កណ្តាលៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងស្នើសុំទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ឱ្យធ្វើការត្រួតពិនិត្យ ប្រសិនបើនៅតែមាន ដ្រូន (យន្តហោះគ្មានមនុស្សបើក) បន្តហោះចូលមកក្នុងទឹកដីកម្ពុជាទៀត ខណៈកម្ពុជាចាត់ទុកការហោះចូលដែនអាកាសកម្ពុជានេះថា គឺជាការរំលោភបំពានយ៉ាងគឃ្លើន និងមិនអាចអត់ឱនឱ្យបាន។
លោកនាយករដ្ឋមន្ត្រី បានលើកឡើងដូចនេះ ក្នុងជំនួបសំណេះសំណាលជាមួយនឹងកម្មករ កម្មការិនីជិត ២ ម៉ឺននាក់ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី ២៩ ខែមិថុនា ដោយលោកក៏បានប្រាប់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ឱ្យផ្ញើលិខិតទៅកាន់ប្រធានអាស៊ានផងដែរ។
លោកបានលើកឡើងថា ក្រសួងការបរទេស បានចេញសេចក្តីថ្លែងការណ៍មួយរួចហើយ ហើយប្រសិនជាមានដ្រូននេះនៅតែបន្តហោះចូលមកក្នុងទឹកដីកម្ពុជាទៀត កម្ពុជានឹងធ្វើការស្នើសុំទៅអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីឱ្យផ្នែកណាមួយត្រួតពិនិត្យរដ្ឋអធិបតេយ្យមួយ ដែលត្រូវបានដ្រូនគ្មានអត្តសញ្ញាណហោះចូលមកក្នុងប្រទេស។
លោកមានប្រសាសន៍ថា ៖ «ទឹកដីរបស់យើងមិនអនុញ្ញាតឱ្យអ្នកណាចូលមកឈ្លានពាននោះទេ។ ក្រសួងការបរទេសក៏បានចេញសេចក្តីថ្លែងការណ៍ហើយផងដែរ ហើយខ្ញុំក៏បានពិភាក្សាជាមួយឯកឧត្តមប្រាក់ សុខុន ផងដែរថា ប្រសិនបើមានដ្រូនឬយន្តហោះគ្មានមនុស្សបើក ហោះចូលមកក្នុងទឹកដីកម្ពុជាដោយគ្មានការអនុញ្ញាតទៀតនោះ យើងនឹងធ្វើលិខិតជូនអគ្គលេខាធិការអង្គការសហប្រជាជាតិតែម្តង»។
លោកបន្តថា៖ «តើជាអំពើភេរវកម្មទេ? ហើយយើងក៏គួរតែសរសេរទៅកាន់ប្រធានអាស៊ានផងដែរដែលប្រទេសយើងត្រូវបានញាំញីដោយដ្រូន ឬយន្តហោះដែលគ្មានមនុស្សបើកដោយគ្មានអត្តសញ្ញាណ។ យើងត្រូវធ្វើសកម្មភាពទាំងក្នុង ទាំងក្រៅ ដោយមិនអនុញ្ញាតឱ្យអ្នកណាមកប្រមាថដោយប្រើប្រាស់ដ្រូន ដែលជួនកាលពួកភេរវកម្មធ្វើសកម្មភាព ដែលអាស៊ានត្រូវរួមដៃគ្នាគ្រប់គ្រងដ្រូននេះ»។
លោក ហ៊ុន សែន លើកឡើងថា ការរួមដៃគ្នានេះក្រែងលោដ្រូននេះមិនមែនមកវាយប្រហារកម្ពុជា ប៉ុន្តែវាទៅវាយប្រទេសផ្សេង តើវាយ៉ាងណា? ព្រោះដ្រូននេះក៏អាចសម្លាប់មនុស្សបាន ដោយបើកបុក ទម្លាក់ ឬបាញ់។ «ដូចនេះយើងត្រូវតែហ្មត់ចត់ក្នុងការការពារអធិបតេយ្យ ហើយខ្ញុំសង្ឃឹមថា ក្មួយៗនឹងបន្តការខិតខំ រួមគ្នាដើម្បីធ្វើឱ្យប្រទេសជាតិយើងរុងរឿង»។
ទន្ទឹមគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី ក៏បានប្រកាសជាសាធារណៈទៅដល់អ្នកដែលលេងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងទាក់ទងនឹងសន្តិសុខជាតិមកបង្ហោះតាមហ្វេសប៊ុក។
លោកថ្លែងថា៖ «យើងមិនអនុញ្ញាតទេ បើគ្មានបទបញ្ជាពីខាងផ្នែកយោធា មិនអាចលេងសើចទេ។ ខ្ញុំសូមប្រាប់ឱ្យហើយ រឿងសន្តិសុខជាតិ មិនមែនជារឿងតូចតាចទេ យន្តហោះវាមានហោះឆ្លងកាត់ប្រទេសយើង ទៅកាន់ប្រទេសមួយចំនួនទៀត ត្រូវឆ្លងកាត់ខេត្តរតនគិរីដែរ»។
កាលពីថ្ងៃទី ២៨ ខែមិថុនា ក្រសួងការបរទេស បានចេញសេចក្តីថ្លែងការណ៍ស្តីពី «ការហោះចូលដែនអាកាសកម្ពុជា របស់យន្តហោះគ្មានមនុស្សបើកបរ គឺជាការរំលោភបំពានយ៉ាងគឃ្លើន និងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា»។
ក្រសួងលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានតាមដានដោយការយកចិត្តទុកដាក់បំផុត ចំពោះហេតុការណ៍ដែលបានកើតឡើងប៉ុន្មានថ្ងៃមុននេះនៅក្នុងខេត្តដាឡាក់ (Dak Lak) ប្រទេសវៀតណាម និងចាត់ទុកការវាយប្រហារដោយក្រុមប្រដាប់អាវុធខុសច្បាប់ ទៅលើស្នាក់ការប៉ូលិសនៅក្នុងឃុំ Ea Tieu និង Ea Ktur ជាអំពើភេរវកម្ម ដែលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពរបស់ប្រទេសជិតខាងជាមិត្ត។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ក្នុងស្មារតីប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការគោរពអធិបតេយ្យ និងគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងនឹងប្រទេសជិតខាងជាមិត្តនោះ កម្ពុជាបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងកម្លាំងប្រដាប់អាវុធវៀតណាម ក្នុងការទប់ស្កាត់មិនឱ្យអំពើខុសច្បាប់បែបនេះកើតឡើងជាថ្មីឡើយ»។
ជាមួយនេះ បន្ទាប់ពីព្រឹត្តិការណ៍ហិង្សានេះកម្ពុជាក៏ទទួលបានព័ត៌មានពីអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយនឹងវៀតណាម ពោលគឺខេត្តរតនគិរី និងខេត្តមណ្ឌលគិរីថា មានយន្តហោះគ្មានមនុស្សបើក ហោះចូលដែនអាកាសកម្ពុជា ជាញឹកញាប់ ចាប់ពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣។
ក្រសួងការបរទេសបន្តថា ទង្វើរបស់ក្រុមមិនស្គាល់អត្តសញ្ញាណនេះ ជាការរំលោភបំពានយ៉ាងគឃ្លើន និងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ «ក្រសួង រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់សិទ្ធិការពារខ្លួន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងសមស្របខាងផ្នែកយោធា ដើម្បីរារាំងការហោះចូល ដោយយន្តហោះគ្មានមនុស្សបើកបរនោះសាជាថ្មីចូលមកក្នុងដែនអាកាសរបស់កម្ពុជា។ ក្នុងករណីរកឃើញប្រភពពិតនៃយន្តហោះគ្មានមនុស្សបើកបរទាំងនោះ រាជរដ្ឋាភិបាលកម្ពុជា នឹងមានវិធានការបន្តខាងផ្លូវច្បាប់ និងការទូត ដើម្បីប្តឹងតវ៉ានឹងការឈ្លានពាននេះមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា កម្ពុជាជារដ្ឋអធិបតេយ្យ ដូច្នេះការរំលោភឈ្លានពានណាមួយ មកលើព្រំដែនកម្ពុជា ទោះបីជាព្រំដែនទឹក ឬគោកក្តី ឬអាកាសក្តី គឺកម្ពុជាមានសិទ្ធិក្នុងការចាត់វិធានការចាំបាច់នានាសម្រាប់ការពារអធិបតេយ្យរបស់ខ្លួន។
លោកថ្លែងថា ៖ «យើងឃើញថា ករណីដ្រូននេះ គឺប្រទេសជិតខាងរបស់យើងបានបដិសេធថា មិនមានការពាក់ព័ន្ធទេ អ៊ីចឹងយើងចាំបាច់ត្រូវមានវិធានការសមស្របណាមួយដើម្បីដោះស្រាយ ឬដើម្បីកម្ទេចដ្រូននេះ ហើយមួយទៀតក្នុងករណីការរំលោភបំពានអធិបតេយ្យនេះនៅតែមាន ហើយមិនមានអ្នកចេញមកទទួលខុសត្រូវ គឺកម្ពុជាចាំបាច់ត្រូវតែជូនដំណឹងទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ទៅប្រធានអាស៊ាន ដើម្បីជាការផ្ញើសារ និងជាការផ្តល់ព័ត៌មាន»។
លោក គិន ភា បន្តថា៖ «ការធ្វើដូចនេះគឺដើម្បីកុំឱ្យមានការយល់ច្រឡំណាមួយ នៅពេលដែលកម្ពុជា ធ្វើប្រតិបត្តិការប្រដាប់អាវុធណាមួយទៅលើយន្តហោះដោយគ្មានមនុស្សបើក ឬដ្រូននេះ ព្រោះវាស្ថិតនៅក្នុងតំបន់ព្រំដែន ក្រែងលោវាបង្កើតជារឿងមួយដោយការយល់ច្រឡំរវាងប្រទេសនៅជាប់ព្រំដែនយើងនេះ»។
សូមរំឭកថា កាលពីថ្ងៃទី ២៧ ខែមិថុនា លោក ហ៊ុន សែន បានចេញបទបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ ជាពិសេសអង្គភាពប្រឆាំងភេរវកម្ម ត្រៀមខ្លួន និងអាវុធសម្រាប់បាញ់ទម្លាក់ដ្រូន ដែលហោះចូលទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែនវៀតណាមបន្ទាប់ពីមានដ្រូនជាច្រើនគ្រឿងបានហោះចូលទឹកដីកម្ពុជាជាបន្តបន្ទាប់ នៅក្នុងតំបន់ព្រំដែននៃខេត្តរតនគិរី ហើយភាគីវៀតណាមក៏បានបដិសេធថា មិនមែនជាដ្រូនរបស់ខ្លួនទេ។
ជាមួយគ្នានោះ លោកក៏បានប្រកាសឱ្យកងទ័ពរបស់កម្ពុជាប្រើយុទ្ធសាស្ត្រដាក់សំណាញ់មេឃធ្វើការបាញ់កម្ទេចដ្រូនពីខាងក្រោម និងប្រកាសផ្តល់ថវិកាចំនួន ២០ ម៉ឺនដុល្លារអាមេរិក ទៅដល់កម្លាំងអង្គភាពណាដែលបាញ់ធ្លាក់ដ្រូន ១ គ្រឿងផងដែរ ដើម្បីលោកចង់ដឹងថាដ្រូននេះចេញមកពីប្រភពណាពិតប្រាកដ៕