លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញការជឿជាក់ថា ប្រជាពលរដ្ឋនឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះដើម្បីឱ្យរូបលោកដឹកនាំប្រទេសជាតិបន្តទៀត ដែលនាំមកនូវការអភិវឌ្ឍ សន្តិភាព និងសាមគ្គីភាព។
ការបង្ហាញជំនឿនេះ ធ្វើឡើងក្នុងឱកាសលោក ហ៊ុន សែន ថ្លែងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ និងរំឭកខួបលើកទី ៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណជាង ៧ ម៉ឺននាក់ ជួបជុំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
នាឱកាសនេះ លោកបានចាត់ទុកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គឺជាព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រមួយដែលមានសារៈសំខាន់ជាទីបំផុតចំពោះជាតិ។ ការសម្រេចចិត្តខាងនយោបាយរបស់ប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតនេះ ដើម្បីជ្រើសរើសយកគណបក្សណាមួយឱ្យបន្តដឹកនាំប្រទេស គឺមានលក្ខណៈកំណត់ចំពោះជោគវាសនាអនាគតរបស់ជាតិ និងប្រជាជនផ្ទាល់។
លោកថ្លែងថា៖«ខ្ញុំព្រះករុណា ខ្ញុំមានជំនឿថា បងប្អូនជនរួមជាតិដែលបានមើលឃើញជាក់ស្ដែងរួចហើយនូវការរីកចម្រើនរបស់ប្រទេសកម្ពុជានៅក្នុងសុខសន្តិភាព ឯករាជ្យ ឯកភាព អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញបច្ចុប្បន្ននេះ នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងខ្ញុំព្រះករុណាខ្ញុំ ឱ្យដឹកនាំប្រទេសជាតិសម្រាប់នីតិកាលទី៧ ជាបន្តទៀត»។
ជាមួយគ្នានេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានប្រកាស និងសុំការគាំទ្រពីជនរួមជាតិនូវ “កម្មវិធីនយោបាយសម្រាប់ការ កសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨” ដើម្បីធានាការការពារសន្តិភាព និងនិរន្តរជាតិលើមាគ៌ានៃការ អភិវឌ្ឍ និងការលើកស្ទួយជីវភាពប្រជាជនឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
លោកបន្ថែមថា លើមូលដ្ឋានកម្មវិធីនយោបាយនេះ គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវគោលជំហរជាយុទ្ធសាស្ត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ តាមប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស បែបសភានិយមឱ្យស្ថិតស្ថេរជានិរន្តរ៍ ព្រមទាំងពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឱ្យចាក់គ្រឹះរឹងមាំក្នុងសង្គមជាតិ ដោយដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋ រួមជាមួយនឹងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស។
លោកបន្ថែមទៀតថា ជាមួយគ្នានេះ គណបក្សនឹងពង្រឹងឯកភាពជាតិ និងប្តេជ្ញាទប់ស្កាត់ និងកម្ចាត់គ្រប់ទម្រង់នៃនយោបាយ និងសកម្មភាពជ្រុលនិយម បង្កឡើងដោយបុគ្គល ឬក្រុមបុគ្គល ឬអង្គការចាត់តាំងនយោបាយណាមួយ ឬមជ្ឈដ្ឋានអមិត្តណាមួយដែលព្យាយាមញុះញង់បង្កការបែកបាក់ជាតិ បង្កើតភាពវឹកវរសង្គម បំផ្លាញសុខសន្តិភាព បង្កអស្ថិរភាពនយោបាយនៅកម្ពុជាតាមបែបឧទ្ទាម ដែលផ្ទុយទាំងស្រុងពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងរំលោភបំពានលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
លោកបញ្ជាក់ទៀតថា គណបក្សក៏នឹងបន្តជ្រោងទង់មហាសាមគ្គីជាតិនៅក្រោមដំបូលរដ្ឋធម្មនុញ្ញនៃកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ សំដៅបង្រួបបង្រួមប្រមូលកម្លាំងប្រជាជាតិខ្មែរទាំងមូលដោយឥតប្រកាន់ពូជសាសន៍, ពណ៌សម្បុរ, វ័យ, ភេទ, ភាសា, ជំនឿសាសនា, និន្នាការនយោបាយ, អតីតកាល, ដើមកំណើតជាតិ, ឋានៈសង្គម, ធនធាន ឬស្ថានភាពឯទៀត ដើម្បីថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលសង្គមជាតិ ព្រមទាំងរួមសាមគ្គីគ្នាបន្តកសាង និងការពារមាតុភូមិឆ្ពោះទៅរកអនាគតដ៏រុងរឿង។
លោកបន្តថា គណបក្សនឹងបន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ ការពារអធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅគ្រប់រូបភាព កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងកម្ពុជាជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
បើតាម លោក ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា បានអនុម័តការគាំទ្ររូបលោក ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងគាំទ្រលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បង ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ អនុវត្តសេចក្តីសម្រេចនេះ លោកបានសន្យាជាឱឡារិកថា បើគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតលើកនេះ រូបលោកនឹងឈរយ៉ាងរឹងមាំលើគោលជំហរជាយុទ្ធសាស្ត្រខាងលើនេះ និងដឹកនាំអនុវត្តឱ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បា្រប់ឱ្យដឹងនៅថ្ងៃទី១ ខែកក្កដានេះថា ការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជាចាប់តាំងពីការបោះឆ្នោត អាណត្តិទី១ នៃនីតិកាលទី ១ ក្នុងឆ្នាំ ១៩៩៣ រហូតមក គណបក្សនេះ បានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព និងនាំមកនូវការអភិវឌ្ឍដូចបច្ចុប្បន្ន។
លោកបន្តថា ឈរលើមូលដ្ឋាននេះ គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខគណបក្សបានគូសវាសតម្រាយផ្លូវច្បាស់លាស់ទៅលើការដឹកនាំប្រទេស។ លោកបន្តថា ដូច្នេះ សម្រាប់ការបោះឆ្នោតលើកនេះ គណបក្សប្រជាជនកម្ពុជា បានប្រមើលរួចជាស្រេចនូវកម្មវិធីនយោបាយ និងគោលនយោបាយ ក្នុងការដឹកនាំប្រទេស ហើយនឹងទទួលបានការគំាពីប្រជាពលរដ្ឋ។
លោកថ្លែងថា៖«តាមប្រសាសន៍របស់សម្តេច ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា នឹងឈ្នះការដឹកនាំប្រទេស ហើយ ដូចខ្ញុំបានលើកឡើង គណបក្សនេះបានគូសវាសនូវកម្មវិធីនយោបាយរួចជាសម្រេច អ៊ីចឹង!គ្មានអ្វីរារែកនោះទេ»៕