ភ្នំពេញៈ ជនមានពិការភាពភ្នែកទាំងសងខាង លោក ចាប តូ ត្រូវបានព្រះមហាក្សត្រ តែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២៣ ដោយក្រុមប្រឹក្សាសកម្មភាពជនពិការបានអះអាងថា លោកជាជនមានពិការភាពភ្នែកទាំងសងខាងទី១ហើយ ដែលកាន់តំណែងធំនេះ។
ជនពិការភាពភ្នែកទាំងសងលោក ចាប តូ ដែលត្រូវបានគេដឹងថាជាប្រធានសមាគមតន្ត្រីសំនៀងជនពិការបានធ្វើសកម្មភាពច្រើនក្នុងការចូលរួមលើកស្ទួយជីវភាពរស់នៅ ក៏ដូចជាសំឡេងរបស់ជនពិការនៅកម្ពុជា។ លោក ចាប តូ ដែលបានកើតនៅខែសីហា ឆ្នាំ១៩៩៣ ក្នុងខេត្តស្វាយរៀង គឺជាកូនកសិករ ពិការភាពភ្នែកទាំងសងខាង ហើយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្មនៅឆ្នាំ២០១៦។ ក្នុងនាម ជាប្រធានសមាគមតន្ត្រីសំនៀងជនពិការភ្នែក លោកគ្រប់គ្រងដឹកនាំជនមានពិការភាពប្រមាណ ៧០០ នាក់នៅក្នុងសមាគមរបស់លោក។ នេះបើយោងតាមក្រុមប្រឹក្សាសកម្មភាពជនពិការនៅថ្ងៃទី៣០ ខែមិថុនានេះ។
ក្រុមប្រឹក្សាសម្មភាពជនពិការបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានធ្វើការយកចិត្តទុកដាក់ជាខ្លាំងទៅដល់ជនមានពិការភាព។ ច្បាប់បទដ្ឋានគតិយុត្តជាច្រើនត្រូវបានបង្កើតឡើង ដើម្បីគាំពារជនមានពិការភាពនិងកំពុងតែបង្កើនបរិយាកាសងាយស្រួលទៅដល់ជនមានពិការភាពនៅក្នុងការរស់នៅផងដែរ។ លើសពីនេះទៀតជនមានពិការភាពកាន់តែច្រើនត្រូវបានលើកទឹកចិត្តទាំងនៅក្នុងវិស័យឯកជននិងនៅក្នុងស្ថាប័នរដ្ឋ៕