
លោកហង់ជួន ណារ៉ុន ក្នុងពិធីប្រគល់សញ្ញាបត្រ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍កាលពីថ្ងៃទី ២៩ មិថុនា។ រូបថត ក្រសួងអប់រំ
ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ភាពជោគជ័យរបស់សិស្សានុសិស្ស កើតចេញពីការវិនិយោគរបស់មាតាបិតា ហើយការវិនិយោគនេះ គឺជាការវិនិយោគ ដ៏មានតម្លៃ ដ្បិតការកសាងធនធានមនុស្សមានន័យស្មើនឹងការអភិវឌ្ឍសង្គមជាតិ ការរក្សាបាននូវសន្តិភាពជូនប្រទេសជាតិនីមួយៗ ក៏ដូចជាពិភពលោកទាំងមូលផងដែរ។
លោកហង់ជួន ណារ៉ុន បានថ្លែងបែបនេះ ក្នុងពេលលោកអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ បញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍កាលពីថ្ងៃទី ២៩ មិថុនា។
បើយោងតាមក្រសួងអប់រំ នៅក្នុងពិធីនេះ លោករដ្ឋមន្ត្រី ក៏បានផ្ដល់ជាដំបូន្មានល្អៗ ជូនសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនជាធនធានមនុស្សយ៉ាងពេញលេញមួយ ពោរពេញដោយបំណិន សម្បទា វិជ្ជាសម្បទា ចរិយាសម្បទា ជាពិសេសគឺជាចំណេះដឹងផ្នែកបច្ចេកវិទ្យាផងដែរ៕