ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យកងទ័ពរបស់កម្ពុជា ប្រើយុទ្ធសាស្ត្រដាក់សំណាញ់មេឃក្នុងការបាញ់កម្ទេចដ្រូន (យន្តហោះគ្មានមនុស្សបើក) ពីខាងក្រោម ដោយចំណាយ ១ ឬ ២ លានគ្រាប់ ដើម្បីបាញ់ដ្រូនទាំងនោះ ដែលនៅតែព្រហើនហោះចូលក្នុងទឹកដីកម្ពុជា។
លោកបានលើកឡើងដូចនេះ នាព្រឹកថ្ងៃទី ២៨ មិថុនា ក្នុងអំឡុងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន ១៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងរាជធានីភ្នំពេញ។
លោកបានលើកឡើងថា៖ «វាហោះចូលមកយប់មិញ ៥ គ្រឿងទៀត តែអត់មានអ្នកបាញ់ ដោយសារតែអត់បាញ់ហ្នឹងហើយ បានវានៅតែព្រហើនហ៊ានចូល អ៊ីចឹងត្រូវដាក់សំណាញ់មេឃ ធ្វើតាមក្បួនរបស់ខ្ញុំដាក់ បាញ់ពីខាងក្រោម ដោយចំណាយ ១ លាន ២ លានគ្រាប់ចោលទៅ គង់អីដែលវាមិនត្រូវ»។
លោក ហ៊ុន សែន បន្តថា៖ «ខ្ញុំសុំព្រមានប្រទេសណាក៏ដោយដែលឱ្យយន្តហោះគ្មានមនុស្សបើកមកធ្វើសកម្មភាពឈ្លានពានកម្ពុជា និងធ្វើភេរវកម្មមកលើទឹកដីកម្ពុជា គឺបើយើងស៊ើបអង្កេតបាន យើងនឹងប្តឹងទៅអង្គការសហប្រជាជាតិ»។
នាឱកាសនោះដែរ លោកនាយករដ្ឋមន្ត្រី ក៏បានប្រកាសក្នុងការផ្តល់ថវិកាចំនួន ២០ ម៉ឺនដុល្លារអាមេរិក ទៅដល់កម្លាំងអង្គភាពណា ដែលបាញ់ធ្លាក់ ដ្រូន ១ គ្រឿងផងដែរ ដើម្បីលោកចង់ដឹងថាដ្រូននេះចេញមកពីប្រភពណាពិតប្រាកដ ដែលដ្រូននេះ បានចូលមកក្នុងប្រទេសកម្ពុជាជិតមួយសប្តាហ៍មកហើយដែរ។
ខណៈនោះដែរ លោកក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជា សូមកុំបារម្ភពីការកើតឡើងនូវការផ្ទុះសង្គ្រាមឡើយ ដោយលោកជឿជាក់ថា កម្លាំងបាក់ទ័ពដែលមកពីប្រទេសវៀតណាម កំពុងស្ថិតក្នុងទឹកដីខ្មែរ ដែលដ្រូននេះមកចូលទឹកដីខ្មែរដើម្បីធ្វើទំនាក់ទំនងជាមួយនឹងពួកបាក់ទ័ពទាំងនេះ។
លោកបានបញ្ជាក់ថា៖ «វាគ្មានហេតុផលណាមួយដែលត្រូវបញ្ជូនដ្រូនមកទេ តែពួកនេះវាឱ្យសញ្ញា។ ប៉ុន្មានថ្ងៃមុន យើងឃើញមនុស្ស ២ នាក់ យើងដេញតាម ហើយម្នាក់ជ្រុះទូរស័ព្ទយើងឃើញមានការទូរស័ព្ទចូលក្នុងទូរស័ព្ទដែលជ្រុះនោះ យើងលើកស្តាប់ក៏ឮសំឡេងជនជាតិភាគតិចនិយាយចេញពីប្រទេសវៀតណាម»។
ក្នុងពិធីនោះដែរ លោក ហ៊ុន សែន ក៏បានព្រលយឱ្យដឹងផងដែរថា ការហ្វឹកហាត់កងទ័ពនេះធ្វើឡើងក្នុងប្រទេសមួយក្នុងតំបន់ ហើយលោកក៏មានការសង្ស័យលើ ២ ចំណុចផងដែរទី១ ចេញពីប្រទេសមួយដែលលោកសុំមិនបញ្ចេញឈ្មោះ និងទី២ អាចនឹងចេញពីនាវា។
កាលពីល្ងាចថ្ងៃទី ២៧ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់សហការគ្នារុករកអ្នកលាក់ខ្លួនលើទឹកដីកម្ពុជាដែលរត់ចេញពីទឹកដីវៀតណាមដោយលោកចាត់ទុកថា ជាក្រុមប៉ុនប៉ង ធ្វើភេរវកម្ម ហើយលោកបានអំពាវនាវឱ្យប្រទេសនានា បញ្ឈប់ការអនុញ្ញាតលើការផ្តល់ទីតាំងបង្ហោះដ្រូនចូលដែនអធិបតេយ្យភាពកម្ពុជា។
លោកថ្លែងតាមរយៈសារសំឡេងថា៖ «ខ្ញុំសូមដាក់ចេញបទបញ្ជាបន្ថែមឱ្យកងកម្លាំងនៅយុទ្ធភូមិភាគទី១ សហការជាមួយកងកម្លាំងទាំងអស់ ដើម្បីរុករកអ្នកដែលមកលាក់ខ្លួននៅលើទឹកដីកម្ពុជា។ ការធ្វើដំណើរទៅនេះ មិនមែនគ្រាន់តែដើម្បីពួនស្ទាក់កម្ទេចយន្តហោះគ្មានមនុស្សបើកនោះទេ ក៏ប៉ុន្តែយើងក៏ត្រូវរុករកកម្លាំង ដែលលាក់ពួន រត់ឆ្លងកាត់ពីប្រទេសវៀតណាមឆ្លងមកលាក់ខ្លួនក្នុងទឹកដីកម្ពុជា»។
លោក ហ៊ុន សែន សន្មតថាដ្រូនទាំងនេះទំនងជាសម្ភារស៊ើបការណ៍ ស្វែងរកទំនាក់ទំនងជនដែលរត់ពីវៀតណាម មកលាក់ខ្លួននៅទឹកដីកម្ពុជា។
ទន្ទឹមនឹងនេះដែរ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច កាលពីថ្ងៃទី ២៧ ខែមិថុនា ក៏បានជំរុញបន្ថែមឱ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវពង្រឹងសន្តិសុខតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម តាមការណែនាំ របស់លោក ហ៊ុនសែន។ លោកស្រីបានលើកឡើងដូចនេះ ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនូវប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៥ក្នុងខេត្តស្វាយរៀង ដែលជាខេត្តមានព្រំដែនជាប់នឹងប្រទេសវៀតណាម។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា កម្ពុជាមានសិទ្ធិការពារដែនអធិបតេយ្យភាព ឯករាជភាព បូរណភាពទឹកដីរបស់ខ្លួនដោយស្របច្បាប់ ហើយការបញ្ជូនកងកម្លាំងទៅពង្រាយបាញ់ទម្លាក់ដ្រូនគ្មានអត្តសញ្ញាណនោះជារឿងចាំបាច់បំផុតក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។
លោក យង់ ពៅ បានប្រាប់ថា៖ «យើងត្រូវតែបាញ់ទម្លាក់ដ្រូនទាំងនោះ ដើម្បីយកមកសិក្សាស្រាវជ្រាវថាដ្រូននោះជារបស់អ្នកណា មានប្រភពពីណា ដើម្បីមករៀបចំប្រព័ន្ធការពារសន្តិសុខរបស់កម្ពុជាវិញ»។
លោកបន្ថែមថា ក្នុងកិច្ចសហប្រតិបត្តិការលើកនេះ ភាគីវៀតណាម ត្រូវចូលរួមសហការឱ្យបានពេញលេញជាមួយកម្ពុជាក្នុងនាមជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនឹងគ្នា ពិសេសករណីក្រុមប្រឆាំងដែលបានរត់ភៀសខ្លួនពីទឹកដីវៀតណាមមកជ្រកកោននៅកម្ពុជា ដែលពាក់ព័ន្ធអធិបតេយ្យភាពជាតិនិងសន្តិសុខរបស់កម្ពុជា។
លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស (BHQ) បានប្រាប់កាលពីថ្ងៃទី ២៧ ខែមិថុនាថា កងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្សបានចេញដំណើរទៅកាន់គោលដៅហើយ ដោយត្រៀមជាមួយអាវុធពិសេសសម្រាប់ប្រឆាំងដ្រូន ឬយន្តហោះគ្មានមនុស្សបើកតែម្តង។
លោកថ្លែងថា៖ «ឱ្យតែហោះចូលដែនអធិបតេយ្យកម្ពុជា ដឹងតែបាញ់ទម្លាក់ហើយ ព្រោះមានបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលហើយយើងមិនខ្លាចក្នុងការបាញ់នោះទេ។ បញ្ហាអធិបតេយ្យភាពរបស់ជាតិពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលត្រូវតែការពារឱ្យខាងតែបានពិសេសបង្ការការស៊ើបការណ៍សម្ងាត់នានាដែលអាចកើតឡើងជាយថាហេតុបាន ព្រោះដ្រូនមានបច្ចេកវិទ្យាដើម្បីឈ្លបយកការណ៍»។
សូមរំឭកដែរថា កាលពីថ្ងៃទី ១១ ខែមិថុនា កន្លងទៅ ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឃុំខ្លួនមនុស្ស ៦ នាក់ និងតាមចាប់ខ្លួនអ្នកផ្សេងៗទៀត ពាក់ព័ន្ធការវាយប្រហារទីស្នាក់ការប៉ូលិស ២ កន្លែងនៅក្នុងខេត្ត DakLak តំបន់ភ្នំភាគកណ្តាល ដោយបានបណ្តាលឱ្យមន្ត្រី និងជនស៊ីវិលជាច្រើននាក់ស្លាប់។
តំបន់ខ្ពង់រាបកណ្តាលវៀតណាម ជាទីតាំងរបស់ក្រុមជនជាតិភាគតិចមួយចំនួនរស់នៅ ដែលគេចាត់ទុកជាតំបន់រសើបមួយចំពោះអាជ្ញាធរវៀតណាម ដោយកន្លងមក ប្រជាជនមូលដ្ឋាន មិនសប្បាយចិត្តនឹងរដ្ឋាភិបាលកណ្តាលវៀតណាម ជាពិសេសបញ្ហាសិទ្ធិដីធ្លី។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៧ ខែមិថុនា កម្ពុជាបានបញ្ជូនកងកម្លាំងពីបញ្ជាការដ្ឋានកងអង្គរក្សចំនួន ៥០០ នាក់ ជាមួយអាវុធទំនើបប្រឆាំងដ្រូនចំនួន ២០០ ដើម ទៅពង្រាយនៅតំបន់ជាប់ព្រំដែនវៀតណាមដើម្បីត្រៀមបាញ់កម្ទេចដ្រូនដែលហោះចូលអធិបតេយ្យភាពកម្ពុជា៕