ភ្នំពេញៈលោក ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង ទទួលបន្ទុកសេវាច្បាប់ និងបច្ចេកទេសនៃក្រុមប្រឹក្សធម្មនុញ្ញបានប្រាប់ឱ្យដឹងថា លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកសម័យប្រជុំពេញអង្គនៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីពិនិត្យលើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ។
លោកបានប្រាប់ឱ្យដឹងដូចនេះ នៅថ្ងៃទី២ ខែកក្កដា បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី៣០ ខែមិថុនា បានហៅតំណាងរាជរដ្ឋាភិបាលមកបំភ្លឺលើអត្ថបទច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ក្រោយពីក្រុមប្រឹក្សាធម្មនុញ្ញបានទទួលសំណើរបស់លោកហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាព ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
លោក ព្រហ្ម វិចិត្រអក្ខរា បានលើកឡើងថា ការអញ្ជើញភាគីពាក់ព័ន្ធមកបំភ្លឺនេះ គឺយោងតាមបទប្បញ្ញត្តិនៃមាត្រា២១ នៃច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលចែងពីសំណូមពរ ក្នុងករណីចាំបាច់ ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិក្នុងការស្នើសុំការបំភ្លឺ ឬការផ្ដល់ឯកសារពីក្រសួង ស្ថាប័នពាក់ព័ន្ធ។
លោកមានប្រសាសន៍ថា ៖ «ការអញ្ជើញតំណាងរាជរដ្ឋាភិបាល មកបំភ្លឺកាលពីថ្ងៃទី៣០ កន្លងមកនេះ ជានីតិវិធីដែលក្រុមប្រឹក្សាធម្មនុញ្ញបានកត់ត្រា និងយកទៅពិនិត្យពិភាក្សានៅថ្ងៃប្រជុំពេញអង្គ ហើយខ្ញុំអត់ទាន់មានចម្លើយជូនទេ ដោយចាំថ្ងៃស្អែក។ អ៊ីចឹង!រាល់ការបញ្ជាក់បន្ថែមពីតំណាងរាជរដ្ឋាភិបាល នឹងយកមកពិនិត្យនៅថ្ងៃប្រជុំពេញអង្គនៅថ្ងៃស្អែក(៣ កក្កដា)នេះ»។
បើតាមលោកព្រហ្ម វិចិត្រអក្ខរា យោងតាមច្បាប់ ក្រុមប្រឹក្សាធម្មនុញ្ញដែលមានសមាជិកទាំង៩រូប នឹងត្រូវពិនិត្យគ្រប់ទិដ្ឋភាពច្បាប់ និងការបំភ្លឺរបស់តំណាងរាជរដ្ឋាភិបាលបញ្ចូលគ្នា និងឯកសារពាក់ព័ន្ធផ្សេងៗទៀត នៅក្នុងពេលសម័យប្រជុំពេញអង្គរបស់ខ្លួនទើបធ្វើការសម្រេចបែបណាមួយ។
លោក អ៊ឹម ឈុនលឹម កាលពីថ្ងៃទី៣០ មិថុនា បានជួបតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកសក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ មកបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញ លើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមិថុនា ព្រឹទ្ធសភាកម្ពុជា បានអនុម័តទាំងស្រុង លើសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត ខណៈវិសោធនកម្មច្បាប់បោះឆ្នោតនេះ ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។
បើយោងតាមការអះអាងរបស់តំណាងរាជរដ្ឋាភិបាល គោលបំណងនៃការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានធ្វើឡើងដើម្បីកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» សំដៅលើការលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា និងលើកកម្ពស់ ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ ដែលត្រូវជ្រើសរើសតាមរយៈ ការបោះឆ្នោតតាម បែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។
បើតាមខ្លឹមសារសេចក្តីព្រាងច្បាប់នេះមាត្រា២៣ថ្មី បានចែងថា ៖ «ពលរដ្ឋខ្មែរដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោត ជ្រើសតាំងជាតំណាងរាស្ត្រ ត្រូវមានសញ្ជាតិជាខ្មែរពីកំណើត មានអាយុ២៥ឆ្នាំឡើងទៅ មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានលំនៅឋានក្នុងប្រទេសកម្ពុជា មានការតែងតាំងពីគណបក្សនយោបាយ ហើយអ្វីដែលចាំបាច់ទៀតនោះ គឺត្រូវអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសកលចំនួន២លើកចុងក្រោយ»។
រីឯមាត្រា១៤២ថ្មី បានចែងអំពីការផាកពិន័យចំនួន៥លានរៀលទៅ២០លានរៀល ចំពោះបុគ្គល ដែលរារាំងពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬបំផ្លាញដល់ការបោះឆ្នោតទាំងមូល និងធ្វើឱ្យការបោះឆ្នោតទាំងមូលបាត់បង់ទំនុកចិត្ត។ សម្រាប់មាត្រានេះ បុគ្គលដែលបានប្រព្រឹត្តសកម្មភាពបែបនោះ នឹងត្រូវ គ.ជ.ប លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬដកសិទ្ធិមិនឱ្យពលរដ្ឋបោះឆ្នោតឱ្យ យ៉ាងតិច៥ឆ្នាំ។
ចំណែកឯមាត្រា១៤៣ថ្មី វិញ គឺ ចែងអំពីការលុបបេក្ខភាពឈរឈ្មោះរបស់គណបក្សនយោបាយ និងត្រូវផាកពិន័យពី១០លានទៅ៣០លានរៀល ចំពោះសកម្មភាពទាំងឡាយដែលរារាំងដល់ដំណើរការបោះឆ្នោត ដូចមានចែងក្នុងមាត្រា១៤២ថ្មី។ ម្យ៉ាងវិញទៀត គណបក្សនយោបាយដែលប្រព្រឹត្តសកម្មភាពបែបនោះ ក៏នឹងត្រូវដកសិទ្ធិចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចំនួន៥ឆ្នាំយ៉ាងតិចដូចគ្នា៕