កោះកុងៈ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) សហការជាមួយរដ្ឋបាលជលផល និងសាកលវិទ្យាល័យរដ្ឋមីស៊ីស៊ីពីបានផ្តល់សិក្ខាសាលាចំនួន៣ពីការគ្រប់គ្រងធនធានជលផល ដល់គណៈកម្មការសហគមន៍នេសាទចំនួន ៥ នៅតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងស្រុកស្រែអំបិល។
យោងតាមអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS)នាថ្ងៃទី២៩ខែមិថុនាបានឱ្យដឹងថា សិក្ខាសាលាដែលផ្តោតលើយុទ្ធសាស្ត្រអនាគតក្នុងការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាពនេះមានសិក្ខាកាមចូលរួមចំនួន៥៤នាក់។ ក្នុងនោះស្ត្រីចំនួន១៤នាក់ មកពីសហគមន៍នេសាទទាំង៥។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីកសាងសមត្ថភាព និងផ្ទេរចំណេះដឹងទាក់ទងនឹងប្រព័ន្ធផ្ទុកទិន្នន័យធនធានជលផលតាមប្រព័ន្ធអ៊ីនធឺណិត ដែលទិន្នន័យទាំងអស់ត្រូវបានកត់ត្រារយៈពេល២ឆ្នាំដោយសមាជិកសហគមន៍នេសាទផ្ទាល់ ដោយប្រើប្រាស់ការស្រាវជ្រាវធនធានជលផលបែបប្រជាសាស្ត្រដែលមានការចូលរួមផ្ទាល់ពីប្រជានេសាទក្នុងតំបន់។
សិក្ខាសាលានេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពរបស់គណៈកម្មការសហគមន៍នេសាទក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យធនធានជលផលនេះ សម្រាប់ធ្វើផែនការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាពនាពេលអនាគត។ កម្មវិធីសិក្សានៃការស្រាវជ្រាវធនធានជលផលនេះត្រូវបានឧបត្ថម្ភថវិកាដោយUSAID-Feed the Future, Fish Innovation Lab and Mississippi State University៕