ភ្នំពេញៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអង្គការជនពិការកម្ពុជា បានជួបពិភាក្សា គ្នាស្វែងរកកិច្ចសហប្រតិបត្តិការពាក់ព័ន្ធសិទ្ធិជនមានពិការភាព និងការអនុវត្តគម្រោងរបស់អង្គការស្ដីពីការផ្សព្វផ្សាយនិងបញ្ជ្រាបពីសេវាសុខភាពដល់ជនមានពិការភាពទូទាំងប្រទេស។
លោកស្រី អ៊ុច និពន្ធ សមាជិកា និងជាអគ្គនាយិការដ្ឋបាល និងបណ្តឹងនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី ម៉ាក់ ម៉ូនីកា នាយិកាប្រតិបត្តិអង្គការជនពិការកម្ពុជា បានជួបគ្នាកាលពីថ្ងៃទី ២៦ ខែមិថុនា។
ក្នុងជំនួបនោះលោកស្រី ម៉ាក់ ម៉ូនីកា បានលើកឡើងថា គោលបំណងសំខាន់ដែលអង្គការលោកស្រី ព្រមទាំងសហការី សុំជួបគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គឺដោយសារតែលោកស្រីចង់ចែករំលែក និងផ្សព្វផ្សាយពីផែនការមេអាស៊ាន ២០២៥ ស្តីពីការបញ្ជ្រាបសិទ្ធិជនមានពិការភាព និងផ្សព្វផ្សាយការយល់ដឹងសិទ្ធិជនមានពិការភាព និងសេវាសុខភាពឥតគិតថ្លៃសម្រាប់ជនងាយរងគ្រោះ និងជនមានពិការភាព។
លោកស្រី ម៉ាក់ ម៉ូនីកា បានថ្លែងថា អង្គការជនពិការកម្ពុជាមានបំណងស្វែងរកកិច្ចសហការការងារជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអាយឆាកម្ពុជា ក្នុងការអនុវត្តគម្រោងរបស់អង្គការ ជាពិសេសពាក់ព័ន្ធនឹងគម្រោងផ្សព្វផ្សាយនិងបញ្ជ្រាបពីសេវាសុខភាពដល់ជនមានពិការភាពទូទាំងប្រទេស។
លោកស្រី អ៊ុច និពន្ធ ក៏បានថ្លែងដែរថា សិទ្ធិមនុស្ស គឺមានជាប់ពាក់ព័ន្ធជាអន្តរវិស័យ ហើយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស តែងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ អង្គទូត និងអង្គការសង្គមស៊ីវិលនានា។ រាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាពដោយបានដាក់ចេញផែនការយុទ្ធសាស្ត្រជាតិស្ដីពីជនមានពិការភាព និងផែនការសកម្មភាពផ្សេងៗទៀតផង។
លោកស្រី អ៊ុច និពន្ធ បានបញ្ជាក់ថា៖ «គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រីករាយទទួលស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិពីអង្គការសង្គមស៊ីវិលនានា ក៏ដូចជាអង្គការជនពិការកម្ពុជា ដើម្បីជំរុញឱ្យការលើកកម្ពស់សិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិជនមានពិការភាពនៅកម្ពុជាបានកាន់តែប្រសើរ»។
នាពេលថ្មីនេះៗដែរ ក្រសួងរួមទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក៏បានពិភាក្សា និងពិគ្រោះយោបល់គ្នាពីការកសាងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨ ដើម្បីប្រមូលធាតុចូល៕