ភ្នំពេញៈ ប្រមុខការទូតកម្ពុជានិងអគ្គលេខាធិការអាស៊ាននៅថ្ងៃទី ២៨ ខែមិថុនា បានពិភាក្សាគ្នាដើម្បីជំរុញកំណើនក្នុងតំបន់អាស៊ានស្របតាមមូលបទដែលប្រទេសឥណ្ឌូនេស៊ី ធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ។ ការពិភាក្សានេះធ្វើឡើងក្នុងជំនួបនៅថ្ងៃទី ២៨ ខែមិថុនា រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាននៅទីស្តីការក្រសួងការបរទេស។
សេចក្តីប្រកាសព័ត៌មានអគ្គលេខាធិការអាស៊ានបញ្ជាក់ថា៖ «ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តមបណ្ឌិត កៅ គឹមហួន បានពិភាក្សាការងាររបស់អាស៊ាន ជាពិសេសលើការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធព្រមទាំងបានរិះរកមធ្យោបាយ ដើម្បីជំរុញតំបន់អាស៊ានដែលជាចំណុចកណ្តាលនៃកំណើនស្របតាមមូលបទរបស់ឥណ្ឌូនេស៊ីដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ»។
ជាមួយគ្នានេះ តបតាមការអញ្ជើញពីប្រធានក្រុមហ៊ុន Maybank Group និងមូលនិធិ Maybank លោក Tan Sri Dato'' Sri Zamzamzairani Mohd Isa លោក កៅ គឹមហួន បានមកកម្ពុជា ២ ថ្ងៃ គឺនៅថ្ងៃទី ២៧-២៨ ខែមិថុនា ដើម្បីចូលរួមពិធីសម្ពោធមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញតម្បាញសូត្ររបស់ធនាគារមេយប៊ែង នៅខេត្តសៀមរាប។
មជ្ឈមណ្ឌលនេះត្រូវបានរំពឹងថា នឹងផ្តល់ឱកាសដល់ស្ត្រីកាន់តែច្រើនដើម្បីរៀនជំនាញតម្បាញសូត្រនិងចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដើម្បីលើកកម្ពស់គុណភាពជីវិត។ ថ្លែងក្នុងពិធីនោះ ពីថ្ងៃទី ២៧ ខែមិថុនា លោក កៅ គឹមហួន បានកោតសរសើរចំពោះការបន្តគាំទ្ររបស់មូលនិធិមេយប៊ែងក្នុងការថែរក្សា និងលើកកម្ពស់ប្រពៃណីតម្បាញវាយនភណ្ឌក្នុងតំបន់ ព្រមទាំងការកសាងមុខរបរសម្រាប់ស្ត្រីអាស៊ាន៕