ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានជំរុញ និងលើកទឹកចិត្តឱ្យអ្នកមានចិត្តសប្បុរសចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិត ខណៈមជ្ឈមណ្ឌលជាតិផ្តល់ឈាមអះអាងថា ការបរិច្ចាគឈាមនាពេលបច្ចុប្បន្ននេះនៅមានកម្រិតនៅឡើយ ពោលគឺបានត្រឹមតែ ៦០ ភាគរយ នៃតម្រូវការឈាមសរុប ១៧ ម៉ឺនប្លោកប៉ុណ្ណោះ ក្នុង ១ ឆ្នាំៗ។
លោកស្រី ខ្លូត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាឱកាសទិវាអន្តរជាតិនៃអ្នកបរិច្ចាគឈាម ធ្វើឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន RSJC ថ្ងៃទី ២៨ ខែមិថុនា បានថ្លែងថា ជារៀងរាល់ថ្ងៃមានប្រជាពលរដ្ឋខ្លះ បានទៅផ្តល់ឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម យ៉ាងទៀងទាត់ ដោយមានអ្នកខ្លះបានផ្តល់ឈាមរហូតដល់ទៅ ៧០ ដងឯណោះ។ ប៉ុន្តែនៅតាមមន្ទីរពេទ្យនានា នៅតែមានការខ្វះខាតឈាម ដោយសារតែកំណើនជនរងគ្រោះដែលត្រូវការឈាម ខណៈអ្នកដែលស្ម័គ្រចិត្តបរិច្ចាគឈាមនៅតែមានកម្រិតនៅឡើយ។
លោកស្រីថ្លែងថា៖ «បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរជាច្រើន នៅមិនទាន់បានយល់ពីសារប្រយោជន៍នៃការបរិច្ចាគឈាមនៅឡើយទេ។ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យស្ម័គ្រចិត្តផ្តល់ឈាមឱ្យបានគ្រប់ៗគ្នា ដើម្បីជួយសង្គ្រោះជីវិតមនុស្សឱ្យបានគ្រប់តាមតម្រូវការជាក់ស្តែង»។
ជាមួយគ្នានោះ លោកស្រី ក៏បានថ្លែងដោយផ្តល់តម្លៃដល់អ្នកបរិច្ចាគឈាម និងបានផ្តល់ការលើកសរសើរដល់អ្នកផ្តល់ឈាមដោយស្ម័គ្រចិត្តថា ជាវីរបុរស ដែលជួយសង្គ្រោះជីវិតមនុស្សថែមទៀតផង។
នាឱកាសនោះដែរលោកស្រី មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងដែរថា នៅក្នុង១ឆ្នាំៗ ប្រទេសកម្ពុជា មានតម្រូវការឈាមប្រមាណ ១៧ ម៉ឺនប្លោក ដើម្បីបំពេញសេចក្តីត្រូវការនៅតាមមន្ទីរពេទ្យនានានៅទូទាំងប្រទេស។ ប៉ុន្តែបច្ចុប្បន្ននេះ ទាំងអ្នកស្ម័គ្រចិត្តផ្តល់ឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងអ្នកបរិច្ចាគនៅតាមមន្ទីរពេទ្យនានា មានប្រមាណតែ ៦០ ភាគរយប៉ុណ្ណោះ នៃតម្រូវការសរុប។
លោកស្រីបានបញ្ជាក់ថា៖ «ការផ្តល់ឈាមធ្វើឡើងតាមវិទ្យាសាស្ត្រ ដោយសុវត្ថិភាព ដោយការបរិច្ចាគឈាមម្តងមានកម្រិត ៣៥០ មិលី្លលីត្រ ដែលស្មើនឹងប្រមាណ ៧ ភាគរយតែប៉ុណ្ណោះ នៃចំណុះឈាម ដែលមាននៅក្នុងខ្លួនមនុស្ស។ដូច្នេះ យើងអាចបរិច្ចាគឈាម ជារៀងរាល់ ៣ ខែម្តង ចំពោះបុរស និង ៤ ខែម្តង ចំពោះស្ត្រី»។
លោកស្រីថ្លែងថា៖ «សូមប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមបរិច្ចាគឈាមឱ្យបានគ្រប់ៗគ្នា ដើម្បីមន្ទីរពេទ្យរបស់យើងទាំងអស់មានឈាមប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការ ព្រោះយើងនៅខ្វះច្រើនដែរ ដល់ទៅជិត ៤០ ភាគរយទៀត។ ហេតុនេះហើយមានតែការបរិច្ចាគឈាមដោយស្ម័គ្ររបស់បងប្អូនទេ ទើបអាចបំពេញសេចក្តីត្រូវការនេះបាន»។
លោកស្រី រាជ សំណាង អគ្គនាយិកានៃមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន RSJC និងក្រុមហ៊ុនអ៊ែកស៊ល អេស៊ា យូមេ រីសសសន៍ ដែលជាក្រុមហ៊ុននាំពលករខ្មែរទៅធ្វើការនៅជប៉ុនដោយស្របច្បាប់ ដែលបានរៀបចំកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្តពីសំណាក់បុគ្គលិក សិស្ស និងសាធារណជននៅព្រឹកថ្ងៃទី ២៨ ខែមិថុនា បានបង្ហាញនូវក្តីសង្ឃឹមថា សកម្មភាពនៃការបរិច្ចាគនេះ អាចនឹងក្លាយជាគំរូមួយសម្រាប់វិស័យឯកជនដទៃទៀតក្នុងការចូលរួមជួយសង្គម តាមរយៈការបរិច្ចាគឈាមនេះ។
លោកស្រីថ្លែងថា៖ «ការផ្តួចផ្តើមគំនិតឱ្យ បុគ្គលិក និងសិស្សដែលត្រៀមចេញទៅធ្វើការនៅប្រទេសជប៉ុន ក៏ដូចជាសាធារណជនទូទៅបានចូលរួមបរិច្ចាគឈាមនេះ ដោយសារតែយើងបានយល់ពីសារៈសំខាន់នៃឈាម ក្នុងការជួយជីវិតមនុស្ស។
យើងសង្ឃឹមថា សកម្មភាពរបស់ក្រុមហ៊ុនយើងនាពេលនេះ នឹងធ្វើឱ្យក្រុមហ៊ុនឯកជនដទៃ យល់ដឹងពីសារប្រយោជន៍នៃការបរិច្ចាគឈាម និងចូលរួមបរិច្ចាគឱ្យបានគ្រប់គ្នា»។
លោកស្រី មើក សាមាន ថ្លែងថាការបរិច្ចាគឈាមនាពេលបច្ចុប្បន្ននេះ សរុបមានប្រមាណ ៦០ ភាគរយ ទាំងស្ម័គ្រចិត្ត និងការផ្តល់ឈាមជំនួស ខណៈដែលការបរិច្ចាគឈាមដោយស្ម័គ្រមានត្រឹមប្រមាណ ១៥ ភាគរយប៉ុណ្ណោះ នៃតម្រូវការឈាមសរុប ១៧ ម៉ឺនប្លោក ក្នុង ១ ឆ្នាំៗ៕