ឧត្តរមានជ័យៈព្រះសង្ឃ និងប្រជាសហគមន៍ព្រៃសង្ឃរុក្ខវ័នបានសម្ដែងក្ដីព្រួយកង្វល់ជាខ្លាំង បន្ទាប់ពីប្រទះឃើញមានការលួចឆ្មក់ចូលនេសាទត្រីខុសច្បាប់នៅក្នុងតំបន់អន្លង់អភិរក្សត្រីមេពូជ នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន។
ព្រះតេជព្រះគុណ តន បូលីន អនុប្រធានគណៈកម្មការសហគមន៍ព្រៃសង្ឃរុក្ខវ័នទទួលបន្ទុកដឹកនាំការចុះល្បាតការពារធនធានធម្មជាតិ មានព្រះថេរដីកាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ព្រះអង្គ និងក្រុមការងារ បានប្រទះឃើញមានត្រីងាប់ពេញតាមដងអូរក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន។
ព្រះអង្គបានបញ្ជាក់ថា៖ «ត្រីដែលងាប់នោះ មិនមែនជាករណីងាប់ដោយសារការបំពុលទឹកពីធម្មជាតិ [ទឹកភ្លៀងហូរច្រោះចូលទៅក្នុងនោះទេ] ប៉ុន្តែវាជាករណីបំពុលបរិស្ថានទឹក ដោយសកម្មភាពមនុស្ស»។
ព្រះអង្គបានបន្តថា នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៣ ព្រះអង្គនិងក្រុមការងារ បានប្រទះឃើញមានប្រជាពលរដ្ឋមួយក្រុមមកពីសង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចូលទៅនេសាទត្រីនៅក្នុងតំបន់នោះ ដោយប្រើប្រាស់មង និងសំណាញ់ ចុះបង់និងអូសកៀរចាប់ត្រីយ៉ាងអនាធិបតេយ្យ ដែលសកម្មភាពនេះ បានបង្កឱ្យមានការបំពុលទឹក និងធ្វើឱ្យត្រីងាប់។
បើតាមព្រះតេជព្រះគុណ បូលីន ត្រីដែលងាប់នៅក្នុងតំបន់អន្លង់អភិរក្សត្រីពូជនោះ ភាគច្រើនជាប្រភេទត្រីខ្មាន់ ត្រីក្អែក ត្រីគ្រំ ... និងត្រីឆ្កោក ដែលខ្លះមានទម្ងន់ដល់ទៅ៥គីឡូក្រាមក្នុង១ក្បាល។
សកម្មជនការពារបរិស្ថាន និងធនធានធម្មជាតិ លោក អឿន វណ្ណា មានលំនៅក្នុងស្រុកអន្លង់វែង ក៏បានលើកឡើងពីទឡ្ហីករណ៍ស្រដៀងទៅនឹងព្រះតេជព្រះគុណ បូលីន ផងដែរថា ជាទូទៅត្រីដែលរស់នៅតាមអន្លង់ និងតាមដងអូរធម្មជាតិក្នុងព្រៃជ្រៅ គឺមិនងាប់ដោយសារករណីទឹកភ្លៀងហូរច្រោះនោះទេ។
លោកបានពន្យល់ថា៖ «ប្រភេទត្រីដែលរស់នៅតាមអន្លង់ទឹកជ្រៅ និងតាមដងអូរធំៗតាមដងព្រៃភ្នំ ពួកវាមិនងាយងាប់ទេ បើគ្មានការបំពុលបរិស្ថានទឹក ឬប្រើប្រាស់ឧបករណ៍ឆក់ដើម្បីចាប់វានោះ »។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់គ្រប់ប្រជាសហគមន៍មូលដ្ឋាន និងផ្នែកពាក់ព័ន្ធទាំងអស់ ចូលរួមបញ្ឃប់សកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ និងការបំពុលបរិស្ថានទឹកនៅក្នុងធម្មជាតិ ជាពិសេស ត្រូវបញ្ឈប់ការចង់មាន ចង់បានហួសប្រមាណ ដែលនាំឱ្យខ្លួនធ្លាក់ចូលទៅក្នុងអន្លង់នៃតណ្ហា។
លោកថ្លែងថា៖ «ធ្វើជាមនុស្សកុំដោយសារតែប្រយោជន៍ឬភាពស្រេកឃ្លានរបស់ខ្លួនមួយពេលទៅបំផ្លាញអ្វីៗគ្រប់យ៉ាងដែលនាំឱ្យខាតបង់ដល់ប្រយោជន៍រួមរបស់មនុស្សទូទៅ ទាំងថ្ងៃនេះនិងថ្ងៃអនាគត»៕