ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសហការបើកវគ្គបណ្តុះបណ្តាលសារព័ត៌មានស្តីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន» រយៈពេល ២ថ្ងៃ គឺថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៣ នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានឱ្យដឹងនាថ្ងៃទី ៣០ ខែមិថុនាថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាននូវចំណេះដឹងបន្ថែមអំពីការប្រើប្រាស់កម្មវិធីថត កាត់តវីដេអូតាមទូរស័ព្ទដៃ ការ Edit រូបថត ដាក់ក្រេឌីតលើរូបថតដោយប្រើទូរស័ព្ទដៃ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ( Messenger, Telegram, Whatsapp ) ជាដើម។
ពិធីបើកវគ្គបណ្តុះបណ្តាលនាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៣ នេះ មានការអញ្ជើញចូលជាអធិបតីភាពពីលោក លីវ សុផាណារិទ្ធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងរបស់លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកសេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និង អ្នកសារព័ត៌មានដែលជាសិក្ខាកាមចំនួន ៣៤នាក់ មកពី ២៦ស្ថាប័ន៕