ភ្នំពេញៈ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នឹងចាប់ផ្តើមធ្វើឡើងរយៈពេល ២១ ថ្ងៃ ដែលចាប់ពីថ្ងៃទី ១ ខែកក្កដា រហូតដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣។
តាមរយៈសេចក្តីអំពាវនាវ កាលពីថ្ងៃទី ២៦ ខែមិថុនា លោក ប្រាជ្ញ ចន្ទ ថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ច.ប.ត.រ) ការឃោសនាបោះឆ្នោត មានទិសដៅឱ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់ខ្លួនជូនអ្នកបោះឆ្នោត។
ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។
លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា៖ «នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតនេះ គ.ជ.ប សូមអំពាវនាវទៅដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុង ច.ប.ត.រ គោរពតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតនិងក្រមសីលធម៌ និងគោលការណ៍នានា ដែលបានកំណត់ដោយ គ.ជ.ប ដើម្បីឱ្យការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយប្រព្រឹត្តទៅដោយ សន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព»។
ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាព ការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្ត កម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួនឃោសនា បោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា។
លោក ប្រាជ្ញ ចន្ទ បានលើកឡើងទៀតថា គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គ្រប់គណបក្សនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ នឹងចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយគោរពច្បាប់ជាធរមាន ដើម្បីឱ្យការឃោសនា បោះឆ្នោតនេះ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសិទ្ធិរបស់គណបក្សនយោបាយ និងសិទ្ធិជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ។
លោក សំ គន្ធាមី នាយកប្រតិបត្តិនៃអង្គការនិចហ្វិក បានថ្លែងថា សម្រាប់ឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែកក្កដា ខាងមុខនេះ នឹងមិនមានអ្វីជាបញ្ហាប្រឈមទេ ដោយសារអវត្តមានរបស់គណបក្សភ្លើងទៀន។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្ងៃទី ២៦ ខែមិថុនា ថ្លែងថា ក្នុងអំឡុងពេលឃោសនាបោះឆ្នោតនេះ គ្រប់គណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតនឹងប្រកាសពីកម្មវិធីនយោបាយរបស់ខ្លួន ដែលនឹងចាប់ផ្តើមពីម៉ោង ៦ ព្រឹក ដល់ម៉ោង ១០ យប់។ ក្នុងអំឡុងពេលឃោសនានេះ គ្រប់គណបក្សនយោបាយ ត្រូវហាមផ្សព្វផ្សាយកម្មវិធីនយោបាយរបស់ខ្លួននៅក្បែរសាលារៀន និងមន្ទីរពេទ្យផងដែរ។
លោក ថ្លែងថា ចំពោះការហែក្បួនឃោសនាបោះឆ្នោត គ្រប់គណបក្សនយោបាយក៏ត្រូវជូនដំណឹងដល់គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត ដើម្បីរៀបចំតម្រាយផ្លូវ កុំឱ្យហែក្បួនប៉ះគ្នា៕