ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ដែលកំពុងគ្រោងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីដល់ ៥ ពាន់តោននៅឆ្នាំក្រោយ ឱ្យរិះរកមធ្យោបាយបង្កើនតម្លៃទីផ្សារគ្រាប់ស្វាយចន្ទីដែលខូចខាតទ្រង់ទ្រាយ បន្ទាប់ពីឆ្លងកាត់ម៉ាស៊ីនបក។ លោកថ្លែងក្នុងអំឡុងពេលលោក និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យសក្តានុពលសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ កាលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣។
លោកថ្លែងថា៖ «ត្រូវរិះរកមធ្យោបាយបង្កើនតម្លៃទីផ្សារគ្រាប់ស្វាយចន្ទីដែលខូចខាតទ្រង់ទ្រាយ បន្ទាប់ពីឆ្លងកាត់ម៉ាស៊ីនបក ដែលមានប្រមាណ២០ភាគរយ និងកែខៃម៉ាស៊ីន ឬសាកល្បងប្រើប្រាស់ឧបករណ៍បកណាដែលអាចកាត់បន្ថយអត្រាខូចនេះ ឱ្យមានកម្រិតមួយទាប ដើម្បីបង្កើនប្រាក់ចំណេញបន្ថែមទៀត»។
លោក ឌិត ទីណា ក៏បានថ្លែងណែនាំឱ្យមន្ត្រីជំនាញសិក្សាពីការលទ្ធភាពបង្កើតសហគមន៍កសិកម្មដំណាំស្វាយចន្ទី ដោយការកៀរគរទុនវិនិយោគ ការចងក្រងសហគមន៍ផលិត និងស្វែងរកទីផ្សារលក់ផលិតផលដំណាំសក្តានុពលរបស់ប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា៖«ម្ចាស់សិប្បកម្ម បានទទួលផលចំណេញមួយផ្នែកពីគោលនយោបាយបញ្ចុះថ្លៃអគ្គិសនីសម្រាប់របរកសិកម្មពី ៧៥០រៀល ក្នុង១គីឡូវ៉ាត់ មកនៅត្រឹមតម្លៃ ៤៨០រៀលក្នុង១គីឡូវ៉ាត់ សម្រាប់ការប្រើប្រាស់ពេលយប់ ដែលនេះជាគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរដល់វិស័យកសិកម្ម ជាពិសេសដាំណាំស្វាយចន្ទី»។
លោករដ្ឋមន្ត្រីបានរំឭកផងដែរថា រដ្ឋាភិបាលកម្ពុជា កំពុងជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកដើម្បីបម្រើដល់ការនាំចេញទៅក្រៅប្រទេស ដោយកម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីច្រើនជាងគេបំផុតក្នុងពិភពលោក ចំនួន១ ១៨០ ០០០តោនក្នុងឆ្នាំ២០២១ ដោយនាំមុខប្រទេសកូតឌឺវ័រ ដែលផលិតបាន១ ១០០ ០០០តោន និងប្រទេសឥណ្ឌាផលិតបានន៨០ ០០០តោន។
លោកស្រី អុិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ខេត្តកំពង់ធំ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៨ ខែមិថុនាថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មនាពេលនេះ បានផ្តល់ការណែនាំល្អជាច្រើនដល់សិប្បកម្មលោកស្រី ដោយបានជំរុញទឹកចិត្តដល់សិប្បកម្ម ឱ្យខិតខំប្រឹងប្រែងកែច្នៃគ្រាប់ស្វាយចន្ទីដើម្បីបង្កើនការនាំចេញបន្ថែមទៀត។
លោកស្រីបានបន្ថែមថា ខ្សែចង្វាក់ផលិតនេះ បានផ្លាស់ប្តូរពីឧបករណ៍ពាក់កណ្តាលស្វ័យប្រវត្តិខ្នាតតូច ទៅជាម៉ាស៊ីនស្វ័យប្រវត្តិខ្នាតធំ ដែលមានសមត្ថភាពកែច្នៃកាន់តែធំ និងឆាប់រហ័ស។ទន្ទឹមនឹងការដាក់ចេញផែនការបង្កើនការប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់ពីប្រជាសហគមន៍ឱ្យបានដល់ ៥ ០០០តោន នៅឆ្នាំ២០២៤ ដើម្បីកែច្នៃ និងចែកចាយលក់លើទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស សិប្បកម្មលោកស្រី ក៏កំពុងត្រៀមរៀបចំពង្រីករោងសិប្បកម្មដែលមានសមត្ថភាពកែច្នៃកាន់តែខ្ពស់បន្ថែមទៀត នៅឆ្នាំ២០២៣នេះ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនដៃគូ។
លោកស្រី អុិន ឡៃហួត បានបញ្ជាក់ថា៖ «សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរយើង គ្រោងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីដល់៥ពាន់តោននៅឆ្នាំក្រោយ។ ដូចនេះយើងបានផ្លាស់ប្តូរពីឧបករណ៍ពាក់កណ្តាលស្វ័យប្រវត្តិខ្នាតតូច ទៅជាម៉ាស៊ីនស្វ័យប្រវត្តិខ្នាតធំ ខណៈដែលយើងក៏បាននិងកំពុងសាងសង់ទីតាំងកែច្នៃបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យការនាំចេញរបស់យើងក្នុងឆ្នាំនេះ គ្រប់ចំនួនកំណត់»។
លោកស្រី បានឱ្យដឹងទៀតថា សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ឆ្នាំនេះនឹងត្រូវនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចឱ្យបាន២០០តោនទៅកាន់ប្រទេសជប៉ុន ខណៈដែលគិតត្រឹមខែមិថុនានេះ សិប្បកម្មទើបតែចេញទៅជប៉ុនបាន៧០តោនប៉ុណ្ណោះ។
លោកស្រី អ៊ិន ឡៃហួត ថ្លែងថា កន្លងទៅសិប្បកម្មរបស់លោកស្រី ទិញគ្រាប់ស្វាយចន្ទីពីសហគមន៍កសិកម្មចំនួន៤ នៅក្នុងខេត្តកំពង់ធំ សហគមន៍៤ទៀតនៅខេត្តព្រះវិហារ និងគ្រាប់ស្វាយចន្ទីស្តង់ដា គឺសិប្បកម្មទិញពីបណ្តុំកសិករ ដែលបានបង្កើតដោយសិប្បកម្មផ្ទាល់ នៅខេត្តកំពង់ធំនេះ។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា(សសក)បានឱ្យដឹងថា កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅ បានចំនួន ២៦ម៉ឺន តោន ក្នុងរយៈពេល៣ខែ គឺចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣។ក្នុងនោះក៏បាននាំចេញទៅវៀតណាម សរុបចំនួន ២៣ម៉ឺនតោន ស្មើទឹកប្រាក់៣២០លានដុល្លារ ដែលចំនួននេះថយចុះ ១៣ភាគរយ បើធៀបរយៈពេលដូចគ្នា ទៅនឹងឆ្នាំ២០២២៕