ភ្នំពេញៈ ជនជាតិដើមភាគតិចនៅកម្ពុជា មានវប្បធម៌ប្រពៃណីនិងទម្លាប់នៃការរស់នៅហូបចុកខុសគ្នា ពីពលរដ្ឋខ្មែរដែលកាលពីមុនៗមកហាក់ចែកដាច់ពីគ្នាទៀតផង ប៉ុន្តែមានស្ត្រីជនជាតិដើមភាគតិចគ្រឹង ១ រូប បាននាំយកទំនៀមទម្លាប់អាហារប្រពៃណីរបស់ជនជាតិខ្លួន មកបើកហាងលក់នៅរាជធានីភ្នំពេញ ដើម្បីបម្រើដល់អតិថិជន។
មានរាងក្រឡូមពណ៌ខ្មៅធំជាងចានសម្លជាមួយនឹងដុំសាច់គោចំណិត ស្បែកគោ ដុំមី និងបន្លែជាមួយនឹងម្ទេសពណ៌ក្រហមឆ្អិន ដែលនោះហៅថា [ចាណាងសាច់គោ] ជាម្ហូបម្យ៉ាងរបស់ជនជាតិដើមភាគតិចគ្រឹងដែលអ្នកស្រី ឡាត់ សុខឯម ជាជនជាតិដើមភាគតិចគ្រឹង មកពីខេត្តរតនគិរី បានធ្វើជាសម្លសម្រាប់លក់នៅក្នុងហាងរបស់គាត់។ អ្នកស្រី សុខឯម បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា មុនដំបូងគឺនៅក្នុងចុងឆ្នាំ ២០១៩ អ្នកស្រីបានលក់ម្ហូបអាហារតាមអនឡាញឈ្មោះថា [កាណាងជនជាតិដើមអនឡាញ] ជាលក្ខណៈអាជីវកម្មគ្រួសារតូចមួយតែប៉ុណ្ណោះ។
បន្ទាប់មកអ្នកស្រីបង្កើតបានជាហាងលក់ម្ហូបអាហារសមរម្យមួយដែលកំពុងដំណើរការសព្វថ្ងៃនេះមានទីតាំងស្ថិតនៅជិតផ្សារទំនប់នៅម្តុំកាំកូស៊ីធី រាជធានីភ្នំពេញ។ ការបង្កើតហាងអាហារមួយនេះឡើងគឺកើតចេញពីការឈឺចាប់នៃការរើសអើង ពីអ្នកដទៃមកលើអ្នកស្រី ជាពិសេសលើបងប្អូនជាជនជាតិភាគតិចដូចអ្នកស្រីដែរ។ អ្នកស្រីបានបន្តថា ម្យ៉ាងទៀតការបង្កើតហាងអាហារនេះគឺអ្នកស្រីក៏មានបំណងអភិរក្សម្ហូបម្ហាប្រពៃណីរបស់ជនជាតិដើមគ្រឹងផងដែរ ហើយ «ចាណាង» គឺជាឈ្មោះសម្លប្រពៃណីរបស់ដូនតាជនជាតិដើម ១ មុខក្នុងចំណោមមុខម្ហូបផ្សេងៗទៀត។ លើសពីនេះទៀតអ្នកស្រីចង់បង្ហាញនិងលើកស្ទួយមុខម្ហូបជនជាតិដើមភាគតិចឱ្យប្រជាជនខ្មែរបានស្គាល់ទូលំទូលាយ និងបង្កើតរសជាតិអាហារថ្មីដោយសារស្នាដៃជនជាតិដើមភាគតិច។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំសម្រេចចិត្តបង្កើតឡើងគឺកើតចេញពីការឈឺចាប់ចំពោះការរើសអើង និងមិនទាន់ឃើញជនជាតិដើមភាគតិចផ្ទាល់លក់ម្ហូបនេះឱ្យមានការទទួលស្គាល់ និងក្រោកឈរប្រកួតប្រជែងជាមួយម្ហូបបរទេសនាំចូល ព្រមទាំងមើលឃើញពីសក្តានុពលយ៉ាងធំធេង ពីម្ហូបអាហារប្រពៃណី»។
អ្នកស្រីបានបន្ថែមថា នៅក្នុងហាងរបស់អ្នកស្រីមានបុគ្គលិកជាជនជាតិដើមភាគតិចចំនួន ៣ នាក់ ហើយម្ហូបអាហារដែលអ្នកស្រីលក់សព្វថ្ងៃ រួមមាន សម្ល ចាណាងសាច់គោ ចាណាងសាច់ជ្រូក ចាណាងស្បែកគោ ចាណាងបន្លែ ប្រហុកបុក ម្ទេសបុក និងអាហារមួយចំនួនទៀត ដែលមានតម្លៃពី ១ ម៉ឺនទៅ ១២ ០០០ រៀលក្នុង ១ ចាន។
អាហារទាំងនេះភាគច្រើន មានជនជាតិខ្មែរគាំទ្រខ្លាំងជាងជនជាតិភាគតិច ខណៈជនជាតិភាគតិចក៏មិនសូវមាននៅរាជធានីភ្នំពេញ ដោយក្នុង ១ ខែមាននិស្សិតជាជនជាដើមភាគតិចមកហូបត្រឹមតែពី ១០ ទៅ ១៥ នាក់ប៉ុណ្ណោះ។ បើតាមអ្នកស្រី សុខឯម សម្លចាណាងគេយកស្លឹកសណ្តែកខ្មោច (ជាភាសាជនជាតិដើមភាគតិចគ្រឹងហៅដើមស៊ុងរៀង) ភាសាអង់គ្លេស (Senna occidentalis) មកស្ងោរយកទឹករបស់វាមកធ្វើជាទឹកសម្ល និងមានបន្លែទំពាំង ត្រប់ និងស្នៀតពោតខ្ចី ឬអាចមានបន្លែផ្សេងទៀតទៅតាមការច្នៃរបស់អ្នកចម្អិនអាហារ។
ពាក់ព័ន្ធនឹងម្ហូបរបស់ជនជាតិដើមភាគតិចនេះដែរ លោកស្រី ជឿន ស្រីមុំ ប្រធានសមាគមស្រី្តជនជាតិដើមភាគតិចកម្ពុជាដែលមានទីតាំងនៅសង្កាត់ទួលទំពូងទី ២ ខណ្ឌចំការមនប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការបើកជាមុខរបរសម្រាប់ជនជាតិដើមភាគតិចនេះបើតាមអ្នកស្រីសង្កេតឃើញថា នៅមានកម្រិតនៅឡើយ បើប្រៀបធៀបជាមួយបងប្អូនជនជាតិខ្មែរទូទៅ ព្រោះថា ពេលចាប់ផ្តើមធ្វើអាជីវកម្មមួយមានន័យថា គាត់ចាប់ផ្តើមពីជំនាញក៏ដូចជានិស្ស័យ [ដុង] ដែលគាត់មាននៅក្នុងខ្លួន ហើយគាត់មានទីតាំងមួយដែលជាកម្មសិទ្ធិរបស់ខ្លួនឯង ព្រមទាំងត្រូវមានចិត្ដគំនិត ពាក់ព័ន្ធអត្តសញ្ញាណរបសជនជាតិដើមភាគតិច។
លោកស្រីបានបន្តថា ទាក់ទងជាមួយម្ហូបអាហាររបស់ជនជាតិដើមភាគតិច គឺវាជាផ្នែកមួយនៃអត្ដសញ្ញាណរបស់ជនជាតិដើមភាគតិចហើយក្នុងចំណោមស្ត្រីជនជាតិដើមភាគតិច ដែលចាប់ផ្តើមអាជីវកម្មខ្នាតតូច ដោយខ្លួនឯងបែបហ្នឹង គឺទើបតែមាន ២ ទៅ ៣ នាក់ប៉ុណ្ណោះ។
ចំពោះអ្នកស្រីសុខឯម គឺមានអ្នកស្គាល់គាត់ច្រើន ចាប់តាំងពីមានការចូលរួមប្រកួតម្ហូបអាហារជាមួយនឹងស្ថាប័នរដ្ឋ និងអង្គការដៃគូផ្សេងៗដែលអាចថា មានអ្នកស្គាល់គាត់តាំងពីពេលនោះមក។ ម្ហូបអាហារ «ចាណាង» នេះ មានតែជនជាតិគ្រឹងនៅក្នុងខេត្តរតនគិរីដែលអាចថា ជាម្ហូបអាហារតំណពីដូនតាផង។
ពាក់ព័ន្ធនឹងការរើសអើងលើជនជាតិដើមភាគតិចវិញលោកស្រី ស្រីមុំ បានលើកឡើងថា ជាទូទៅនៅតែមានដូចជា ពេលឈ្លោះប្រកែកគ្នា គេតែងតែនិយាយសំដៅលើជនជាតិដើមភាគតិចណាមួយ ហើយជនជាតិដើមភាគតិចព្នង ត្រូវបានគេស្គាល់ច្រើនជាងគេ។ អ៊ីចឹងឱ្យតែកន្លែងណានិយាយពីរឿងអាក្រក់ គឺគេចូលចិត្តលើកយកជនជាតិនេះជនជាតិនោះមកនិយាយ។ ចំពោះនិស្សិតដែលជាជនជាតិដើមភាគតិច ក៏មានការរើសអើងពីមិត្តភក្តិ តែយ៉ាងណាពួកគាត់នៅតែព្យាយាមសិក្សាបានល្អ។
លោកស្រីថា៖ «បច្ចុប្បន្នយើងមានព័ត៌មានច្រើន នៅក្នុងដៃមានការយល់ដឹងច្រើន តែបុគ្គលមួយចំនួន ការយល់ដឹងរបស់គាត់នៅមានកម្រិត ទាក់ទងនឹងជនជាតិដើមភាគតិច។ ពិសេសការរស់នៅរបស់គាត់ ការប្រតិបត្តិវប្បធម៌ប្រពៃណីមួយចំនួន តែយ៉ាងហោចណាស់ ជនជាតិដើមភាគតិចចាប់ផ្តើមហ៊ានទទួលស្គាល់ខ្លួនឯង»៕