ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យមានការស្រាវជ្រាវបន្ថែមឱ្យបានច្បាស់លាស់ លើការកែច្នៃប្រហុក សម្រាប់ការប្រកួតប្រជែងនាពេលខាងមុខ ដោយផ្តោតទៅលើទាំងបច្ចេកទេសនៃការកែច្នៃ ក្លិន រសជាតិ និងខ្សែច្រវាក់តម្លៃតាំងពីអ្នកនេសាទរហូតកែច្នៃ ដើម្បីឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដសម្រាប់ការនាំចេញ។
លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់លើការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងឱ្យមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
បើយោងតាមក្រសួងកសិកម្ម លោកឌិត ទីណា បានធ្វើការណែនាំបែបនេះ នៅក្នុងប្រជុំពិភាក្សាការងារ ស្តីពីការជំរុញការកែច្នៃប្រហុក សម្រាប់ការនាំចេញ និងគម្រោងអភិរក្ស និងអភិវឌ្ឍព្រៃកោងកាង ស្ថិតនៅភូមិកែប សង្កាត់កែប ខេត្តកែប ជាមួយមូលនិធិគីណាល់ នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី ២៩ មិថុនា។
បើតាមលោករដ្ឋមន្ត្រីកសិកម្ម ជាគោលនយោបាយ ត្រូវបង្កើតឱ្យមានទីផ្សារកែច្នៃផលិតផលបន្ថែម ទាំងធម្មជាតិ និងវារីវប្បកម្ម។
ដោយតម្រូវការទីផ្សារមានការកើនឡើងលឿន ដូច្នេះត្រូវកំណត់ប្រភេទពូជត្រីលូតលាស់លឿន និងអាចកែច្នៃបានលឿនទៅតាមតម្រូវការនិងស្តង់ដាទីផ្សារ។
លោកឌិត ទីណា ថ្លែងថា ដើម្បីជំរុញការងារនេះ ក្រសួងជួយគាំទ្រ ទាំងផ្នែកចំណេះដឹង បច្ចេកទេស គោលនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ។
បើតាមក្រសួងកសិកម្ម ប្រហុកត្រូវបានចាត់ទុកជាអាហារប្រពៃណីសម្រាប់ប្រជាជនកម្ពុជា ដែលជាផលិតផលមួយដ៏សំខាន់ ចូលរួមក្នុងសន្តិសុខស្បៀង និងផ្តល់អាហារូបត្ថម្ភ ជាពិសេសសម្រាប់ប្រជាជននៅទីជនបទ។
បើតាមអង្គការ UNIDO បានឱ្យដឹងថា ប្រជាជនកម្ពុជាបរិភោគប្រហុកជាមធ្យមប្រមាណចំនួន ១៨ ក្រាម ក្នុងមនុស្សម្នាក់ ក្នុង ១ ថ្ងៃ។
កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់ប្រហុកជាលក្ខណៈពាណិជ្ជកម្មក្នុងឆ្នាំ ២០២២ ចំនួនប្រមាណ ៨ ៩០០ តោន ដែលចូលរួមផលិតដោយប្រតិបត្តិករសរុបចំនួន ១៨២ សហគ្រាសកែច្នៃ នៅទូទាំងប្រទេស សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិមួយចំនួនដូចជាប្រទេសបារាំង អាមេរិក កូរ៉េ ជាដើម៕