ភ្នំពេញៈអាជ្ញាធរជាតិព្រះវិហារ នឹងប្រារព្ធខួប ១៥ ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅខែកក្កដា ខាងមុខ ដោយអំពាវនាវឱ្យសាធារណជន ចូលរួមអបអរសាទរទាំងអស់គ្នា ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពជាតិ។
ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅក្នុងកិច្ចប្រជុំលើកទី៣២របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងប្រទេសកាណាដា។បច្ចុប្បន្ន ប្រាសាទព្រះវិហារស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារ និងទទួលបានការយកចិត្តទុកដាក់គាំទ្រពីប្រទេសស្ថាបនិក ICC-Preah Vihear ទាំងជំនួយថវិកា និងបច្ចេកទេសលើការងារអភិរក្ស និងអភិវឌ្ឍក្នុងតំបន់ប្រាសាទព្រះវិហារនេះ។
សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ ចុះថ្ងៃទី២៧ មិថុនា បានឱ្យដឹងថា អាជ្ញាធរជាតិព្រះវិហារ គ្រោងនឹងរៀបចំពិធីអបអរសាទរ ខួបលើកទី១៥ នៃការចុះប្រាសាទព្រះវិហារ នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (២០០៨-២០២៣) នៅលើប្រាសាទព្រះវិហារនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។
ពិធីអបអរសាទរនេះ នឹងមានការចូលរួមពីលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាងស្ថានទូតប្រចាំនៅកម្ពុជា ជាសហប្រធាន ព្រមទាំងសមាជិកស្ថាបនិកនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃព្រះវិហារ (ICC-Preah Vihear) ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តព្រះវិហារ អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្ស ប្រមាណ១ ០០០ នាក់។ នេះបើតាមសេចក្តីប្រកាសដដែលនេះ។
អាជ្ញាធរជាតិព្រះវិហារបានបញ្ជាក់ថា៖«ដើម្បីអបអរសាទរ ពិធីអបអរសាទរខួបលើកទី១៥ នៃការចុះប្រាសាទ ព្រះវិហារ នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឱ្យកាន់តែមានភាពអធិកអធមទៀត អាជ្ញាធរជាតិព្រះវិហារ គ្រោងនឹងរៀបចំពិធីរាប់បាត្រព្រះសង្ឃ ៧៧ អង្គ នៅគោបុរៈទី៥ នៃប្រាសាទព្រះវិហារ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នាទី ព្រឹក។ អាស្រ័យហេតុនេះ អាជ្ញាធរជាតិព្រះវិហារ សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ពុទ្ធបរស័ទ និងប្រជាពលរដ្ឋ សូមចូលរួមពិធីរាប់បាត្រនេះ ឱ្យបានច្រើនកុះករ ដើម្បីលើកតម្លៃប្រាសាទព្រះវិហារ»។
លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៨ ខែមិថុនាថា អាជ្ញាធរជាតិព្រះវិហារ បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់កម្មវិធីខាងមុខនេះ។ បន្ថែមពីនេះ លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមអបអរសាទរព្រឹត្តការណ៍នេះទាំងអស់គ្នា ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពជាតិផងដែរ។
លោកបានបញ្ជាក់ថា៖«សូមចូលរួមដោយផ្ទាល់ក្នុងពិធីរាប់បាត្រព្រះសង្ឃ៧៧អង្គ ដើម្បីឧទ្ទិសកុសល ជូនដល់ព្រះវិញ្ញាណខន្ធវីរក្សត្រគ្រប់ជំនាន់ ជាពិសេសដួងវិញ្ញាណខន្ធសម្តេចបរមរតនកោដ្ឋចំពោះព្រះរាជបូជនីយកិច្ចចំពោះជាតិមាតុភូមិ និងជាពិសេសចំពោះប្រាសាទព្រះវិហារ»។
ក្រៅពីការងារអភិរក្សាប្រាសាទព្រះវិហារ លោក គង់ ពុទ្ធិការ បានឱ្យដឹងថា គិតមកទល់ពេលនេះ អាជ្ញាធរជាតិព្រះវិហារបានស្តារ និងអភិរក្សគម្រប់ព្រៃឡើងនៅទីតាំងរេចរឹលជាង ៥០ ហិកតា ក្នុងតំបន់ការពារទី២ ដោយសរុបកូនឈើបានចំនួន ២៦ ប្រភេទឬស្មើនឹង ៨១ ៩៩៦ ដើម និងបានរៀបចំថ្នាល់បណ្តុះកូនឈើបាន ៤១ ប្រភេទ ឬស្មើនឹង ៩៤ ៥៩១ កូនផងដែរ៕