លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា នៅក្នុងឆ្នាំនេះ រាជរដ្ឋាភិបាលនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែដ៏ធំ នៅរាជធានីភ្នំពេញ រួមនិងពិធីបុណ្យឯករាជ្យជាតិផងដែរ ដើម្បីអបអរខួបលើកទី ៧០ ឆ្នាំ នៃបុណ្យឯករាជ្យជាតិនេះ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនៅខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៣ លោក ហ៊ុន សែន បានប្រកាសជាសធារណៈថា នឹងរៀបចំកម្មវិធីធំៗចំនួន ២ គឺបុណ្យអុំទូក និងបុណ្យឯករាជ្យជាតិ។ លោកថ្លែងយ៉ាងដូច្នេះថា៖«ខ្ញុំសូមបញ្ជាក់ទុកជាមុនថា បុណ្យធំៗនៅចុងឆ្នាំនេះ នឹងមាន ២ ទី១ គឺបុណ្យឯករាជ្យជាតិខួបលើកទី៧០ ឆ្នាំត្រូវធ្វើធំ ទី២ បុណ្យអុំទូក ត្រូវតែធ្វើធំ។
ព្រោះយើងខានធ្វើឆ្នាំមុន ដោយសារជាប់ប្រជុំអាស៊ាន រហូតដល់មនុស្សមួយចំនួនគេថា រដ្ឋាភិបាលខ្វះលុយ គឺអត់ទេ ព្រោះពេលនោះប្រជុំអាស៊ាន ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសច្រើនណាស់ មកចូលរួមប្រជុំយើងត្រូវតែចូលរួមទទួលបន្ទុក ខុសត្រូវគ្នាប៉ុន្មានថ្ងៃ ដូច្នេះយើងរែកមិនរួចទេ»។
ជាមួយគ្នានេះ លោកបានប្រាប់ទៅអាជ្ញាធរ ក៏ដូចជាពលរដ្ឋទូទាំងប្រទេស ត្រៀមមកលេងកម្សាន្តនៅរាជធានីភ្នំពេញ ដើម្បីការប្រណាំងទូក ការប្រគំតន្រ្តី ក៏ដូចជាការតាំងពិព័រណ៍នានាដែលតែងតែរៀបចំនៅពេលមានពិធីនេះម្តងៗ។
លោកថា៖«អ៊ីចឹង! ឆ្នាំនេះត្រៀមទៅ ប្រាប់ទៅទូទាំងប្រទេសឆ្នាំនេះ នឹងមានពិធីបុណ្យអុំទូកធំនៅទីក្រុងភ្នំពេញ បុណ្យឯករាជ្យជាតិក៏ត្រូវធ្វើធំព្រោះជាខួប ៧០ ឆ្នាំ។ អ៊ីចឹង! ឆ្នាំនេះស៊ីហ្គេមក៏ធំ ប៉ារ៉ាហ្គេមក៏ធំ អង្គរសង្ក្រាន្តក៏ធំ»។
សូមជម្រាបថា ពិធីបុណ្យឯករាជ្យជាតិ គឺជាពិធីបុណ្យជាតិដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំនៅប្រទេសកម្ពុជា ដែលពិធីបុណ្យនេះចាប់ផ្តើមប្រារព្ធធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា បានទទួលឯករាជ្យពេញលេញចេញពីអាណានិគមបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ១៩៥៣។
សម្រាប់ទីតាំងប្រារព្ធអបអរសាទរគឺធ្វើឡើងនៅវិមានឯករាជ្យ នៅរាជធានីភ្នំពេញជាមួយនឹងកម្មវិធីនិងព្រឹត្តិការណ៍សំខាន់ៗផ្សេងៗទៀត។ ចំណែកព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងរៀបចំនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។ នេះបើយោងតាមប្រតិទិន៕