ភ្នំពេញៈ របាយការណ៍ស្ដីពីស្ថានភាពសត្វស្លាបសំខាន់ៗនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនៃខេត្តតាកែវបានបង្ហាញថា សត្វស្លាបកម្រចំនួន ១៤ ប្រភេទ ក្នុងចំណោម ១៣២ ប្រភេទ មានវត្តមាននៅតំបន់នេះ ខណៈប្រភេទសត្វស្លាបទាំងនោះកំពុងទទួលការគំរាមកំហែងជាសកល។
យោងតាមរបាយការណ៍របស់អង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ២៩ ខែមិថុនានេះថា ឆ្នាំ ចាប់តាំងពី ២០០៣ ដល់ឆ្នាំ ២០២១ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ត្រូវបានកត់ត្រាថាមានសត្វស្លាបចំនួន ១៣២ ប្រភេទ នៅក្នុងតំបន់ការពារនេះ ក្នុងនោះរួមមាន សត្វស្លាបកម្រចំនួន ២ ប្រភេទ ជាប្រភេទសត្វជិតផុតពូជ ២ ប្រភេទរងគ្រោះថ្នាក់ ២ ប្រភេទ ជាសត្វស្លាបងាយរងគ្រោះ និង៧ប្រភេទ ជាសត្វស្លាបរងការគំរាមកំហែង ហើយនិង ១១៩ ប្រភេទទៀត ជាប្រភេទសត្វដែលរងការគំរាមកំហែងតិចតួច។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងចំណោមប្រភេទសត្វស្លាបកម្រទាំង ១៤ ប្រភេទ មានសត្វស្លាបសំខាន់ៗចំនួន ៣ ប្រភេទ ដែលបានកត់ត្រាក្នុងរបាយការណ៍នេះ ក្នុងនោះមាន សត្វចាបព្រៃវែង សត្វក្រៀល និងសត្វត្រដក់ធំ សុទ្ធតែសត្វស្លាបដែលកំពុងទទួលរងការគំរាមកំហែងជាសកល។ សត្វចាបព្រៃវែង គឺជាប្រភេទជិតផុតពូជបំផុតលើលោក ដែលកំណត់ក្នុងបញ្ជីក្រហមក្នុងឆ្នាំ ២០១៧។ បក្សីប្រភេទនេះបង្កកំណើតនៅអឺរ៉ុប និងទ្វីបអាស៊ីខាងជើង ហើយពួកវាតែងតែបំផ្លាស់ទីមកកាន់តំបន់អាស៊ី ប្រទេសឥណ្ឌា និងប្រទេសចិនភាគខាងត្បូងនៅរដូវត្រជាក់ និងហោះហើរត្រទ្បប់ទៅប៉ែកអឺរ៉ុបវិញ។
នៅកម្ពុជាសត្វចាបព្រៃវែង ត្រូវបានប្រទេះឃើញជាក្រុមក្នុងរដូវវស្សានៅតាមទីជម្រកដែលជា ដី ចម្ការ វាលស្រែ និងវាលស្មៅ ហើយតាមរបាយការណ៍ ពួកវាមានការថយចុះ យ៉ាងគំហុកដោយសារតែការដាក់អន្ទាក់ មង សារធាតុពុល និងមធ្យោបាយផ្សេងទៀតសម្រាប់ធ្វើជាអាហារ និងលក់នៅលើទីផ្សារជាដើម។
ចំណែកសត្វត្រដក់ធំ ក៏ជាប្រភេទសត្វស្លាបជិតផុតពូជលើពិភពលោក ដែលមាននៅក្នុងបញ្ជីក្រហមរបស់IUCN ដែរហើយប្រភេទនេះ មានវត្តមាននៅប្រទេសបង់ក្លាដែស នេប៉ាល់ ភូមា ថៃ វៀតណាម និងមានកន្លែងបន្តពូជតែនៅប្រទេសឥណ្ឌានិងកម្ពុជាប៉ុណ្ណោះ។ ខណៈដែលប្រភេទសត្វនេះបានកត់ត្រាមាននៅក្នុងតំបន់ព្រែកល្ពៅកាលពីឆ្នាំ ២០០៤ គឺសត្វត្រដក់មានចំនួន ១៩ក្បាលបានធ្លាក់ចុះមកត្រឹម ១១ក្បាលនៅឆ្នាំ២០២១។ ចំពោះសត្វក្រៀលវិញ ក៏កត់ត្រាថានៅតំបន់ព្រែកល្ពៅមានសត្វក្រៀលចំនួន ៣០៤ក្បាល ក្នុងឆ្នាំ ២០១១ ហើយបានធ្លាក់ចុះមកសល់ ៥៦ ក្បាល ក្នុងឆ្នាំ ២០២១។
ទាក់ទិនរឿងនេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ពាក់ព័ន្ធនឹងការអភិរក្សជីវចម្រុះ ជាពិសេសគឺអភិរក្សសត្វស្លាប នៅក្នុងប្រទេសកម្ពុជា គឺក្រសួងបរិស្ថានមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងនោះមានដូចជា តំបន់ព្រែកទាល់ ជាតំបន់ដែលមានប្រភេទសត្វស្លាបដ៏ធំ ពីព្រោះទីតាំងនោះ ជាកន្លែងសម្បូរដោយចំណី។ ក្រសួងក៏បានចាត់ទុកទីតាំងនោះថា ជាតំបន់ដែលមានការពារ និងអភិរក្សយ៉ាងតឹងរុឹង ពីព្រោះជាតំបន់ដែលសត្វស្លាបពងកូន។ ក្រៅពីនេះទៀត លោកថា តំបន់ធម្មជាតិទួលព័ន្ធតាឡី-បឹងស្នេហ៍ស្ថិតក្នុងខេត្តព្រៃវែងក៏បានក្លាយទៅជាតំបន់ការពារទេសភាព និងរួមមានតំបន់បឹងព្រែកល្ពៅក្នុងតាកែវ តំបន់អន្លង់ព្រីងក្នុងខេត្តកំពត សុទ្ធតែជាតំបន់ដែលមានប្រភេទសត្វស្លាបជាច្រើនប្រភេទកំពុងរស់នៅផងដែរ។ ជាពិសេសប្រភេទសត្វស្លាបកម្ររួមមាន ចាបព្រៃវែង សត្វក្រៀល និងសត្វត្រដក់ ដែលកំពុងទទួលរងការគំរាមកំហែង។
លោក នេត្រ ភក្ត្រា ថ្លែងថា៖ «អ៊ីចឹង! ជាការងារមួយដែលក្រសួងបរិស្ថានបានយកចិត្តទុកដាក់លើការការពារ និងអភិរក្សលើតំបន់ទាំងអស់នោះ ដើម្បីផ្ដល់ជម្រកសុវត្ថិភាពដល់សត្វស្លាប ពីព្រោះកន្លែងទាំងអស់ហ្នឹង វាជាតំបន់ដែលសត្វស្លាបរកស៊ីផងវាពងកូនផង។ ដូច្នេះក្នុងកិច្ចខំប្រឹងប្រែងរួម គឺយើងការពារដើម្បីប្រភេទសត្វកម្រទាំងអស់នេះ ឱ្យមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងជាបន្តទៅទៀត»។
ពាក់ព័ន្ធការអភិរក្សនេះដែរលោក នេត្រ ភក្ត្រា គូសបញ្ជាក់ថា ក្រសួងក៏នឹងខិតខំប្រឹងប្រែង ដើម្បីអប់រំ ផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដែលនៅជុំវិញតំបន់សត្វស្លាបកម្រទាំងនោះ កុំឱ្យមានការបរបាញ់ និងការចាប់ ឫដាក់អន្ទាក់ផងដែរ៕