ភ្នំពេញៈ អាជ្ញាធរមីន បានបង្ហាញលទ្ធផលពីការរកឃើញជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងរយៈពេល ៦ ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៣ មានការថយចុះប្រមាណ ៤៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
យោងតាមរបាយការណ៍របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន នៃអាជ្ញាធរមីនបានឱ្យដឹងនៅថ្ងៃទី ២៨ ខែមិថុនាថា ចាប់ពីខែមករា ដល់ខែមិថុនា ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន ២១ នាក់ ជាតួលេខដែលអាជ្ញាធរមីនបានវាយតម្លៃថាថយចុះប្រមាណ ៤៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២២ ដែលមានជនរងគ្រោះសរុប ៤០ នាក់។
របាយការណ៍បានបន្តថា ក្នុងចំណោមជនរងគ្រោះសរុបចំនួន ២១ នាក់នោះ មានជនរងគ្រោះដោយសារមីនចំនួន ៨ នាក់ និងជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១៣ នាក់។
ប្រភពដដែលបានបញ្ជាក់ថា៖ «ក្នុងចំណោមជនរងគ្រោះសរុបចំនួន ២១ នាក់នេះ មានបុរស [ពេញវ័យ] ចំនួន ១៦ នាក់ កុមារាចំនួន ៤ នាក់ និងស្ត្រីម្នាក់ ដែលមានអ្នកស្លាប់ ៣ នាក់ អ្នករងរបួសចំនួន ១២ នាក់ និងអ្នករងគ្រោះក្លាយជាជនពិការអវយវៈចំនួន ៦ នាក់»។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា តាមរយៈលទ្ធផលទាំងនេះ អាជ្ញាធរមីនពិតជាមានការសាទរ ដែលចំនួនជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានការថយចុះជាងឆ្នាំមុន។
លោកបានបន្តថា ការថយចុះចំនួនជនរងគ្រោះនេះ គឺកើតពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រាប់មីននៅតាមសហគមន៍មូលដ្ឋាន ដោយមានអាជ្ញាធរមីនសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា, កងកម្លាំងនគរបាលជាតិ, អង្គភាពស៊ីម៉ាក់, អង្គភាពមួកខៀវ រួមទាំងអាជ្ញាធរដែនដីផងដែរបានចូលរួមផ្សព្វផ្សាយទៅលើកិច្ចការទាំងនេះ។
លោក លី ធុជ បានថ្លែងថា៖ «ប្រជាពលរដ្ឋនៅតាមមូលដ្ឋានហាក់បីដូចជាពួកគាត់បានដឹង និងមានការយល់កាន់តែច្បាស់ពីគ្រោះថ្នាក់នៃគ្រាប់មីន ពិសេសជារៀងរាល់ឆ្នាំនាយករដ្ឋមន្ត្រីកម្ពុជា តែងតែមានសារផ្សព្វផ្សាយក្នុងឱកាសទិវាយល់ដឹងអំពីសំណល់ជាតិផ្ទុះពីសង្គ្រាមជាដើម»។
ក្រៅពីនេះ លោកបានលើកឡើងថា សមិទ្ធផលទាំងនេះ វាក៏កើតឡើងពីអាជ្ញាធរមីនបានរៀបចំកំណត់តំបន់ដែលជាគោលដៅគ្រោះថ្នាក់ណាមួយដែលកំពុងមានវត្តមានគ្រាប់រំសេវ គឺអាជ្ញាធរតែងតែដាក់ស្លាកសញ្ញាហាមឃាត់កុំឱ្យប្រជាពលរដ្ឋចុះទៅ ឬក៏ចូលទៅតំបន់ទាំងនោះផងដែរ។
លោក លី ធុជ បានបញ្ជាក់ថា៖ «សរុបសេចក្ដីមក ការថយចុះនេះ មានទាំងកិច្ចខិតខំប្រឹងប្រែង មានទាំងមធ្យោបាយជាថវិកា ជាធនធានមនុស្ស ដែលរាជរដ្ឋាភិបាលបាននាំមកនូវសន្តិភាព ហើយនិងពុះពារខិតខំសង្គ្រោះប្រជាពលរដ្ឋ និងអត្រាការស្លាប់ ដោយសារបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម»។
លោកបានបន្ថែមថា ទោះបីកម្ពុជាទទួលបានលទ្ធផលថយចុះនៃជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានល្អក៏ដោយ ប៉ុន្តែអាជ្ញាធរមីន នឹងបន្តសកម្មភាពបន្ថែមទៀតលើការងារផ្សព្វផ្សាយ ការងារបោសសម្អាត ដើម្បីធ្វើឱ្យការងារទាំងនោះកាន់តែមានប្រសិទ្ធភាពក្នុងការចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ទៅកាន់ប្រជាពលរដ្ឋ។
អាជ្ញាធរមីនបានឱ្យដឹងថា រយៈពេល ៣០ ឆ្នាំ (១៩៩២-២០២២) កម្ពុជារំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានចំនួន ២ ៥៧៩ គីឡូម៉ែត្រការ៉េ រកឃើញ និងកម្ទេចចោលមីននិងសំណល់ជាតិផ្ទុះបានរាប់លានគ្រាប់ និងមានអ្នកទទួលផលប្រមាណជាង ៩ លាននាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (២០២០-២០២៥) កាលពីថ្ងៃទី ១៥ ខែមិថុនា បានឱ្យដឹងថា គម្រោងនេះ ផ្តោតលើខេត្តចំនួន ៣ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងពង្រីកការបោសសម្អាតមីនបន្ថែមក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ ដោយមានថវិកាសរុប ២០,៨៣ លានដុល្លារអាមេរិក។ ថវិកាទាំងនេះបានមកពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី នូវែលសេឡង់ អង្គការ KOICA និង UNDP៕