សៀមរាបៈ ​ក្រុម​ការ​ងារ​បច្ចេក​ទេស​នៃ​អាជ្ញា​ធរ​ជាតិ​អប្ស​រាកាល​ពី​ថ្ងៃទី ​២៨​ ខែមិថុនា ឆ្នាំ​ ២០២៣ បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​រក​ឃើញ​ទីតាំង​ស្ថា​នីយ​ស្លដែក​បុរាណ​ថ្មី​មួយ​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​។​

​ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើងបន្ទាប់​ពី​ក្រុម​ការងារ​បច្ចេក​ទេស​នៃ​អាជ្ញា​ធរ​ជាតិ​អប្សរា​ សហ​ការ​ជា​មួយ​ក្រុម​បុរាណ​វិទូ​នៃ​សា​កល​វិទ្យា​ល័យ​ហា​វ៉ៃ (University of Hawaii) និង​សា​កល​វិទ្យា​ល័យ​ហ្វ្លី​ន​ដឺ​រស៍ (Flin​der​s University) នៃ​ប្រទេស​អូ​ស្ត្រាលី​តាម​រយៈ​ការប្រើ​ប្រាស់​ឧប​ករណ៍ ​Magn​etometer បាន​ស្កេន​រក​ឃើញ​បំណែក​ជើង​ក្រាន​ឡ​ស្ល​ដែក​ និង​សំណល់​អាច​ម៍ដែក​ជាច្រើន​នៅ​ក្នុង​តំបន់​គោក​អា​ចម៍ដែក​ ឬ​គោក​ដើម​ត្នោត​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ភ្នំ​បូក ​ក្នុង​ភូមិ​ស្រែ​ចង្ហូត ​ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប​។​

​លោក​ អ៊ឹម សុខ​រិទ្ធី ប្រធាន​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ​ បណ្តុះ​បណ្តាល និង​ផ្សព្វ​ផ្សាយ​នៃ​អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ថា​៖«​តាម​រយៈ​ឧប​ករណ៍ Magnetometer ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ភ័ស្តុ​តាង​មួយ​ចំនួន​ដូច​ជា ​សំណល់​អាចម៍​ដែក ​បំណែក​ជើង​ក្រាន ដែល​បញ្ជាក់​ថា ទី​តាំង​គោក​អាចម៍​ដែក​ គឺជា​ស្ថានីយ​ឡ​ស្ល​ដែក​បុរាណ​ដ៏​សំខាន់​មួយ​ ក្នុង​រាជ​ធានី​អង្គរ​ នា​សម័យ​បុរាណ​» ។

​បើ​តាម​លោក ​សុខ​រិទ្ធី ក្រៅ​ពី​ការ​ស្កេ​នរក​ឃើញ​វត្ថុ​តាង​ទាំង​នេះ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ ក៏​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ភូមិ​ក្នុង​តំបន់​នេះ​ផង​ដែរ​ថា ​ជារឿ​យៗ​ពួក​គេបាន​នាំគ្នា​យក​សំណល់​អាចម៍​ដែក​ពី​ស្ថា​នីយ​នេះទៅ​កិន​ធ្វើជា​ថ្នាំ​ព្យា​បាល​របួស ​ជំងឺ​តា​អក​ ជំងឺ​ខាន់លឿង​និង​ជំងឺ​ផ្សេងៗ​ទៀត​។

​លោក​បាន​បន្ត​ថា កន្លង​មក​ក្រុម​បុរាណ​វិទូបាន​ស្រាវ​ជ្រាវ​រក​ឃើញ​ស្ថា​នីយ​ជើង​ក្រាន​ស្លដែក​បុរាណ​នៅ​ភាគ​ខាង​កើត​ឆ្ងាយ​ពី​រាជ​ធានី​អង្គរ ​ដូច​ជា ស្ថានី​យ​ស្លដែកនៅ​​ភ្នំ​ដែក ​ខេត្ត​ព្រះវិហារ​ ស្ថា​នីយ​ស្លដែក​នៅ​តំបន់​ខ្វាវក្នុង​ស្រុក​ជី​ក្រែង និង​ស្ថា​នីយ​ស្ល​ដែក​នៅ​ភូមិ​គោលក្នុង​ស្រុក​អង្គរ​ជុំខេត្ត​សៀមរាប​។​ « ប៉ុន្តែ​ពេល​នេះ​យើង​បាន​សិក្សា​ស្រាវ​ជ្រាវ​រក​ឃើញ​ស្ថា​នីយ​ស្ល​ដែក ​នៅ​ក្នុង​ឧទ្យាន​អង្គរ​តែ​ម្តង​»​។​

​លោក​បានបន្ដ​ថា ​តាម​រយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ​​កន្លង​មក​ តំបន់ភ្នំ​បូក​គឺជា​ទីតាំង​ឡ​ស្លដែក​ដ៏​ធំ​មួយ​នា​សម័យ​អង្គរ​។ ក្នុង​នោះ​គេ​បាន​រក​ឃើញ​មាន​សំណល់​បំណែក​ចង្ក្រាន​ស្ល​ដែក​និងសំណល់​អាចម៍​ដែក​ជា​ច្រើន​នៅ​លើ​ទីតាំង​ចំនួន​៣​កន្លែង​ដែល​បង្ហាញ​ថា ​រាជ​ធានី​អង្គរពី​សម័យ​បុរាណ មាន​ការ​រីក​ចម្រើន​ខ្លាំង​នូវ​ឧស្សាហ​កម្ម​ស្លដែក​ក្នុង​ការ​ផ្គត់​ផ្គង់​តម្រូ​វការ​លោ​ហៈស​ម្រាប់​ផលិត​ជា​សម្ភារ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ ​សម្ភារ​កសិ​កម្ម ​អាវុធ​យុទ្ធ​ភណ្ឌ និង​សម្ភារ​ប្រើ​ប្រាស់​ផ្សេងៗ​ទៀត​សម្រាប់​ប្រជា​ជនប្រហែល​៨០​ម៉ឺន​នាក់​ក្នុង​រាជ​ធានី​អង្គរ​នា​សម័យ​បុរាណ​៕