ភ្នំពេញៈ អាជ្ញាធរសវនកម្មជាតិ បានសម្រេចបង្កើតគណៈកម្មការទ្រទ្រង់ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានលេខាធិការដ្ឋាន និងជនបង្គោល ដើម្បីសម្របសម្រួល និងធ្វើការប្រាស្រ័យទាក់ទងជាប្រចាំជាមួយលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា និងអនុវត្ត ការងារផ្សេងទៀតតាមការណែនាំរបស់ប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំអាជ្ញាធរសវនកម្មជាតិ។
សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំអាជ្ញាធរសវនកម្មជាតិ ចុះថ្ងៃទី ២១ ខែមិថុនា ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ២៧ ខែមិថុនា បានឱ្យដឹងថា លេខាធិការដ្ឋាន និងជនបង្គោល នៃគណៈកម្មការទ្រទ្រង់ មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំអាជ្ញាធរសវនកម្មជាតិ ត្រូវសម្របសម្រួល និងផ្ទេរថវិកាបរិច្ចាគទៅមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈធនាគារដៃគូរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ឬតាមលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកស្រី សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ បានឱ្យដឹងថា គណៈកម្មការដែលបានបង្កើតនេះត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការចូលរួមបរិច្ចាគ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសប្បុរសជនដែលចូលរួមបរិច្ចាគ រួមានទាំងភាសាខ្មែរ និងអក្សរឡាតាំង ភេទ និងចំនួនថវិកាបរិច្ចាគ និងលេខទូរស័ព្ទ របស់សប្បុរសជន ទៅលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបូកសរុប និងផ្សព្វផ្សាយ ជាសាធារណៈឱ្យបានទាន់ពេលវេលា ក្នុងគោលដៅធានាតម្លាភាព និងទំនុកចិត្តពីសាធារណជន។
លោកស្រីបញ្ជាក់ថា៖«គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំអាជ្ញាធរសវនកម្មជាតិ មានតួនាទីផ្សព្វផ្សាយ អំពាវនាវ និងបំផុសចលនាកៀរគរ ការបរិច្ចាគពីមន្ត្រីគ្រប់ជាន់ថ្នាក់ចំណុះឱ្យអាជ្ញាធរសវនកម្មជាតិ»។
មន្ត្រីលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៧ ខែមិថុនាថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២ រាជរដ្ឋាភិបាលបានជំរុញឱ្យគ្រប់ក្រសួង ស្ថាប័ន រួមទាំងវិស័យឯកជនឱ្យបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយកៀរគរការបរិច្ចាគពីសប្បុរសជន។ គិតមកដល់ពេលនេះមានជាង ៤០ស្ថាប័ន និងក្រុមហ៊ុនហើយ ដែលបានបង្កើតឱ្យមានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំស្ថាប័ន។
លោកថ្លែងថា៖«ជាយន្តការយោងតាម សជណ របស់រាជរដ្ឋាភិបាល គឺយើងឱ្យបង្កើតគ្រប់ស្ថាប័នទាំងអស់ ហើយឥឡូវបន្ទាប់ពីមានការប្រជុំថ្មីៗនេះ ពួគគាត់នឹងបន្តបង្កើតគណៈកម្មការទ្រទ្រង់តាមស្ថាប័ននីមួយៗ ជាបន្តបន្ទាប់ទៀត»។
មន្ត្រីដដែលនេះបានឱ្យដឹងទៀតថា ថវិកាបរិច្ចាគដែលប្រមូលបាននៅតាមក្រសួង ស្ថាប័នផ្សេងៗ អាចធ្វើការផ្តល់ជូនមកមូលនិធិគន្ធបុប្ផាកម្ពុជាផ្ទាល់ក៏បាន ឬអាចផ្តល់ជូនតាមរយៈធនាគារដៃគូររបស់មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បាន។
កាលពីថ្ងៃទី២២ និង២៣ ខែមិថុនានេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាជាបន្តបន្ទាប់ជាមួយតំណាងក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត និងតំណាងក្រុមហ៊ុនសហគ្រាស និងសមាគមធុរកិច្ចពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា។ នេះបើតាមការផ្សាយលើគហទំព័រទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា។
ប្រភពដដែលបន្តថា ក្នុងកិច្ចប្រជុំនោះ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវ និងលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, ក្រុមហ៊ុនសហគ្រាស និងសមាគមធុរកិច្ចនីមួយៗ ពិនិត្យលទ្ធភាពក្នុងការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រុមហ៊ុនស្ថាប័ន ដែលតាមរយៈនេះ ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក តាមបណ្ដាស្ថាប័ននីមួយៗអាចចូលជាសមាជិកគាំទ្ររបស់មូលនិធិគន្ធបុប្ផា តាមរយៈការបរិច្ចាគ ៥ពាន់រៀល ក្នុង១ខែ ឬ ៦ម៉ឺនរៀល ក្នុង១ឆ្នាំ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការបន្តបេសកកម្មពិនិត្យ និងព្យាបាលទារក និងកុមារនៅកម្ពុជាដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។
ក្នុងអំឡុងកិច្ចពិភាក្សានោះ តំណាងក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ក្រុមហ៊ុនសហគ្រាស និងសមាគមធុរកិច្ច បានបង្ហាញនូវការគាំទ្រនូវគំនិតផ្ដួចផ្ដើមនៃការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង និងបានផ្ដល់ជាមតិយោបល់ដែលអាចប្រើជាធាតុបន្ថែម ព្រមទាំងបានសន្យាផ្ដល់ការគាំទ្រពាក់ព័ន្ធនឹងការរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងកៀរគរការបរិច្ចាគនានា ដែលមូលនិធិគន្ធបុប្ផាកម្ពុជាត្រូវការកិច្ចសហការរៀបចំ នាពេលខាងមុខ៕