នាឱកាស អបអរសាទរខួបលើកទី២៤៧ នៃទិវាបុណ្យឯករាជ្យជាតិ នៃសហរដ្ឋអាមេរិក លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានវាយតម្លៃខ្ពស់ចំពោះការបង្កើតនូវទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ ១៩៩១ រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលបាននាំមកនូវកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យជាច្រើននៃផលប្រយោជន៍រួម។
លោក លី ធុជ ក្នុងនាមរាជរដ្ឋាភិបាល បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងការប្រារព្ធខួបលើកទី២៤៧ នៃទិវាបុណ្យឯករាជ្យជាតិ នៃសហរដ្ឋអាមេរិក ជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដែលកម្មវិធីនេះរៀបចំឡើងនៅរាជធានីភ្នំពេញ។
លោក លី ធុជ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី ៣០ខែមិថុនានេះថា៖«ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការបង្កើតនូវទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ ១៩៩១ រវាងកម្ពុជានិងសហរដ្ឋអាមេរិក ដែលជាទំនាក់ទំនងយ៉ាងស្និទ្ធស្នាល និងមានកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យជាច្រើននៃផលប្រយោជន៍រួម។ សហរដ្ឋអាមេរិក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា»។
លោកបន្តថា ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយប្រមាណជា ៣ ពាន់លានដុល្លារ ដល់ប្រទេសកម្ពុជាសម្រាប់វិស័យអប់រំ សុខាភិបាល វប្បធម៌ កសិកម្ម បរិស្ថាន លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីន ជាដើម។ ជាមួយគ្នានេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ១៩ សហរដ្ឋអាមេរិក បានបរិច្ចាគវ៉ាក់សាំងកូវីដ១៩ ជាង ៣ លានដូស និងផ្តល់ជំនួយចំនួន ១៦ លានដុល្លារដល់ប្រទេសកម្ពុជា។
លោកគូសបញ្ជាក់ថា៖«ទោះបីជាមានការប្រឈមនឹងជំងឺកូវីដ១៩ក៏ដោយ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរនៅតែបន្តពង្រីកដោយឈានដល់ជាង ១២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលកើនឡើង ៤០ ភាគរយបើធៀបនឹងឆ្នាំមុន។ សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា»។
ដោយឡែកសម្រាប់ការចូលរួមដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងនាមនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានអាជ្ញាធរមីន លោក លី ធុជ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសហរដ្ឋអាមេរិក ដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាក្នុងសកម្មភាពមីននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ គិតជាទឹកប្រាក់ប្រមាណជាង ១៩០ លានដុល្លារ។
លោកទេសរដ្ឋមន្រ្តី បានចាត់ទុកជំនួយសកម្មភាពមីនរបស់សហរដ្ឋអាមេរិក បានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយជនរងគ្រោះដោយសារមីននៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះ លោកបានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដែលបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ ២០២៥។
លោក លី ធុជ បានគូសបញ្ជាក់បន្ថែមទៀតថា ឆ្នាំមុន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង ដូចដែលបានឃើញក្នុងកិច្ចប្រជុំរវាងមេដឹកនាំនៃប្រទេសទាំងពីរ នៅខាងក្រៅអាស៊ាន-សហរដ្ឋអាមេរិក។ កិច្ចប្រជុំកំពូលពិសេសនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី និងអាស៊ាន-សហរដ្ឋអាមេរិកលើកទី១០ និងកិច្ចប្រជុំកំពូលនៅទីក្រុងភ្នំពេញ។
លោកថា៖«ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជាបានធ្វើការរៀបចំ និងការសម្របសម្រួលទាំងអស់សម្រាប់ការលើកកម្ពស់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»៕