ភ្នំពេញៈ នា​សម័យប្រជុំ​លើក​ទី​១០ នីតិកាល​ទី​៤ កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យយោបល់​ដោយបាន​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នា​ត​ទាំងមូល រួម​នឹង​សេចក្តីព្រាងច្បាប់​ចំនួន​ ៦ ផ្សេងទៀត ដោយ​ឥត​កែប្រែ​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​ការបន្ត​សម័យប្រជុំ​លើក​ទី​១០ ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធ​សភា បាន​លើកឡើងថា ព្រឹទ្ធសភា​បាន​បន្ត​សម័យប្រជុំ​ក្រោម​អធិបតីភាព​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​មាន​វត្តមាន​សមាជិក​ព្រឹទ្ធសភា ចំនួន ៥៩ ​រូប​ផងដែរ​។

​លោក​ថា កិច្ច​ប្រជុំបាន​ពិនិត្យ ហើយ​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្ដីពី​វិ​សោធ​ន​កម្ម​ច្បាប់បោះឆ្នោត ដែល​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​មាន​គោលបំណង​ដើម្បី​លើកស្ទួយ​គុណ​តម្លៃ​នៃ​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ​សេរី​ពហុបក្ស ព្រមទាំង​ដើម្បី​ពង្រឹង និង​លើកកម្ពស់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផងដែរ​។​

​លោក អ៊ុំ សារិទ្ធ បាន​បន្តថា ជាពិសេស​ដើម្បីឱ្យ​អនាគត​អ្នកដឹកនាំ​នយោបាយ ដែលមាន​បំណង​ចង់​ឈរឈ្មោះ​ឱ្យគេ​បោះ​​ឆ្នោត តាមបែប​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ទាំង​នៅ​ថ្នាក់ជាតិ និង​ទាំង​នៅ​ថ្នាក់ក្រោម​ជាតិ មានការ​ទទួលខុសត្រូវ ក្នុងនាម​ជា​ពលរដ្ឋ​ល្អ​ចំពោះ​ជាតិ និង​ប្រជាជន ដោយ​ចាប់ផ្តើម​ពី​ការអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​សិទ្ធិ​បោះឆ្នោត ដែលជា​ករណីយកិច្ចរ​បស់ ប្រជាពលរដ្ឋ​គ្រប់រូប​ចំពោះ​ប្រទេសជាតិ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ធានា​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែលមាន​សមត្ថកិច្ច​រៀប​ចំ ចាត់ចែង និង​គ្រប់គ្រង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​,​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​, ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​/​ក្រុង​/​ស្រុក​/​ខណ្ឌ ពង្រឹង​ដំណើរការ​នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ពង្រឹង​នីតិរដ្ឋ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​និរន្តរភាព​»​។​

​សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នា​ត​នេះ បាន​តាក់​តែង​ឡើង​មាន​ ៨ ​មាត្រា និង​ត្រូវបាន​រដ្ឋសភា សម្រេច​អនុម័ត​យល់ព្រម​ចំនួន​ ១១១​ សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំង​​មូល នៅ​ថ្ងៃទី ​២៣ ខែមិថុនា ឆ្នាំ​ ២០២៣​។​ក្នុង​កិច្ចប្រជុំ​នោះដែរ មានការ​ចូលរួម​ពី​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដែល ជា​តំណាង​លោក ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​តំណាង​រាជរដ្ឋាភិបាល​ការពារ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត ព្រមទាំង​គណៈប្រតិភូ​ពី​ក្រសួង​មហាផ្ទៃ និង​ក្រសួងយុត្តិធម៌​ផងដែរ​។​

​យោងតាម​សេចក្តីថ្លែងការណ៍​គណបក្ស​ភ្លើងទៀន កាលពី​ថ្ងៃទី​ ២៨ ខែមិថុនា បាន​លើកឡើងថា ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ដោយ​ប្រ​ញ​ប់​ប្រញាល់ និង​ដោយ​គ្មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់ ពី​ភាគី​ពាក់ព័ន្ធ អាច​បង្ក​ផលវិបាក និង​ផលប៉ះពាល់​ផ្សេងៗ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​ប្រភព​ដដែល​ថា ពិសេស​អាចធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​នឹងត្រូវ​បាត់បង់​ឱកាស​ក្នុងការ​ឈរឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​ ៦ ឆ្នាំ​ ២០២៧ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​ ៨ ឆ្នាំ​ ២០២៨​។​

​គណបក្ស​ភ្លើងទៀន ក៏បាន​អំពាវនាវ​ដល់​ស្ថាប័ន​នីតិប្បញ្ញត្តិ ពិនិត្យ ពិចារណា ចៀស​​វាង ការអនុម័ត​លើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត ដែល​មិន​ស្រប​នឹង​ស្មារតី​នៃ​កតិកាសញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ កិច្ចព្រមព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស ២៣ ​តុលា ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា ព្រមទាំង​មិន​ឆ្លុះបញ្ចាំង និង​មិន​ស្រប​ផលប្រយោជន៍​ទូទៅ​របស់​ប្រជាពលរដ្ឋ​។​

​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាស​ឱ្យដឹង​ផងដែរ នៅ​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ​ ២០២៣​ ថា តំណាង​រាជ​រដ្ឋា​ភិ​​បាល​នឹង​ចូល​បំភ្លឺ​ជូន​ក្រុមប្រឹក្សាធម្មនុញ្ញ លើ​អត្ថបទ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត ដែល​រដ្ឋសភា​បានអនុម័ត​កាល​ពីថ្ងៃ​ទី​ ២៣ ខែមិថុនា និង​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​ទម្រង់ និង​គតិ​ច្បាប់​ដោយ​ឥត​ក្រែ​ប្រែ​ផងដែរ​។​

​ទាក់ទង​នឹង​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត​នេះដែរ ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​ ២៨ ខែមិថុនា បានធ្វើការ​បញ្ជាក់​ឱ្យដឹង​ផងដែរ​ថា ការធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត គឺ​សំដៅ​ទប់​ស្កាត់​សកម្មភាព​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ​បោះឆ្នោត របស់​ប្រជាពលរដ្ឋ ឬ​ការធ្វើសកម្មភាព​ខូច​ដល់​កិច្ចដំណើរការ​នៃ​ការ​បោះឆ្នោត និង​បំភិតបំភ័យ អុជអាល ញុះញង់ ប្រជាពលរដ្ឋ​កុំឱ្យ​ទៅ​បោះឆ្នោត​។​ក្រសួង​លើកឡើង​ដូចនេះ​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​អំពី​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត និង​ជាការ​ឆ្លើយតប​ទៅនឹង​ការប្រកាស​របស់​គណ​បក្ស​ភ្លើងទៀន​ដែល​បាន​លើកឡើងថា ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​នេះ គឺជា​ការកាត់បន្ថយ​សិទ្ធិ និង​ជាការ​រឹតត្បិត​ឱកាស​នៃ​ការ​ឈរឈ្មោះ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ក្នុង​រយៈ​ពេល​ជាង​ ៣​ ទសវត្សរ៍​កន្លងមក កម្ពុជា​តែង​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ដោយ​ប្រកាន់យក​រប​បន​យោ​​បាយ​តាមបែប «​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​» ដែល​ស្តែងចេញ​តាមរយៈ​ដំណើរការ​ជា​ទៀងទាត់​នូវ​ការបោះឆ្នោត​ទាំង​សកល និង​អសកល សរុប​ចំនួន ១៨​ លើក​។

​ប្រភព​ដដែល​បាន​បន្តថា ក្នុង​ស្មារតី​បន្ត​លើក​ស្ទួយគុណ​តម្លៃ​នៃ​លទ្ធិ​ប្រជា​ធិ​ប​​តេ​យ្យ​សេរី​ពហុបក្ស រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តួចផ្តើម​រៀបចំ «​សេចក្ដីព្រាងច្បាប់​វិសោធនកម្ម​ច្បាប់បោះឆ្នោត​»​នេះ​។ សេចក្តីព្រាងច្បាប់​នេះ មិនបាន​ធ្វើឱ្យប៉ះពាល់​ដ​ល់​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​នោះទេ ដោយ​ការ​ទៅ​បោះឆ្នោត ឬ​ការមិន​ទៅ​បោះឆ្នោត នៅតែ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ត្រូវបាន​ធានា ដោយ​រដ្ឋធម្មនុញ្ញ និង​ក៏​ពុំមែន​ជា​កាតព្វកិច្ច ដូច​បានកំណត់​នៅតាម​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​សេរី មួយចំនួន​ដែរ​។ សេចក្តីព្រាងច្បាប់​នេះ ពង្រឹង និង​លើកកម្ពស់​ការទទួលខុសត្រូវ របស់​ប្រជាពលរដ្ឋ​ចំពោះ​ជាតិ​៕