ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនាចុងខែមិថុនាកន្លងទៅថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (BEEP )ដែលជាផ្នែកមួយនៃកម្មវិធីការងារ និងមុខរបរសមរម្យ សម្រាប់យុវជននៅកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលពង្រីកវិសាលភាព ដើម្បីសម្រេចបាននូវការផ្សព្វផ្សាយទូទាំងប្រទេស និងឈានដល់ក្រុមគោលដៅថ្មីនៃអ្នកទទួលផល។
ក្រសួងអប់រំបានបង្ហាញថា ដើម្បីឆ្លើយតបនឹងបញ្ហាការបោះបង់ការសិក្សា អង្គការយូណេស្កូ រួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ និងក្រសួងអប់រំ បានបើកដាក់ឱ្យដំណើរការកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប) ដើម្បីផ្ដល់ជាស្ពានដល់យុជនដែលបោះបង់ការសិក្សា ឱ្យចូលរៀនវគ្គបណ្ដុះបណ្តាលជំនាញ និងមានឱកាស ទទួលបានការងារសមរម្យ ដែលពួកគេអាចរួមចំណែកយ៉ាងមានអត្ថន័យ និងដើរតួនាទីក្នុងអនាគតនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ក្រសួងបញ្ជាក់ទៀតថា តាមរយៈកម្មវិធីប៊ីប យុវជនដែលនៅក្រៅសាលា ត្រូវបានផ្ដល់ឱកាស ដើម្បីសិក្សាមុខវិជ្ជាផ្សេងៗដូចជាសហគ្រិនភាព ជំនាញឌីជីថល ជំនាញនៅកន្លែងធ្វើការ និងជំនាញសតវត្សរ៍ទី២១ ដែលត្រៀមឱ្យពួកគេចូលសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញផ្លូវការ។ នៅពេលបញ្ចប់ការសិក្សាតាមកម្មវិធីប៊ីប អ្នកសិក្សានឹងទទួលបាន វិញ្ញាបនបត្រស្មើនឹងថ្នាក់ទី៩ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុជននិងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នៅក្នុងដំណើរទស្សនកិច្ចសិក្សាជំនាញ នៅខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ លោក ចឹក លីម អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដំណើរទស្សនកិច្ចសិក្សាជំនាញផ្តល់ឱកាសដ៏ល្អដល់អ្នកសិក្សាប៊ីបជាច្រើននៅក្នុងខេត្តបាត់ដំបង និងយុវជនដែលមកពីសហគមន៍ជនបទក្នុងខេត្តកំពង់ឆ្នាំង។
តាមរយៈក្រសួងអប់រំ លោកបានលើកឡើងថា៖ «វាជាកន្លែងដែលយុវជននៅក្រៅសាលាបង្កើតទំនុកចិត្តលើខ្លួនឯង និងស្វែងយល់ពីឱកាសអភិវឌ្ឍជំនាញរបស់ពួកគេ»។
លោក ចឹក លីម បានបន្តថា ការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ក្នុងដំណាក់កាលទី២នៃកម្មវិធីការងារនិងមុខរបរសមរម្យសម្រាប់យុវជននៅកម្ពុជា (DEY III) ប៊ីបគឺជាកម្មវិធីសមមូល តែ១គត់ក្នុងប្រទេសកម្ពុជាដែលត្រូវបានទទួលស្គាល់រួមគ្នាដោយក្រសួងអប់រំ និងក្រសួងការងារ។
ទាក់ទងនឹងកម្មវិធីនេះដែរ ក្រសួងការងារ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី «ការរៀបចំកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)»ជាមួយវិស័យឯកជន សហជីពកម្មករ សង្គមស៊ីវិល អង្គការដៃគូ និងតំណាងយុវជន ដើម្បីប្រមូលធាតុចូល ពីភាគីពាក់ព័ន្ធ ដើម្បីរៀបចំឯកសារកម្មវិធី (Project Document) នៃកម្មវិធីមុខរបរ និងការងារសមរម្យ សម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ ដែលនឹងត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៤ ដល់ខែធ្នូ ឆ្នាំ២០២៨។
នាឱកាសនោះ លោក សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) និងការអនុវត្តគម្រោងកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ទាំង ២ ដំណាក់កាលកន្លងមក ទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់។
លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជាអគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំនិងបណ្តុះបណ្តាល Westline Education Group បានប្រាប់ថ្លែងនៅថ្ងៃទី២ ខែកក្កដាថា រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍយុវជនជាអាទិភាពមួយ ដើម្បីកសាងធនធានមនុស្ស ដែលបំពាក់ដោយជំនាញបច្ចេកទេស និងវិជ្ជាជីវៈត្រឹមត្រូវ សម្រាប់បំពេញតម្រូវការទីផ្សារការងារដែលកំពុងវិវត្ត។
ទោះជាយ៉ាងណា លោកលើកឡើងថា តាមរបាយការណ៍របស់ក្រសួងអប់រំ អត្រាបោះបង់ការសិក្សាខ្ពស់ជាបន្តបន្ទាប់ ពិសេសនៅកម្រិតមធ្យមសិក្សាបឋមភូមិ មានន័យថា យុវជនមួយភាគធំ កំពុងស្ថិតនៅក្រៅប្រព័ន្ធអប់រំផ្លូវការ ហើយមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ចុះឈ្មោះចូលរៀនក្នុងការអប់រំបន្ថែម និងការអភិវឌ្ឍជំនាញនៅតាមវិទ្យាស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសនិង វិជ្ជាជីវៈ និង វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសទេ។
លោក ប៉ិច បូឡែន បញ្ជាក់ថា ៖ «ក្នុងនាមវិស័យអប់រំឯកជន យើងមើលឃើញថា កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចបានគោលដៅយុទ្ធសាស្ត្រនៃការធ្វើបរិវត្តកម្មប្រព័ន្ធTVET ប្រកបដោយគុណភាព»៕