច្បាប់កំណត់»។
លោក សុក បូរ៉ា បានឱ្យដឹងទៀតថា ចំពោះការផាកពិន័យនេះ គឺម្ចាស់ក្រុមហ៊ុនជាអ្នករ៉ាប់រងទាំងស្រុងក្រោយការពិន័យរួច ហើយកាតព្វកិច្ចចុះបញ្ជីនៅ ប.ស.ស. នៅតែបន្តធ្វើដដែល។ សម្រាប់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ដែលបានចុះបញ្ជីរួចរាល់នៅ ប.ស.ស. ក្នុងផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នោះនឹងក្លាយទៅជាសមាជិក ប.ស.ស. ផ្នែកប្រាក់សោធនដោយស្វ័យប្រវត្តិ។ នៅពេលដែលបុគ្គលិកណាម្នាក់ដល់អាយុចូលនិវត្តន៍ ប.ស.ស. នឹងបើកប្រាក់សោធនជូនជារៀងរាល់ខែ ដោយក្នុង ១ ខែបើកជូន ២ ដង ហើយអ្វីដែលកាន់តែពិសេសនោះ គឺសោធនិកទាំងអស់នឹងទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃពី ប.ស.ស.។
លោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស បានថ្លែងថា ប.ស.ស គួរតែពិនិត្យមើលសេវាព្យាបាលនៅតាមមន្ទីរដៃគូ និងប្រព័ន្ធនៃការចុះបញ្ជី ពីព្រោះថា កន្លងមកមានក្រុមហ៊ុនខ្លះបានចុះបញ្ជីបុគ្គលិករបស់គេមិនបានត្រឹមត្រូវ ដើម្បីស្រួលក្នុងពេលមានបញ្ហា ពួកគេបានទទួលអត្ថប្រយោជន៍ដែលមានរបស់ ប.ស.ស។ បញ្ហារាំងស្ទះដែលធ្វើឱ្យសហគ្រាស រោងចក្រ ទាំងនោះ ធ្វើការគេចវេះមិនចុះបញ្ជីកម្មកររបស់ខ្លួនជាមួយ ប.ស.សដោយសារនិយោជកមិនចង់បង់ប្រាក់ជាប្រចាំជាមួយប.ស.សផងដែរ៕