ភ្នំពេញៈគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ (គ.អ.ស.អ.ប.អ.) បានរៀបចំកិច្ចប្រជុំលើកទី៤ ជាមួយគណៈកម្មការអន្តរក្រសួងពាក់ព័ន្ធ ដើម្បីតាមដានការអនុវត្ត និងប្រមូលធាតុចូលបន្ថែម ដាក់បញ្ចូលក្នុងគម្រោងអភិវឌ្ឍន៍ប្រជាជនប្រកបដោយគុណភាព និងចីរភាព។
កិច្ចប្រជុំនេះរៀបចំឡើង កាលពីថ្ងៃទី ២៧ ខែមិថុនា នៅរាជធានីភ្នំពេញ ដែលមានការចូលរួមពីសមាជិកគណៈកម្មការអន្តរក្រសួងនៃគណៈកម្មាធិការពិសេសនិងតំណាងក្រសួងពាក់ព័ន្ធរួមមានក្រសួងសុខាភិបាល ក្រសួងផែនការ ក្រសួងកិច្ចការនារី និងក្រសួងអប់រំ យុវជន និងកីឡា។
លោក ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានគ.អ.ស.អ.ប.អ.បានថ្លែងថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើសកម្មភាពនិងសូចនាករតាមដានដែលក្រសួងស្ថាប័ន ពាក់ព័ន្ធបានផ្ញើមក។
លោកបានបញ្ជាក់ថា៖«អ្វីដែលនៅសេសសល់ត្រូវពិភាក្សាដើម្បីបញ្ចប់ការងាររបស់យើង គឺសកម្មភាពដែលមិនទាន់មានសូចនាករវាស់វែងសម្រាប់ការតាមដានត្រួតពិនិត្យ ការកំណត់តម្លៃដើមគ្រានិងតម្លៃចុងគ្រានៃសូចនាករនីមួយៗ និងការប៉ាន់ប្រមាណថវិកាសម្រាប់អនុវត្ត»។
លោកប៉ូច ប៊ុណ្ណាក់ បានបន្តថា ការយកចិត្តទុកដាក់ទៅលើបញ្ហាប្រជាជននៅក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច គឺជារឿងដ៏សំខាន់ដែលរដ្ឋាភិបាលកម្ពុជាជាកំពុងយកចិត្តទុកដាក់ជាខ្លាំង។ លោកបន្តថា ទំនាក់ទំនងគាំទ្រគ្នាទៅវិញទៅមករវាងប្រជាជននិងការអភិវឌ្ឍដោយចីរភាព មិនអាចរំលងកត្តាប្រជាជនបានឡើយ ពោលគឺដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិលទាំងអស់ត្រូវបញ្ចូលបញ្ហាប្រជាជនទៅក្នុងគោលនយោបាយនិងផែនការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់ខ្លួន។
លោកបានថ្លែងថា៖ «ការគិតគូរដល់គុណភាពនៃជីវិតជាជាងការគិតគូរពីចំនួនប្រជាជន ការលើកកម្ពស់គុណភាពនៃជីវិតរបស់មនុស្សគ្រប់រូប គុណភាពដោះស្រាយបរិមាណការបង្កើនភាពអង់អាចដល់ស្ត្រី ដែលជាគន្លឹះនៃការលើកកម្ពស់គុណភាពនៃជីវិតរបស់មនុស្សគ្រប់រូប»។
សម្រាប់គម្រោងស្តីពីប្រជាជន និងអភិឌ្ឍន៍ មានគោលដៅសម្រេចឱ្យបានលទ្ធផលសូន្យ៣រួមមានលុបបំបាត់ឱ្យអស់(សូន្យនូវមរណភាពមាតាដែលអាចការពារបាន), លុបបំបាត់ឱ្យអស់(សូន្យ)នូវផែនការគ្រួសារដែលមិនបានឆ្លើយតប និងលុបបំបាត់ឱ្យអស់(សូន្យ)នូវអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការអនុវត្តប្រកបដោយគ្រោះថ្នាក់លើស្ត្រីនិងក្មេងស្រីត្រឹមឆ្នាំ២០៣០។
លោកស្រី Sandra Bernklau តំណាងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនUNFPAនៅកម្ពុជាបានសម្តែងការអបអរសាទរដល់រដ្ឋាភិបាលកម្ពុជាដែលបានប្រកាន់ខ្ជាប់ការប្តេជ្ញាចិត្តចំពោះគម្រោងស្តីពីប្រជាជននិងអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់គណៈកម្មការពិសេស ដើម្បីបង្កើនការអនុវត្តលើគម្រោងនេះ។
លោកស្រីបានថ្លែងថា៖«ប្រទេសកម្ពុជាគួរតែមានមោទនភាពចំពោះការងារនេះ ព្រោះមិនមានប្រទេសជាច្រើនទេដែលមានគណៈកម្មការពិសេសដែលមានក្រសួង និងស្ថាប័នពាក់ព័ន្ធជាច្រើនដែលប្តេជ្ញាចិត្តចំពោះការតាមដាន និងការអនុវត្តនៃគម្រោងប្រជាជននិងអភិវឌ្ឍន៍»។
តាងនាមឱ្យUNFPAលោកស្រីថ្លែងថា កិច្ចពិភាក្សានាពេលនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីពិគ្រោះយោបល់អំពីឯកសារពិសេសដែលជាផែនការព្រាងដើម្បីបង្កើតនូវការអនុវត្តនៃគម្រោងស្តីពីប្រជាជននិងអភិវឌ្ឍន៍។
លោកស្រីបន្តថា បញ្ហាយ៉ាងធំដែលកើតចេញពីជំងឺកូវីដ១៩បានប៉ះពាល់ដល់ក្រុមងាយរងគ្រោះនិងគំរាមកំហែងទៅដល់វឌ្ឍនភាពនៃគម្រោងស្តីពីប្រជាជន និងអភិវឌ្ឍន៍។
លោកស្រី បានបញ្ជាក់ថា គម្រោងនេះពិតជាផែនការដ៏សំខាន់ ហើយលោកស្រីក៏ជំរុញដល់អ្នកពាក់ព័ន្ធខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរៀបចំផែនការនេះឱ្យមានភាពច្បាស់លាស់ ដែលឈានទៅការសម្រេចបានគោលដៅ និងចក្ខុវិស័យរបស់ប្រទេសកម្ពុជា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
នាឱកាសនោះដែរ លោក ជា ចាន់ទុំ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍បានលើកឡើងដែរថា ក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជានិងផែនការសកម្មភាព ២០២៣-២០៣០ មាន២វគ្គ ក្នុងនោះវគ្គទី១និយាយពីក្របខ័ណ្ឌយុទ្ធសាស្ត្រ និងវគ្គ២និយាយពីផែនការសកម្មភាព។
លោកថា ប្រសិនបើកម្ពុជាធ្វើបានល្អលើគម្រោងនេះនឹងក្លាយជាគំរូទី១សម្រាប់អន្តរជាតិ និងតំបន់នៃការតាមដានការអនុវត្តគម្រោងស្តីពីប្រជាជន និងអភិវឌ្ឍន៍។
លោក ជា ចាន់ទុំ បានថ្លែងថា៖«រដ្ឋាភិបាលកម្ពុជា មានការគិតគូរខ្លាំងណាស់តាំងពីចំនួនកូន សុខភាព ការអប់រំ ធ្វើម៉េចឱ្យសមភាពរវាងចំនួនប្រជាជន គុណភាពមនុស្ស និងការងារ»។
សូមជម្រាបថា ចាប់ពីឆ្នាំ២០១៦មក អគ្គលេខាធិការដ្ឋានប្រជាជននិងអភិឌ្ឍន៍នៃក្រសួងផែនការបានសហការជិតស្និទ្ធជាមួយ UNFPA បានដើរតួយ៉ាងសំខាន់ ក្នុងការបញ្ជ្រាបបញ្ហាប្រជាជននិងការអភិវឌ្ឍទៅក្នុងរាល់ការសម្រេចចិត្តគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាព ទាំងនៅថ្នាក់ជាតិទាំងនៅថ្នាក់ក្រោមជាតិ និងការគាំទ្រទាំងស្រុងទៅលើការផ្ដល់ភាពអង់អាចដល់ស្ត្រី និងការផ្តល់សិទ្ធិនិងជម្រើសដល់ស្ត្រី៕