កំពង់ស្ពឺៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ជំរុញឱ្យធ្វើការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាលជាតិ ភូមិភាគទាំងអស់ ឱ្យស្របតាមស្តង់ដាគុណភាព និងការជឿទុកចិត្តទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ការជំរុញនេះ ធ្វើឡើងក្នុងពេលលោកអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងសម្ពោធសមិទ្ធផលនានា នៅសាលានគរបាលជាតិភូមិភាគ ៣ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣។ នេះបើតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ។
នាពិធីនោះលោក ស ខេង បានបង្ហាញការចាប់អារម្មណ៍ប្រកបដោយមោទនភាពយ៉ាងខ្លាំងអំពីការវិវឌ្ឍន៍រីកចម្រើនរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹង និងហេដ្ឋារចនាសម្ព័ន្ធទន់។
លោកបន្តថា ក្នុងពេលកន្លងមកថ្មីៗនេះសមិទ្ធផលនានានៅបណ្ឌិត្យសភា និងសាលានគរបាលជាតិភូមិភាគមួយចំនួន ពិនិត្យឃើញថា មូលដ្ឋានសម្ភាររូបវន្តដែលត្រូវបានកសាងក្នុងដំណាក់កាលនេះ ពិតជាអាចឆ្លើយតបបានភាគច្រើន ទៅនឹងតម្រូវការជាក់ស្តែង នៃការបណ្តុះបណ្តាលប្រកបដោយគុណភាព។
លោកបានចាត់ទុកស្នាដៃទាំងនេះថា បានកើតឡើងស្របពេលដែលកម្ពុជា កំពុងមានស្ថិរភាព និងវឌ្ឍនភាពជាតិលើគ្រប់វិស័យ ហើយប្រជាពលរដ្ឋរស់នៅក្នុងភាពសម្បូររុងរឿង ប្រកបដោយភាពសុខដុមរមនា ក្រោមដំបូលសន្តិភាពពេញលេញ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង ៥០០ ឆ្នាំចុងក្រោយនេះ។
លោកបានគូសបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ជូនថា អ្វីៗដែលយើងខិតខំធ្វើក្នុងអតីតកាល បានឱ្យផលនាពេលបច្ចុប្បន្ននេះ ហើយអ្វីៗដែលយើងខិតខំធ្វើនាពេលបច្ចុប្បន្ននឹងឱ្យផលទៅថ្ងៃអនាគត។ ឧទាហរណ៍ជាក់ស្តែងក្មួយៗខិតខំសិក្សារៀនសូត្រហ្វឹកហាត់នាពេលកន្លងមក ក្មួយៗទទួលបានជោគជ័យនាពេលនេះហើយបន្ទាប់ពីនេះ ក្មួយៗត្រូវព្យាយាមបន្តសិក្សារៀនសូត្រដកស្រង់ បទពិសោធន៍ការងារ និងយកចិត្តទុកដាក់លើភារកិច្ចទទួលខុសត្រូវ នោះក្មួយៗនឹងទទួលបានជោគជ័យបន្ថែមទៀត ក្នុងជីវិតការងារនាពេលអនាគត»។
ក្នុងក្របខណ្ឌនៃការបណ្ដុះបណ្ដាលនគរបាលជាតិ លោក ស ខេង ថ្លែងថា ក្រសួងមហាផ្ទៃ បានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលក្នុងប្រទេស ដូច្នេះក្រសួងបានជំរុញការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិ ភូមិភាគទាំងអស់ ឱ្យស្របតាមស្តង់ដាគុណភាព មានកិត្យានុភាព ឧត្ដមភាព និងការជឿទុកចិត្តទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។
លោកបន្ថែមថា៖ «ពីព្រោះធនធានមនុស្សដែលទទួលបានពីការបណ្តុះបណ្តាលត្រឹមត្រូវ គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ព្រោះគ្រឹះស្ថានបណ្តុះបណ្តាលបានដើរតួនាទីយ៉ាងសំខាន់ជារោងចក្រកែច្នៃមនុស្ស ឱ្យមានតម្លៃ និងមានប្រយោជន៍ដល់សង្គមជាតិទាំងមូល»។
ទាក់ទងនឹងការបណ្តុះបណ្តាលវគ្គកម្រិតបឋមវិជ្ជាជីវៈនគរបាល លោកបញ្ជាក់ថា «ក្មួយៗ ទាំងអស់គឺជាឈាមថ្មី ដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃបានជ្រើសរើសយកមកចាក់បញ្ចូល ក្នុងរដ្ឋបាលសាធារណៈ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ។ ហេតុនេះ ចាំបាច់ណាស់ដែលទាមទារឱ្យឈាមថ្មីនេះជាឈាមដែលមានគុណភាពល្អ ដើម្បីបំពេញតួនាទីជាមន្ត្រីនគរបាលបន្តវេន ប្រកបដោយលក្ខណសម្បត្តិសមស្រប និងមានការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ»។
ទន្ទឹមនោះដែរ លោកបានណែនាំណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគទាំងអស់ ត្រូវបន្តអនុវត្តភារកិច្ចទទួលខុសត្រូវ ផែនការ គោលការណ៍នានា និងកម្មវិធីកំណែទម្រង់របស់ខ្លួន ឱ្យទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ព្រមទាំងផ្តោតការយកចិត្តទុកដាក់លើការងារពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសមាហរណកម្មខ្លួនទៅក្នុងក្របខណ្ឌអាស៊ាន តំបន់ និងពិភពលោកឱ្យបានពេញលេញ ព្រមទាំងមានឧត្តមភាពអាចប្រៀបធៀបបានក្នុងក្របខ័ណ្ឌអន្តរជាតិ។
ក្នុងឱកាសនោះដែរ លោក វៀក សុភាព នាយកសាលានគរបាលជាតិភូមិភាគ ៣ ថ្លែងថា ដំណើរការបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈ ជំនាន់ទី ១៧ លើកទី ១ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នាឱកាសនេះ មានចំនួន ១៨៣ នាក់។ នគរបាលទាំងនេះ បានបញ្ជូនមកពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កំពត ព្រះសីហនុ និងខេត្តតាកែវ។ ចំណែកសមិទ្ធផលសម្ពោធនាថ្ងៃនោះវិញរួមមានឡដុតសំរាម ផ្លូវបេតុង ប្រព័ន្ធរំដោះទឹក អគារស្នាក់នៅអគារសិក្សា ទីកន្លែងសម្រាប់ទទួលភ្ញៀវ រួមនឹងគ្រឿងបរិក្ខាផ្សេងៗជាច្រើនទៀត៕